ជ្រើស​​រើស​បុរស​សាមញ្ញ​ម្នាក់​ជា​គូ​ស្នេហ៍​​ មនុស្ស​​ស្រីនឹង​ទទួល​​បាន​គុណ​សម្បត្តិ​ ៥​​​​​​យ៉ាង​​​នេះ

  • 2018-08-01 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​មនុស្ស​ស្រី​​ទាំង​​អស់​មិន​មែន​សុទ្ធ​​តែ​មាន​គំនិត​ដូច​គ្នា​នោះ​​ទេ មាន​អ្នក​ខ្លះ​​ប៉ង​ចង់​បាន​មនុស្ស​ប្រុស​សង្ហា មាន​ចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់ ឬ​​មាន​របរ​ការងារ​ធំ​​ដុំ​ ក៏​ប៉ុន្តែ​​​​មនុស្ស​​ស្រី​ខ្លះ​វិញ​ សុំ​​ប្រាថ្នា​​​​ត្រឹម​បុរស​សាមញ្ញ​ម្នាក់​​​ដែល​អាច​​​យល់​ចិត្ត​ រស់​នៅ​​​ប្រកប​ដោយ​សុភមង្គល​គឺ​គ្រប់​​គ្រាន់​ណាស់​ទៅ​​ហើយ។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិន​បើ​​ស្រីៗ​​​ជ្រើស​រើស​បុរស​សាមញ្ញ​ម្នាក់​ជា​គូ​ស្នេហ៍​​ ដែល​​​មាន​​ឋានៈ​ប្រហាក់​ប្រហែល​ខ្លួន មិន​លេច​ធ្លោ​ខ្លាំង​ពេក​ នាង​​​​អាច​​​​នឹង​​​ទទួល​បាន​គុណ​សម្បត្តិ​​​​​​៥​យ៉ាង​​នេះ។

១. មិន​ខុស​​ឆ្ងាយ​ពី​ការ​​​រំពឹង​​ទុក

អ្វី​​ក៏​ដោយ​ឲ្យ​​តែ​មាន​ការ​ប៉ង​​​​ក្នុង​ចិត្ត​ខ្ពស់​​ជ្រុល​ពេក​ អ្នក​អា​ច​​​នឹង​ខក​បំណង​ខ្លាំង​ ​នៅ​ពេល​​​ដែល​​អ្វី​ៗ​​​​មិន​ដូច​​​ការ​រំពឹង​ទុក។ យ៉ាង​ណា​បើ​អ្នក​​មាន​​ក្តី​ប្រាថ្នា​សមរម្យ​ល្មម​ នោះ​​អ្នក​ក៏​​មិន​អាច​​​ខក​ចិត្ត​​​បាន​ដោយ​​ងាយៗ​ឡើយ។

២. លង់​ស្រលាញ់​បន្តិច​​​ម្តងៗ ​ហើយ​កាន់​តែ​ខ្លាំង​ឡើងៗ

​នៅ​ពេល​ដែល​អ្នក​​​លង់​ស្រលាញ់​នឹង​ភាព​សាមញ្ញ​​របស់​គាត់ អ្នក​នឹង​​ពេញ​ចិត្ត​​​នូវ​គ្រប់​យ៉ាង​ដែល​គាត់​មាន ព្រម​ទាំង​​​​មាន​​ចិត្ត​ស្រលាញ់​​​កាន់​តែ​ខ្លាំង​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ព្រោះ​អ្នក​មិន​មែន​ជា​មនុស្ស​​​ស្រី​ដែល​​វាយ​តម្លៃ​​​តែ​​សំបក​ក្រៅ ​​ឃើញ​​​​សង្ហា​ក៏​លង់​ភ្លាម​ឬ​​ឃើញ​មាន​ទ្រព្យ​​ច្រើន​ក៏​ចាប់​អារម្មណ៍​ភ្លែត​នោះ​​ទេ។ ការ​​លង់​ស្រលាញ់​បន្តិច​ម្តងៗ ប្រសើរ​ជាង​​ការ​ស្រលាញ់​ខ្លាំង​​​​​ពី​ដំបូង ដោយ​ផ្អែក​លើ​ទ្រព្យ​យស ដែល​​បាន​​តែ​មួយ​ឆាវ​ក៏​រលត់ ពេល​ជីវភាព​ប្រែប្រួល​ថយ​ចុះ​​ខុស​ពី​មុន។​

​​​​​​​​​​​៣.​ មិន​ស្រលាញ់​ងប់ងុល​ហួសហេតុ

ប្រសិន​បើ​មនុស្ស​​ស្រី​​ស្រលាញ់​ដៃ​គូ​​ងប់ងុល​​ខ្លាំង​ពេក វា​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​មិន​​ឃើញ​​នូវ​កំហុស​​​​ដែល​គាត់​មាន​ ហើយ​​​កំហុស​ទាំង​នោះ​​អាច​បង្ក​ជា​បញ្ហា​ធំ​ទៅ​ថ្ងៃ​​មុខ ​ដែល​អ្នក​​នឹក​ស្មាន​មិន​ដល់។ ហេតុនេះ​ហើយ​ ការ​ស្រលាញ់​​​​គ្នា​ធម្មតាៗ​​និង​​ចេះ​ទទួល​យក​​ការពិត​ពេល​មាន​មិត្តភ័ក្ដិ​រិះគន់​ ប្រសើរ​ជាង​ការ​ស្រលាញ់​​ដោយ​ផ្កាប់​មុខ មើល​ឃើញ​តែ​ចំណុច​ត្រូវ ហើយ​គ្មាន​ការ​លម្អ​​កំហុស​គ្នា​​ដែរ។

៤. អ្នក​នៅ​​តែ​បន្ត​ភាព​រីករាយ​ក្នុង​ការ​សង្កេត​ពី​គ្នា​ទៅវិញ​ទៅ​មក

មនុស្ស​ប្រុស​សាមញ្ញ​មិន​សូវ​ជា​បញ្ចេញ​នូវ​ភាព​ហ៊ឺហា​ ឬ​ចំណុច​ណា​មួយ​ឲ្យ​លើសគេ​​លើស​ឯង​ឡើយ​​ ​ម៉្លោះ​ហើយ​បាន​ជា​អ្នកនៅ​​តែ​​អាច​បន្ត​ភាព​រីករាយ​ក្នុង​ការ​សង្កេត​ពី​គ្នា​ទៅវិញ​ទៅ​មក ស្វែង​រក​ចំណុច​​ពិសេស​និង​​ចំណុច​ខ្វះ​​​ខាត​ណា​មួយ​ដែល​គាត់​មាន។

៥. អ្នក​មិន​ចាំ​​បាច់​ផ្លាស់​ប្តូរ​ខ្លួន​ឯង​ដើម្បី​​នរណា​​​ឡើយ

អ្នក​​មិន​​ចាំបាច់​​មាន​ការ​បារម្ភ​​ពី​​ពណ៌​ស្បែក​ ឬ​ត្រូវ​ផ្លាស់​ប្តូរ​រូប​សម្រស់​​របស់​ខ្លួន​​ដើម្បី​ផ្គាប់​ចិត្ត​នរណា​មួយ​ឡើយ។ ប្រសិន​បើ​​មនុស្ស​ប្រុស​មិន​​ស្រលាញ់​ពេញ​ចិត្ត​នូវ​​អ្វី​ដែល​​ជា​ធម្មជាតិ​​របស់​អ្នក​ទេ កុំ​ទៅ​ឈឺ​ក្បាល​​វិល​មុខ​អី ត្រូវ​ស្វែង​រក​អ្នក​ណា​​​ផ្សេង​ដែល​ស្រលាញ់​​​អ្នក​​​ចេញ​ពី​ចិត្ត​ មិន​មែន​​​​ឲ្យ​​តម្លៃ​ត្រឹមរូប​សម្រស់​តែ​មួយ​មុខ ឬ​​ត្រូវ​តម្រូវ​ចិត្ត​គេ​គ្រប់​យ៉ាង​ទេ នោះ​ទើប​អ្នក​​អាច​ស្វែង​រក​​សេច​ក្តីសុខ​និង​សុភមង្គល​ពិត​បាន។

ហេតុផល​ទាំង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ភាគ​ច្រើន មិន​ហ៊ាន​ប៉ង​​​មនុស្ស​ប្រុសដែល​មាន​ឋានៈ​ខ្ពស់​ជាង​ខ្លួន​ខ្លាំង គឺ​សុំ​ត្រឹម​​មនុស្ស​សាមញ្ញ​​ធម្មតា​ម្នាក់ មាន​ជីវភាព​សមរម្យ​ល្មមប្រហាក់ប្រហែល​ខ្លួន ហើយអាច​រស់​នៅ​​ចុះ​សម្រុងនឹង​គ្នា​ប្រកបដោយ​​ភាព​រីករាយ គឺ​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ។

ចុចអានបន្ត៖

​​​​​​​​​​​​

​​​​​​​​​​​​​​

ប្រភព៖ sugoren ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម