ស្រឡាញ់ខ្លាំងយ៉ាងណាក៏ដោយ តែកុំលះបង់របស់ផ្ទាល់ខ្លួនទាំងនេះទៅគេឲ្យសោះ
- 2018-04-10 09:10:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រឡាញ់ខ្លាំងយ៉ាងណាក៏ដោយ តែកុំលះបង់របស់ផ្ទាល់ខ្លួនទាំងនេះទៅគេឲ្យសោះ
នៅពេលស្រឡាញ់ស្មោះ មនុស្សស្រីពិតជាមិនខ្លាចក្នុងការលះបង់ក្តីសុខដើម្បីដៃគូឡើយ។ ប៉ុន្តែតាមពិតការលះបង់មិនអាចធានាបាន ១០០ភាគរយថាដៃគូយើងស្កប់ស្កល់ទេ ហេតុនេះហើយទើបបានជាយើងត្រូវចេះឃុំគ្រងរបស់ផ្ទាល់ខ្លួនខ្លះ ជាជាងដោះដូរដើម្បីក្តីសុខគេទាំងស្រុង។
១. ភាពឯករាជ្យ៖ ក្តីស្រឡាញ់ដែលងប់ងល់ធ្វើឲ្យមនុស្សបាត់បង់ភាពជាម្ចាស់ការដោយមិនដឹងខ្លួន ពេលខ្លះសូម្បីតែទម្លាប់ដែលអាចធ្វើខ្លួនឯងបាន ក៏ត្រូវចាំពឹងអ្នកដទៃឲ្យជួយដែរ។ ទាំងមនុស្សស្រីដែលកំពុងមានសង្សារ ឬរៀបការរួចហើយក្តី គួរកុំលះបង់ឯករាជ្យរបស់ខ្លួនចោលអី ព្រោះអ្នកមិនដឹងថាថ្ងៃណា ត្រូវរស់នៅដោយគ្មានគេទេ។ អ្នកអាចមានអារម្មណ៍អន់ចិត្តម្តងម្កាល ពេលត្រូវធ្វើអ្វីម្នាក់ឯង តែទម្លាប់បែបនោះនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សរឹងមាំ។
**២. រឿងផ្ទាល់ខ្លួន៖** នេះសំដៅលើពេលវេលា និងរឿងមួយចំនួនដែលយើងចាំបាច់ត្រូវធ្វើ មានរឿងខ្លះអ្នកមិនចាំបាច់ត្រូវរាយការណ៍ឲ្យដៃគូដឹងគ្រប់ពេលទេ។ បើសិនជាអ្នកនឹកឃ្លានចង់ញ៉ាំអ្វីប្លែកមាត់ ក៏ចេញទៅញ៉ាំខ្លួនឯងទៅ ព្រោះជួនកាលដៃគូយើងគ្មានពេលទំនេរកំដរទេ អ៊ីចឹងកុំចាំគេអី ឃ្លានឥឡូវចេញទៅញ៉ាំឥឡូវទៅ។
៣. ការរង់ចាំ៖ យើងអាចផ្តល់ឱកាសឲ្យគេ តែមិនប្រាកដថាគេនឹងផ្តល់ឱកាសឲ្យខ្លួនឯងឡើយ។ អ្នកខ្លះមានឱកាសកែតែនៅមិនព្រមកែ សួរថាបើដូច្នេះតទៅទៀត អ្នកមិនគិតថាចំណាយពេលអត់ប្រយោជន៍ទេឬយ៉ាងណា? ពេលវេលាក្នុងជីវិតយើងមានតម្លៃណាស់ មិនអាចខាតបង់ព្រោះតែការរង់ចាំអ្វីមួយដែលមិនអាចទៅរួចឡើយ។
៤. ចរិតពិត៖ មែនហើយ ពេលនៅជាមួយដៃគូយើងត្រូវចេះសម្របខ្លួនទៅតាមកាលៈទេសៈដើម្បីគេខ្លះ ទោះបីវាមិនមែនជាចរិតពិតរបស់យើងក៏ដោយ។ ប៉ុន្តែអ្នកមិនអាចបិទបាំងធាតុពិតរបស់ខ្លួនបានរហូតទេ ពេលគេស្រឡាញ់យើង គេត្រូវតែស្រឡាញ់អ្វីដែលជារបស់យើង អ្វីដែលជាកំណើតដែលផ្តល់មកឲ្យយើង បើសិនទទួលយកមិនបានទេកុំស្រឡាញ់គ្នាអី។
៥. ក្តីសុបិន៖ បើជារឿងភាគដែលគេនិពន្ធមក គឺវាអាចទៅរួច តែបើជីវិតពិតវិញកុំព្យាយាមសាកល្បងអី។ លះបង់ក្តីសុបិនរបស់ខ្លួនដើម្បីគេអាចឲ្យអ្នករីករាយតែមួយពេលប៉ុណ្ណោះ តែអ្នកនឹងមានវិប្បសារីទៅថ្ងៃក្រោយ ព្រោះមិនបានធ្វើអ្វីដែលខ្លួនចង់ធ្វើ។
៦. លុយកាក់៖ បើនិយាយចំពោះឋានៈជាសង្សារ អាចជួយចេញគ្នាម្តងម្កាលក៏ជាហេតុផលមួយដែលសមស្របដែរ ប៉ុន្តែដៃគូម្ខាងគិតតែពីជះលុយលើដៃគូម្ខាងទៀតគ្រប់ពេល វាមិនមែនជាអ្វីដែលល្អភ្នែកឡើយ។ សម័យនេះហើយ មនុស្សគ្រប់គ្នាត្រូវតែមានលំនឹងលើរឿងហិរញ្ញវត្ថុ គួរណាស់តែចេះរៀបចំឲ្យត្រូវទៅតាមតម្រូវការរបស់ខ្លួន៕
ចុចអាន៖៨ សញ្ញាបង្ហាញថា ចំណងមនោសញ្ចេតនារបស់អ្នកដល់ពេលត្រូវដាក់សញ្ញាខណ្ឌហើយ