៥​ ចំណុច​ខុស​គ្នា​រវាង​អ្នក​មាន​ស្នេហា​របៀប​ចាស់​ទុំ​ និង​ស្នេហា​របៀប​កូន​ក្មេង

  • 2018-07-09 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​កើត​ចេញ​ពី​ក្ដី​ស្រលាញ់​រវាង​មនុស្ស​ពីរ​អ្នក។​ ប៉ុន្តែ​ក្ដី​ស្រលាញ់​រវាង​គូស្នេហ៍​មួយ​គូ​ៗ គឺ​មិន​ដូច​គ្នា​នោះ​ទេ។​ គូស្នេហ៍​ខ្លះ​ស្រលាញ់​គ្នា​ដោយ​ស្ងៀម​ស្ងាត់​របៀប​ចាស់​ទុំ​ ដែល​បង្ហាញ​ជា​ទង្វើ​ច្រើន​ជាង​​សម្ដី​ មិន​ចូល​ចិត្ត​បង្ហាញ​អ្នក​ដទៃ​ទេ​​ ហើយ​ផ្ដោត​លើ​ក្ដី​ស្រលាញ់​ដោយ​សុខ​ចិត្ត​បំពេញ​តម្រូវ​ការ​ដៃ​គូ​រៀង​ខ្លួន​។​ ចំណែក​គូ​ខ្លះ​ទៀត​ស្រលាញ់​គ្នា​បែប​កូន​ក្មេង​ ដែល​នៅ​ឈ្លោះ​ប្រកែក​គ្នា​ ដើម្បី​ទាម​ទារ​ចំណាប់​អារម្មណ៍​ និង​ចូល​ចិត្ត​បង្អួត​អ្នក​ដទៃ​ពី​សេចក្ដី​សុខ​របស់​ខ្លួន។​ មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​គូស្នេហ៍​របៀប​ចាស់​ទុំ​ធ្វើ​ ខុស​ពី​គូស្នេហ៍​របៀប​កូន​ក្មេង​ ដូចជា៖​

១.​ តម្រូវ​ចិត្ត​

គូ​ស្នេហ៍​បែបចាស់​ទុំ គឺ​ស្រលាញ់​គ្នា​ជ្រាល​ជ្រៅ​ ហើយ​ច្បាស់​ណាស់​ថា​មិន​ដែល​ចង់​ឲ្យ​ដៃ​គូ​ផ្លាស់​ប្ដូរ​ ដើម្បី​បំពេញ​តម្រូវ​ចិត្ត​ខ្លួននោះ​ទេ​។​​ ផ្ទុយ​ទៅ​វិញ​គេ​ចង់​ឲ្យ​ដៃ​គូ​រក្សា​សភាព​ដើម​ ហើយ​ស្រលាញ់​​នូវ​អ្វី​ដែល​គេ​មាន។​ ខុស​ពី​ស្នេហា​របៀប​ក្មេង​ដែល​ចូល​ចិត្ត​បំពេញ​តាម​ចំណូល​ចិត្ត​ខ្លួន​ឯង​ ហើយ​ឲ្យ​ដៃ​គូម្ខាង​ទៀត​ផ្លាស់​ប្ដូរ។​

២.​ ឈ្លោះ​គ្នា

មិន​ថា​ជា​ស្នេហា​ចាស់​ទុំ​ឬ​ស្នេហា​កូន​ក្មេង​នោះ​ទេ​ គឺ​នៅ​តែ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​។​ ប៉ុន្តែ​វា​ខុស​ត្រង់​ថា​ស្នេហា​ចាស់​ទុំ​ នៅ​ពេល​ឈ្លោះ​គ្នា​ គឺ​ភាគី​ម្ខាង​និយាយ​ភាគី​ម្ខាង​ទៀត​ស្ដាប់​ រួច​ទាំង​ពីរ​អ្នក​ពិចារណា​រៀង​ខ្លួន​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​។​ ស្នេហា​កូន​ក្មេង​ នៅ​ពេល​ឈ្លោះ​គ្នា គឺ​អាង​បែក​ដោយ​យក​ត្រូវ​រៀង​ខ្លួន​។​

៣.​ បង្ហាញ​បើកចំហរ​

ស្នេហា​កូន​ក្មេង​ចូល​ចិត្ត​បង្ហាញ​ និង​បង្អួត​អ្នក​ដទៃ​ពី​សេចក្ដី​សុខ​របស់​ខ្លួន​ មិន​ថា​ខាង​ក្រៅ​ ឬ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ​ទេ។​ សេចក្ដី​សុខ​របស់​គូ​ស្នេហ៍​នេះ​ឋិត​នៅ​លើ​ការ​យល់​ឃើញ​របស់​អ្នក​ដទៃ​ប៉ុណ្ណោះ​។​ ខុស​ពី​ស្នេហា​របៀប​ចាស់​ទុំ​ មិន​សូវ​ចូល​ចិត្ត​បង្អួត​អ្នក​ដទៃ​តែ​សម្បក​បែប​នេះ​ទេ គឺ​គេ​ស្រលាញ់​ដោយ​បញ្ជាក់​​តាមទង្វើ​​ដែល​ចូល​ដល់​ចាស់​ទុំ​ដឹង​ឮ និង​អនុញ្ញាត​ជា​ដើម។​

៤.​ មិនបង្ហាញ​​អារម្មណ៍​តាម​រយៈ​បណ្ដាញ​សង្គម

ស្នេហា​បែប​អ្នក​ចាស់​ទុំ​ មិន​ចូល​ចិត្ត​បង្ហោះ​បង្ហើរ​សារ​ថ្លែង​ទុក្ខឲ្យ​អ្នក​ដទៃ​ដឹង​ទេ។​ ជា​ជាង​បង្ហោះ​ឲ្យ​អ្នក​ដទៃ​កាត់​ក្ដី​ គេ​សុខ​ចិត្ត​ជួប​គ្នា​និយាយ​តទល់​ និង​រក​ដំណោះ​ស្រាយ​ទៅ​វិញ​ទេ។​ ស្នេហា​កូន​ក្មេង​និយម​បង្ហោះ​សារ​ខូច​ចិត្ត​ដើម្បី​ទាម​ទារ​ការ​ចាប់​អារម្មណ៍​ពី​ដៃ​គូ។​

៥.​ ការ​ជឿជាក់​

គូ​ស្នេហ៍​ដែល​ស្រលាញ់​គ្នា​របៀប​ក្មេង​នៅ​ចូលចិត្ត​ឈ្លោះ​ ប្រច័ណ្ឌ​រក​រឿង​គ្នា​ ព្រោះ​ការ​មិន​ទុក​ចិត្ត​ចំពោះ​គ្នា ប៉ុន្តែ​គូ​ស្នេហ៍​ចាស់​ទុំ​​គេជឿជាក់​លើ​គ្នា​ និង​មិន​ងាយ​ប្រច័ណ្ឌ​ផ្ដេសផ្ដាស​នោះ​ទេ៕

ចុចអាន៖៦វិធី​​​ស្រី​ៗ​ត្រូវ​ដឹង​បើ​ចង់​​ឲ្យ​ស្នេហា​រឹង​មាំ​យូរ​អង្វែង មិន​បែកបាក់​ដោយ​សារ​ការ​ប្រចណ្ឌ

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម