មិន​ចង់​ឲ្យ​ឈឺ​​ក្រោយ​ដើរ​កាត់​ភ្លៀង​ ត្រូវ​ប្រញាប់​ធ្វើ​រឿង​ទាំង​នេះ​ភ្លាម

  • 2018-05-02 07:32:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដល់​រដូវ​ភ្លៀង​ពេល​ណា បញ្ហា​ធំ​ជាង​គេ​ គឺ​រឿង​ទទឹក​ភ្លៀង​ហ្នឹង​តែ​ម្ដង។ ជួន​កាល​​​ដើរ​ ឬ​ជិះ​ម៉ូតូ​​បាន​កណ្ដាល​ផ្លូវ​ហើយ​ ស្រាប់​តែ​ភ្លៀង​រ៉ាវ រក​អាវ​ភ្លៀង​រក​អី​មិន​ទាន់ ក៏​សើម​ជោក មិន​អាច​ទៅ​ធ្វើ​ការ​ ឬ​ទៅ​រៀន​បាន។ អ្វី​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ ក្រោយ​ពី​ត្រូវ​ទឹក​ភ្លៀង​សើម​ជោក ភាគ​រយ​ច្រើន​គឺ​ប្រាកដ​ជា​ឈឺ។ ដូច្នេះ​​ថ្ងៃ​នេះ Kanha សូម​បង្ហាញ​ពី​វិធី​មួយ​ចំនួន​ដើម្បី​ការពារ​ខ្លួន​​កុំ​ឲ្យ​ឈឺ​បន្ទាប់​ពី​ត្រូវ​ទឹក​ភ្លៀង៖

១. បើ​សិន​មិន​អាច​ប្ដូរ​ខោ​អាវ​បាន ត្រូវ​ប្រញាប់​ជូត​សក់​ ជូត​ក្បាល​ឲ្យ​ស្ងួត និង​ធ្វើ​យ៉ាង​ណា​​ឲ្យ​ខោ​អាវ​របស់​យើង​ស្ងួត​ឲ្យ​បាន​ឆាប់។

២. នៅ​ពេល​ត្រលប់​ទៅ​ដល់​ផ្ទះ ត្រូវ​ប្រញាប់​​ដោះ​​ខោ​អាវ​ ស្រោម​ជើង ក៏​ដូច​ជា​ស្បែក​ជើង​ដែល​ទទឹក​ភ្លៀង​ចេញ ព្រោះ​ការ​ស្លៀក​ពាក់​សម្លៀក​បំពាក់​ដែល​សើម​ដោយ​ទឹក​ភ្លៀង នឹង​អាច​ឲ្យ​យើង​មិន​ស្រួល​ខ្លួន ឬ​ផ្ដាសាយ រួម​ទាំង​អាច​ដល់​ហើម​សួត​បាន។ ម្យ៉ាង​ទៀត​ខោ​អាវ​សើម​ៗ ក៏​ជា​ប្រភព​នៃ​​មេរោគ​ផ្សេង​ៗ​ផង​ដែរ។

៣. ងូត​ទឹក កក់សក់​ភ្លាម​ៗ ព្រោះ​ក្នុង​ទឹក​ភ្លៀង​មាន​ទាំង​ល្អង​ធូលី របស់​គគ្រិច​ៗ និង​មេរោគ ​ដែរ ដូច្នេះ​យើង​គួរ​តែ​ងូត​ទឹក​កក់​សក់ សម្អាត​រាង​កាយ​ឲ្យ​បាន​ស្អាត​ដោយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ដើម្បី​ឲ្យ​រាងកាយ​ទទួល​បាន​ភាព​កក់ក្ដៅ។

៤. ប្រើ​សាប៊ូ​ដុស​ជើង​ឲ្យ​ស្អាត អាច​ប្រើ​ស្ក្រាប់ ឬ​អំបិល​ខាត់​ស្បែក​លាយ​ផង ព្រោះ​ការ​ដើរ​កាត់​ទឹក​មិន​ស្អាត​នឹង​ធ្វើ​ឲ្យ​កើត​ផ្សិត​ដែល​ជា​ដើមហេតុ​នៃ​ជំងឺ​ទឹក​ស៊ី​ជើង​បាន។

៥. ជូត​ខ្លួន​ឲ្យ​ស្ងួត ហើយ​កុំ​ភ្លេច​ផ្លុំ​សក់​ឲ្យ​ស្ងួត​សិន​មុន​គេង ដើម្បី​កុំ​ឲ្យ​ផ្អូម​សក់ ដែល​នាំ​ឲ្យ​​មាន​បញ្ហា​ដល់​សរសៃ​សក់ ឬ​ធ្វើ​ឲ្យ​កើត​ផ្ដាសាយ។

៦. ត្រាំ​ជើង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​បើ​ចង់​ស្រួល​ខ្លួន ហើយ​ធ្វើ​ឲ្យ​រាងកាយ​កាន់​តែ​មាន​ភាព​កក់ក្ដៅ។ ក្រោយ​ពី​ត្រាំ​ទឹក​បាន​មួយ​ស្របក់​ហើយ​ត្រូវ​ជូត​ជើង​ឲ្យ​ស្អាត ហើយ​លាប​ម្សៅ​ហុយ​​ដើម្បី​ជួយ​ឲ្យ​​ស្រួល​ជើង។

៧. លាប​ក្រែម ឬ Moisturizer បម្រុង​ស្បែក​បន្តិច ដើម្បី​បន្ថែម​​សំណើម​ឲ្យ​ស្បែក​ដែល​ស្ងួត​ ក្រោយ​ពី​ដើរ​ហាល​ភ្លៀង និង​ងូត​ទឹក​ក្ដៅ​រួច ព្រម​ទាំង​ដើម្បី​បន្ថយ​អាការ​រមាស់​ផង​ដែរ។

៨. ផឹក​តែ​ថ្នាំ​​​ក្ដៅ​ៗ​ ដូច​ជា​តែ​ជី​អង្កាម ឬ​​ទឹក​​ខ្ញី​មួយ​កែវ ដើម្បី​ផ្ដល់​កម្ដៅ​ក្នុង​រាងកាយ និង​​ធ្វើ​ឲ្យ​រាងកាយ​អាច​ប្រឆាំង​នឹង​មេរោគ និង​បាក់តេរី​ផ្សេង​ៗ​បាន​កាន់​តែ​ល្អ។

៩. គេង​លក់ និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​នៅ​យប់​ដែល​ត្រូវ​ភ្លៀង​នោះ គឺ​មិន​ត្រូវ​​ចូល​គេង​យប់​ជ្រៅ​ដាច់​ខាត ដើម្បី​ឲ្យ​រាងកាយ​បាន​សម្រាក​​ក្រោយ​ពី​ទទឹក​ភ្លៀង ដូច្នេះ​ទើប​មិន​ឈឺ ព្រម​ទាំង​អាច​ក្រោក​មក​មាន​កម្លាំង​ធ្វើ​ការ​ធម្មតា​នៅ​ព្រឹក​បន្ទាប់។

​នៅ​ក្រោម​មេឃ​​​បើ​ចង់​គេច​ពី​ភ្លៀង​ក៏​គេច​មិន​បាន​ដែរ ដូច្នេះ​ហើយ​ទៅ​ណា​​មក​ណា​លើក​ក្រោយ​​យើង​គួរ​តែ​មាន​​ឆ័ត្រ​ ឬ​អាវ​ភ្លៀង​ជាប់​ខ្លួន​ជានិច្ច ប៉ុន្តែ​បើ​ភ្លៀង​ខ្លាំង​មែនទែន ដែល​សូម្បី​តែ​ឆ័ត្រ​ក៏​ទប់​ទល់​មិន​បាន គួរ​តែ​ចាំ​ឲ្យ​ភ្លៀង​រាំង​សិន​ សឹម​បន្ត​ដំណើរ​ទៀត ដើម្បី​បង្ការ​​ឈឺ ឬគ្រោះថ្នាក់​ផ្សេង​ៗ ៕

ចុចអាន៖

ប្រភព៖ Kapook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម