សង្សារ​ជា​ដំណាក់កាល​មួយ​ស្វែង​យល់​ពី​គ្នា​ប៉ុណ្ណោះ ចាំបាច់​អី​​ផ្ញើ​ជីវិត​ខ្លួន​ឯង​ទៅ​ឲ្យ​គេ?

  • 2018-05-16 09:20:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្ញើ​ជូន​ទាំង​អស់​គ្នា​មិន​ថា​មនុស្ស​ស្រី ឬ​ក៏​មនុស្ស​ប្រុស​ទេ!

សង្ឃឹម​ថា​បាន​អាន​រឿង​រ៉ាវ​ទាំង​នេះ​ហើយ​ អ្នក​អាច​នឹង​យល់​ ហើយ​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​ល្អ​ជាង​នេះ។

មិន​បន្ទោស​ទេ​ថា​មាន​ការ​ឈឺចាប់ កា​រពិបាក​ចិត្ត​នៅ​ពេល​ស្នេហា​ដើរ​ដល់​ផ្លូវ​បញ្ចប់​ ព្រោះ​មនុស្ស​យើង​សុទ្ធ​តែ​មាន​មនោសញ្ចេតនា ហើយ​ការ​ស្រឡាញ់​ គឺ​ជា​ការ​ហួងហែង ការ​មិន​ចង់​បាត់បង់។ យ៉ាង​ណា​ក៏​ដោយ​មនុស្ស​យើង​មិន​អាច​សម​បំណង​គ្រប់​យ៉ាង​នោះ​ទេ មាន​រឿង​ខ្លះ​វា​អាច​នឹង​មក​ផ្ទុយ​ពី​ការ​ចង់​បាន​របស់​យើង។

រូបតំណាង

ខ្ញុំ​ធ្លាប់​មាន​សង្សារ ខ្ញុំ​ធ្លាប់​បែក​បាក់​គ្នា ហើយ​ការ​ឈឺចាប់ ការ​ខក​ចិត្ត​ទាំង​នោះ​ខ្ញុំ​យល់​ច្បាស់។ ខ្ញុំ​ធ្លាប់​មាន​គំនិត​ចង់​បោះបង់​ជីវិត​ខ្លួន​ឯង​ដោយសារ​គេ តែ​​ជំនួស​មក​វិញ​នូវ​សំណួរ​ជា​ច្រើន​ផុស​ក្នុង​ខួរ​ក្បាល​ខ្ញុំ។

គេ​ជា​អ្នក​ណា?​ ត្រូវ​ហើយ​គេ​ជា​សង្សារ​ខ្ញុំ សង្សារ​ដែល​ខ្ញុំ​ស្រឡាញ់​ខ្លាំង​ជា​ទី​បំផុត តែ​គេ​មិន​មែន​ជា​កម្មសិទ្ធិ​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ក៏​មិន​អាច​ឃាត់​គេ​ទុក​ក្នុង​រង្វង់​ដៃ​ខ្ញុំ​រហូត​ដែរ។

សង្សារ​ជា​អ្នក​ណា​ទៅ? ក្រែង​យើង​ទាក់ទង​គ្នា​ដើម្បី​គិតគូរ​ពី​រឿង​អនាគត​មែន​ទេ? មិន​មែន​មាន​ន័យ​ថា​សង្សារ​អាច​ក្លាយ​ជា​អនាគត​យើង​បាន​ឯណា។ ត្រូវ​ហើយ សង្សារ​គ្រាន់​តែ​ជា​ដំណាក់កាល​មួយ​ដែល​មនុស្ស​២​នាក់​សិក្សា និង​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ប៉ុណ្ណោះ បើ​គេ​មិន​ពេញ​ចិត្ត បើ​មាន​រឿង​ទាស់​ចិត្ត មិន​ចុះ​សម្រុង​គ្នា គេ​នឹង​ដើរ​ចេញ​ទៅ​រក​មនុស្ស​ដែល​សម​នឹង​គេ។ត្រូវ​ហើយ គេ​ធ្វើ​បែប​នេះ​គឺ​មិន​ខុស​ទេ តែ​អ្នក​ដែល​ខុស​គឺ​ខ្ញុំ​ព្រោះ​ខ្ញុំ​មិន​ទទួល​ស្គាល់​ការពិត ហើយ​ខ្ញុំ​បាន​ផ្ញើ​ជីវិត​ខ្ញុំ​ទៅ​លើ​មនុស្ស​ម្នាក់​ដែល​គ្រាន់​ទេ​មាន​ឈ្មោះ​ថា​សង្សារ។

សំណួរ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​នូវ​រឿង​ជា​ច្រើន​ដែល​ពី​មុន​ខ្ញុំ​មិន​ដែល​នឹក​ឃើញ។ ពិត​ជា​ត្រឹម​ត្រូវ​ណាស់​យើង​ទាក់ទង​គ្នា​គឺ​ដោយសារ​ចង់​ដឹង​ថា​គេ​អាច​ជា​មនុស្ស​ដែល​យើង​ផ្ញើ​វាសនា​ អនាគត​បាន​ដែរ​ឬ​ទេ? មិន​មែន​មាន​ន័យ​ថា​យើង​ត្រូវ​ប្រគល់​គ្រប់យ៉ាង​ឲ្យ​គេ​នៅ​ពេល​នេះ​ទេ។

បើ​បែក​គ្នា​ហើយ​ជូន​ពរ​គេ​ទៅ ឲ្យ​គេ​ជួប​គូអនាគត​គេ​ដែល​ល្អ ហើយ​ក៏​ត្រូវ​ជូន​ពរ​ខ្លួន​ឯង​ដូចគ្នា​ព្រោះ​យើង​ត្រូវ​មាន​មនុស្ស​ជា​ច្រើន​ទៀត​សម្រាប់​ស្វែង​យល់។

រូបតំណាង

កុំ​គិត​ខ្លី កុំ​ធ្វើ​ឲ្យ​ខ្លួន​ពិបាក​ដោយសារ​តែ​ការ​ចែកផ្លូវ​គ្នា​ជាមួយ​សង្សារ​អី អ្នក​អាច​យំ​បាន តែ​អ្នក​មិន​អាច​យំ​រហូត​ទេ។ ក្រោក​ឡើង​ថ្ងៃ​ថ្មី​នឹង​មក​ដល់ ត្រៀម​ខ្លួន​ទទួល​យក​ថ្ងៃ​ស្អែក​ឬ​នៅ?

ចុចអាន៖បើ​គេ​ជ្រើស​អ្នក​ផ្សេង អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​មិន​មែន​យំ​ទេ​ តែ​ត្រូវ​ធ្វើ​ឲ្យ​គេ​ស្ដាយ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម