ទង្វើ​​៧យ៉ាង​ មនុស្ស​ប្រុស​ធ្វើ​តែ​ជាមួយ​នារី​ដែល​ខ្លួន​ស្រលាញ់​ពិត​ប្រាកដប៉ុណ្ណោះ

  • 2018-05-06 07:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ឮ​ទេ​ថា ទង្វើ​របស់​មនុស្ស​ប្រុស​ពេល​ខ្លះ​ធ្វើ​ឱ្យ​មនុស្ស​ស្រី​យល់​ច្រឡំ រហូត​គិត​ថា ប្រុស​ម្នាក់​នោះ​ស្រលាញ់​នាង ទាំង​ដែល​ការ​ពិត​គឺ​មិន​មែន​សោះ។ ទោះ​បី​ជា​ធ្លាប់​ធ្វើ​ល្អ​ដាក់​អ្នក​គ្រប់​គ្នា​មែន តែ​មាន​តែ​ទង្វើ​ពិសេស​ខាង​ក្រោម​នេះ​ប៉ុណ្ណោះ ដែល​គេ​ធ្វើ​តែ​ជាមួយ​នារី​ដែល​គេ​ស្រលាញ់​ពិត​ប្រាកដ។

១-គាត់​​​ព្រម​ស្ដាប់​រឿង​អ្នក​គ្រប់​យ៉ាង​

មនុស្ស​ប្រុស​ជា​ធម្មតា មិន​ចូល​ចិត្ត​ស្ដាប់ ឬ​ឃើញ​អ្វី​ដែល​ជា​រឿង​តូចតាច ឬ​មិន​ទាក់​ទង​នឹង​គេ​ឡើយ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​គេ​ស្រលាញ់ គេ​នឹង​ព្រម​ស្ដាប់​អ្នក​និយាយ​គ្រប់​រឿង មិន​ថា​ជា​រឿង​សប្បាយ​ចិត្ត កើត​ទុក្ខ ឬ​អ្វី​ផ្សេង​ឡើយ។ និយាយ​រួម ឱ្យ​តែ​រឿង​ទាំង​នោះ​មាន​អ្នក​នៅ​ក្នុង​នោះ គាត់​ពេញ​ចិត្ត​នឹង​ចាំ​ស្ដាប់​ជានិច្ច។

២-ឈ្លោះ​គ្នាគឺ​ជា​រឿង​ធម្មតា

ការ​ឈ្លោះ​ប្រកែក ឬ​ត​មាត់​ត​សម្ដី​គ្នា សម្រាប់​បុរស​គឺ​ជា​រឿង​ដែល​មិន​ចង់​ឱ្យ​កើត​មាន​ឡើយ ឬ​បើ​ទោះ​បី​ជា​កើត​មាន ក៏​គេ​មិន​ងាយ​ធ្វើ​ចិត្ត​មក​ត្រូវ​គ្នា​ជាមួយ​ភាគី​ម្ខាង​ទៀត​ណាស់។ នេះ​ជា​អ្វី​ដែល​កើត​ឡើង​រវាង​គេ​និង​មិត្តភក្ដិ ឬ​អ្នក​ស្គាល់​គ្នា​ធម្មតា។ ប៉ុន្តែ​បើ​គេ​ពិត​ជា​ស្រលាញ់​អ្នក ទោះ​បី​អ្នក​ខឹង ឬ​គេ​ខឹង ឬ​ឈ្លោះ​គ្នា​បែក​ផ្សែង តែ​មិន​ប៉ុន្មាន​ឡើយ គេ​នឹង​រក​វិធី​ឱ្យ​បាន​ត្រូវ​គ្នា​វិញ​មិនខាន។

៣-សុខ​ចិត្ត​លះបង់​ដើម្បី​ក្ដី​សុខ​អ្នក

បុរស​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ​នឹង​មិន​រួញរា​ក្នុង​ការ​ស្វែង​រក​ក្ដី​សុខ​ឱ្យ​អ្នក​ឡើយ។ មិន​ថា​អ្នក​ឃ្លាន​យប់​ព្រលប់ ឈឺ​ថ្កាត់ ឬ​ត្រូវ​ការ​ជំនួយ​របស់​គេ គេ​នឹង​បង្ហាញ​មុខ​ជា​និច្ច​ដោយ​មិន​រអ៊ូ​រទាំ ឬ​បង្ហាញ​អាការៈ​ទើស​ទាល់​អ្វី​ឡើយ។

៤-តស៊ូ​គ្រប់​យ៉ាង​ដើម្បី​បាន​អ្នក

មិន​ខ្វះ​ទេ អ្នក​ដែល​មាន​បញ្ហា​ស្មុគស្មាញ​ក្នុង​ទំនាក់ទំនង​រវាង​មនុស្ស​ពីរ​នាក់ តែ​មិន​ថា​ទោះ​កាលៈទេសៈ​លំបាក​យ៉ាង​ណា គេ​នឹង​ខំ​ពុះពារ​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​អ្នក​ និង​អាច​រស់នៅ​ជាមួយ​គ្នា​រហូត។

៥-បង្ហាញ​មោទកភាព​ចំពោះ​ជោគជ័យ​របស់​អ្នក

សម្រាប់​មនុស្ស​រាប់​អាន​ធម្មតា កម្រ​មាន​អ្នក​បង្ហាញ​ភាព​រីករាយ​ពិត​ប្រាកដ​ ពេល​ដឹង​ថា​ម្នាក់​ទៀត​បាន​ជោគជ័យ​ណាស់ ទោះ​បី​គេ​និយាយ​ក្ដែងៗ​ថា ជា​មិត្ត​ល្អ​បំផុត​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ បើ​សម្រាប់​អ្នក​ដែល​គេ​ស្រលាញ់ គេ​នឹង​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ត្រេកអរ និង​មោទកភាព ពេល​ឃើញ​អ្នក​បាន​សម្រេច​គោលដៅ ព្រោះ​ក្ដី​សុខ​របស់​អ្នក​ក៏​ជា​ក្ដី​សុខ​របស់​គាត់​ដូច​គ្នា។

៦-មើល​ភាព​សម្រស់​ពិត​របស់​អ្នក ទោះ​បី​មិន​តុបតែង​ខ្លួន​ក៏​ដោយ

ស្នេហា​ធ្វើ​ឱ្យ​មនុស្ស​ខ្វាក់​ភ្នែក តែ​ស្នេហ៍​ពិត​នឹង​ធ្វើ​ឱ្យ​មនុស្ស​អាច​មើល​ឃើញ​អ្វី​ច្បាស់​ពី​អ្នក​ដែល​ខ្លួន​ស្រលាញ់។ ទោះ​បី​អ្នក​មិន​បាន​តុបតែង​គ្រឿង​សម្អាង ឬ​ស្លៀក​ពាក់​ថ្លៃៗ​ក៏​ដោយ គាត់​នឹង​មើល​ឃើញ​ពី​សម្រស់​ពី​ខាង​ក្នុង​របស់​អ្នក និង​នៅ​តែ​ស្រលាញ់​អ្នក​គ្រប់​ពេលវេលា។

៧-ឈឺឆ្អាល​រឿង​​គ្រួសារ​និង​មិត្តភក្ដិ​របស់​អ្នក

បុរស​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ​នឹង​ទាមទារ​ចង់​ដឹង​ពី​សុខទុក្ខ​របស់​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន​អ្នក និង​ចេះ​ឈឺឆ្អាល​ពេល​ដឹង​ថា​អ្នក​ទាំង​នោះ​មាន​ទុក្ខ មិន​មែន​ចាំ​យក​តែ​រួច​ខ្លួន​នោះ​ទេ។

នារី​គ្រប់​​រូប​គួរ​តែ​ទទួល​បាន​ការ​ស្រលាញ់​ពី​បុរស​ដែល​ស្រលាញ់​ និង​គោរព​អ្នក​ពិត​ប្រាកដ​។ ដូច្នេះ​បើ​មើល​ឃើញ​ថា​ទំនាក់ទំនង​របស់​អ្នក​កំពុង​មាន​ភាព​ស្រពិចស្រពិល ឬ​គ្មាន​សង្ឃឹម​ទៅ​មុខ គួរ​តែ​កុំ​បន្ត​នាំ​តែ​អូស​បន្លាយ​ពេល​ឥត​ប្រយោជន៍​ទៀត​អី។ បុរស​ល្អ​គង់​តែ​មក​ដល់​នៅ​ណា​មួយ​មិន​ខាន កុំ​ទាន់​អស់​សង្ឃឹម!

ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម