ចង់​មាន​ជីវិត​ផ្ទាល់​ខ្លួន និង​ជីវិត​ស្នេហា​ស្រស់ស្អាត​ព្រម​គ្នា ត្រូវ​ប្រកាន់​យក​ចំណុច​ទាំង​នេះ

  • 2018-04-24 08:33:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ចាប់​ផ្ដើម​ស្រឡាញ់​អ្នក​ណា​ម្នាក់ ប្រហែល​មាន​មនុស្ស​មួយ​ចំនួន​បាន​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ទៅ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ដោយ​មិន​ដឹង​ខ្លួន។ យ៉ាង​ណា​ក្ដី​អ្នក​ត្រូវ​ប្រាកដ​ថា​ទោះ​អ្នក​មាន​ស្នេហា​ក៏​ដោយ​ក៏​មិន​គួរ​ឲ្យ​ស្នេហា​មាន​ឥទ្ធិពល​ប៉ះពាល់​ដល់​ជីវិត​អ្នក​ឡើយ។ ម្យ៉ាង​ទៀត​​ដើម្បីជីវិត​ផ្ទាល់​ខ្លួន និង​ជីវិត​ស្នេហា​ស្រស់ស្អាត​ព្រម​គ្នា ត្រូវ​ប្រកាន់​យក​ចំណុច​ទាំង​នេះដែរ​ព្រោះ​បើ​អ្នក​របូត​រឿង​ណា​មួយអ្នក​នឹង​មាន​ការ​ឈឺចាប់​ខ្លាំង ៖​

១. ប្រាកដ​ថា​ស្នេហា​សម្រាប់​តែ​មនុស្ស​ ២ នាក់​ប៉ុណ្ណោះ

ស្នេហា​គឺ​សម្រាប់​មនុស្ស​២​នាក់ តែ​បើ​លើស​ពី​ ២ នាក់​គឺ​ត្រូវ​មាន​ម្នាក់​ដើរ​ចេញ​ជា​ដាច់​ខាត។​ ត្រូវ​ជឿ​ថា​គាត់​ស្រឡាញ់​តែ​អ្នក មាន​តែ​អ្នក​ ប៉ុន្តែ​បើ​គាត់​មិន​អាច​ថែ​រក្សា​ស្នេហា​អ្នក​​បាន​នោះ​​ទេ អ្នក​មាន​សិទ្ធិ​ក្នុង​ការ​ដើរ​ចេញ​ដោយ​គ្មាន​កំហុស និងការ​ស្ដាយ​ក្រោយ​។ បើ​អ្នក​ប្រកាន់​គំនិត​បែប​នេះ​អ្នក​ក៏​មិន​បាច់​ចាំ​ហួងហែង​ច្រើន សង្ស័យ​ច្រើន និង​ខ្វល់​ចិត្ត​ច្រើន​ដែរ។

រូបតំណាង

**២. កុំ​ឲ្យ​ស្នេហា​ក្លាយជា​ជម្រើស​ទី​ ១ ក្នុង​ជីវិត​**

អ្នក​ជា​ធម្មជាតិ​មួយ​ដែល​មនុស្ស​ត្រូវ​តែ​មាន ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​អ្នក​​ត្រូវ​បោះបង់​ការងារ បោះបង់​គ្រួសារ ឬ​សូម្បី​តែ​ខ្លួន​ឯង​សម្រាប់​ស្នេហា​ទេ។ ត្រូវ​ចាំ​ថា​បើ​អ្នក​ស្ថិត​ក្នុង​ជីវភាព​តោកយ៉ាក ស្នេហា​អ្នក​ក៏​គ្មាន​សុភមង្គល​ដែរ។បើ​អ្នក​ចង់​ឲ្យ​ស្នេហា​មាន​សេចក្ដី​សុខ​ពេញ​មួយ​ជីវិត អ្វី​ដែល​សំខាន់​គឺ​អ្នក​ត្រូវ​ប្រឹង​ប្រែង​ឲ្យ​ជីវិត​អ្នក​សុខ​ស្រួល​សិន។ ម្យ៉ាង​ទៀត​អ្នក​ក៏​មិន​អាច​បោះបង់​គ្រួសារ​ដើម្បី​តែ​ស្នេហា​ដែរ ព្រោះ​នៅ​មាន​មនុស្ស​២​នាក់​ទៀត​ដែរ​ស្រឡាញ់​អ្នក​ខ្លាំង​ជាង​ខ្លួន​ឯង​ទៀត​នោះ​គឺ​ឪពុក​ម្ដាយ​របស់​អ្នក។

៣. ដាក់​ដែន​កំណត់

អ្វី​ក៏ដោយ​ឲ្យ​តែ​លើស​ដែន​កំណត់​គឺគ្មាន​អ្នក​ណា​ទ្រាំ​បាន​ទេ។ ត្រូវ​មាន​ដែន​កំណត់​សម្រាប់​ស្នេហា មិន​មែន​ស្រឡាញ់​ងប់ងុល​ដល់​លែង​ដឹង​អី​ ហើយ​ភ្លេច​ថា​ខ្លួន​មាន​ឋានៈ​ជា​អ្វី​នឹង​គ្នា​នោះ។ ការ​ប្រចណ្ឌ​ ការ​ហាម​ឃាត់ ការ​ខ្វល់ខ្វាយ សុទ្ធ​តែ​ត្រូវ​មាន​កំណត់​ព្រោះ​អ្នក​មាន​ឈ្មោះ​ត្រឹម​តែ​ជា​សង្សារ​ប៉ុណ្ណោះ​ដូច្នេះ​ត្រូវ​ចេះ​រក្សា​សេរីភាព និង កិត្តិយស​ឲ្យ​ខ្លួន​ឯង។

៤. កុំ​រស់​នៅ​ជាមួយ​គ្នា​មុន​ពេល​រៀប​ការ

ការ​រស់​នៅ​ជាមួយ​គ្នា​មុន​ពេល​រៀប​ការ​គឺ​មាន​ហានិភ័យ​ក្នុង​ការ​បែកបាក់​គ្នា​ច្រើន​ណាស់។ បើ​អ្នក​មិន​ទាន់​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ឡើយ ដូច្នេះ​គួរ​តែ​នៅ​រៀង​ខ្លួន​ទើប​ជា​ការ​ល្អ។ អាច​យូរៗ​ ឬ ពេល​មាន​ការ​ចាំ​បាច់​សឹម​អនុញ្ញាត ព្រោះ​អ្នក​អាច​នឹង​ចាប់​ផ្ដើម​មាន​សម្ពាធ​ពេល​រស់​នៅ​ជាមួយ​គ្នា​យូរ​ទៅ ដូច្នេះ​បើ​មិន​ទាន់​ត្រៀម​ខ្លួន​កុំ​ទាន់​អី។

៥. ក្ដី​ស្រមៃ​របស់​គាត់​មិន​មែន​ក្ដី​ស្រមៃ​របស់​អ្នក​

អ្នក​ទាំង​២ មាន​ក្ដី​ស្រមៃ​រៀងខ្លួន ដូច្នេះ​មិន​គួរ​បោះបង់​ក្ដី​ស្រមៃ​ខ្លួន​ឯង​ព្រោះ​តែ​គេ​នោះ​ទេ ឬ​ក៏​ឲ្យ​គេ​ចោល​ក្ដី​សុបិន​គេ​ដោយសារ​អ្នក​ដែរ។ ត្រូវ​រស់​នៅ​ដោយ​មាន​ភាព​រីករាយ ជាជាង​ដាក់​សម្ពាធ​ឲ្យ​ខ្លួន​ឯង​ព្រោះ​តែ​មនុស្ស​ម្នាក់។ ព្យាយាម​បន្ត​ក្ដី​ស្រមៃ ហើយ​បើ​គាត់​ជា​មនុស្ស​ល្អ​សម្រាប់​អ្នក​មែន​គាត់​​នឹង​នៅ​គាំទ្រ​ និង​ចាំ​ជួយ​អ្នក​មិន​មែន​បង្អាក់​អ្នក​នោះ​ឡើយ។

៦.មាន​ពេលវេលា

ទាំង​ពេលវេលាផ្ទាល់​ខ្លួន ទាំង​ពេលវេលា​ជាមួយ​គ្នា​សុទ្ធ​តែ​អ្នក​ត្រូវ​គិតគូរ ព្រោះ​មិន​អាច​បោះ​ចោល​មួយ​ណា​បាន​ទេ។ ពេល​អ្នក​មាន​ស្នេហា​អ្នក​អាច​ចែកពេល​អ្នក​ទៅ​គេ តែ​មិន​មែនមានន័យថា​ចែក​ពេល​ទាំង​អស់​នោះ​ទេ។ កុំ​ទម្លាប់​ឲ្យ​ខ្លួន​ឯង​បាត់បង់​សេរីភាព ឬ​មិន​សប្បាយ​ចិត្ត​ពេល​ស្រឡាញ់​អ្នក​ណា​ម្នាក់​ឲ្យ​សោះ ៕

រូបតំណាង

ចុចអាន៖បុរស​ដែល​មាន​ភ្នែក​មុត​តែង​ចាប់​អារម្មណ៍​លើ​មនុស្ស​ស្រី​ ៥​ប្រភេទ​នេះ

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ ផេង ផលធិតា