៧រឿងស្រីៗច្រើនយល់ច្រឡំ និងធ្វើឲ្យប្រុសៗចូលមកហើយរត់បាត់ម្នាក់ហើយម្នាក់ទៀត
- 2018-04-06 09:41:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧រឿងស្រីៗច្រើនយល់ច្រឡំ និងធ្វើឲ្យប្រុសៗចូលមកហើយរត់បាត់ម្នាក់ហើយម្នាក់ទៀត
ពេលខ្លះមនុស្សស្រីយើងក៏អាចមានការគិតយល់ច្រឡំខ្លះៗ ក្នុងរឿងស្នេហា ដែលអាចជាមូលហេតុមួយធ្វើឲ្យយើងនៅតែមិនមានគូនឹងគេសោះ។ ដូច្នេះហើយ ថ្ងៃនេះ កញ្ញា សូមនាំប្រិយមិត្តទាំងអស់គ្នាមកស្វែងយល់អំពីរឿងនេះបន្តិច ព្រោះបើរវល់តែគិតដូច្នេះ គឺអាចធ្វើឲ្យយើងអត់គូកាន់តែយូរ រហូតត្រូវសារមន្ទីរកោះហៅក៏ថាបាន៖
១. ឲ្យមនុស្សប្រុសចេញលុយពេល Date
មនុស្សប្រុសមិនមែនកាបូបលុយ ឬកាតក្រេឌីតរបស់យើងទេណា។ សម័យនេះ អ្វីៗគឺត្រូវប្រើលុយទាំងអស់ ហើយមនុស្សយើងម្នាក់ៗក៏គួរមានលុយផ្ទាល់ខ្លួន ដោយមិនបាច់ពឹងពាក់អ្នកណា។ ជាពិសេសនៅពេលណាត់ជួបគ្នាលើកដំបូង អ្នកក៏ឲ្យគេចេញលុយទាំងអស់ នោះគេអាចគិតថាអ្នកមកស្រឡាញ់គេគឺរំពឹងតែលុយប៉ុណ្ណោះ។
២. មនុស្សស្រីស្អាតៗទើបមានសង្សារ
មនុស្សស្អាត អ្នកណាក៏ចូលចិត្ត អ្នកណាក៏ចាប់អារម្មណ៍ចង់បានមែន ប៉ុន្តែមិនមែនមនុស្សដែលស្អាតទាំងព្រមទាំងអស់សុទ្ធតែមានសង្សារឯណា? ម្យ៉ាងទៀតការជ្រើសរើសនរណាម្នាក់ជាគូ គឺវាអាស្រ័យលើកត្តារួមផ្សំច្រើនទៀតដូចជា ការគិត ទស្សនវិស័យ និស្ស័យចុះសម្រុងគ្នា របៀបរស់នៅ... ដែលសុទ្ធតែសំខាន់ជាងរូបសម្រស់ច្រើនចំពោះការរស់នៅបែបជីវិតគូ។ ដូច្នេះបើដឹងថាខ្លួនមិនស្អាត គួរតែរៀបចំខ្លួនឲ្យបានល្អ ព្រោះសម័យនេះសម្រស់ខាងក្រៅងាយកែលម្អទេ បើចរិតមិនស្អាតទើបពិបាក។
៣. ត្រូវតែទទួលយកចំណុចអាក្រក់ៗរបស់អ្នកបាន
អ្នកអាចមានការគិតបែបនេះ ប៉ុន្តែជីវិតពិតមិនមែនជារឿងភាគទេ ហើយអ្នកដែលអាចទទួលយកបាននូវចរិតគ្រប់យ៉ាងរបស់អ្នក គឺមានតែឪពុកម្ដាយប៉ុណ្ណោះ។ បើដឹងថាខ្លួនអ្នកមានចំណុចមិនល្អច្រើន អ្នកគួរព្យាយាមកែលម្អខ្លួនឯងឲ្យបានច្រើនតាមដែលអាច ព្រោះគ្មានអ្នកណាទ្រាំជាមួយមនុស្សនិស្ស័យមិនល្អបានយូរទេ។ កុំថាតែសង្សារ សូម្បីតែមិត្តភ័ក្ដិក៏មិនចង់រាប់អានផង បើអ្នកចាំតែឲ្យគេស្របតាមអ្នកគ្រប់យ៉ាងបែបនេះ។
៤. មនុស្សប្រុសមិនចូលចិត្តមនុស្សស្រីពូកែ ហើយឆ្លាត
យុគសម័យនេះហើយ មនុស្សស្រីមិនពូកែនេះហើយដែលពិបាករស់នៅ។ មនុស្សប្រុសឆ្លាតហើយពូកែសម័យនេះ ក៏ត្រូវការនារីដែលឆ្លាតដែរដើម្បីជាដៃគូរបស់គេ។ បើអ្នកឆ្លាត ពូកែ ហើយមានអត្តចរិតល្អទៀតនោះ កុំបាច់ភ័យរឿងគូស្រករ។
៥. មនុស្សប្រុសសង្ហា សុទ្ធតែព្រាន
គិតបែបនេះអគតិពេកហើយ។ មានមនុស្សប្រុសច្រើនអ្នកអាចដូច្នេះ ប៉ុន្តែមិនមែនបែបនេះរហូតទេ។ មនុស្សប្រុសសង្ហាក៏ជាមនុស្សធម្មតាដែលត្រូវការស្នេហាពិត ចង់មានគូជីវិត បែបមនុស្សប្រុសធម្មតាដេរ។ ពេលខ្លះគួរសាកល្បងស្វែងយល់ចិត្តគ្នាសិន កុំទាន់ប្រញាប់កាត់សេចក្ដីតាមរូបរាងខាងក្រៅរបស់គេ។
៦. រង់ចាំទេវតាប្រទានបុរសល្អឲ្យ
បើអ្នកអត់គូហើយមិនព្រមចេញទៅណា ឬសាកល្បងរាប់អានមនុស្សថ្មីៗដោយធុញទ្រាន់នឹងសម្របខ្លួនជាមួយអ្នកដទៃ តើពេលណាទើបបានជួបមនុស្សដែលជាគូទៅ? សម្រាប់មនុស្សមួយចំនួន ការរកសង្សារមិនមែនងាយៗ ដូចអ្នកដទៃទេ គឺត្រូវចេះចាប់ឱកាស និងបង្កើនឱកាសឲ្យខ្លួនឯងខ្លះ មិនដូច្នោះទេគឺនៅព្រៅមួយជីវិតហើយ។
៧. ស្រឡាញ់គ្នាហើយត្រូវនៅជាមួយគ្នារហូត
កាលមិនទាន់ក្លាយជាសង្សារម្នាក់ៗសុទ្ធតែមានការងារ មានតួនាទីរៀងៗខ្លួន ចុះពេលមានសង្សារចាំបាច់អីត្រូវនៅជាមួយគ្នាគ្រប់ពេល? មនុស្សម្នាក់ៗសុទ្ធតែមានត្រូវការពេលវេលាផ្ទាល់ខ្លួនទាំងអស់ ដូច្នេះអ្នកគួរទុកចន្លោះពេលឲ្យគូស្នេហ៍ឲ្យបានសមរម្យ កុំធ្វើឲ្យស្នេហាប៉ះពាល់ដល់ផ្នែកផ្សេងៗទៀតនៃជីវិតរបស់គ្នា នោះទើបអាចបន្តដំណើរជាមួយគ្នាបានយូរ។
ត្រូវចាំថាអ្នកដទៃមិនបានគិត ឬធ្វើតាមចិត្តយើងរហូតនោះទេ ដូច្នេះហើយយើងគួរកែលម្អខ្លួនឯងជាមុនសិន គិតវិជ្ជមានឲ្យបានច្រើន ធ្វើល្អឲ្យបានច្រើន ធ្វើខ្លួនឲ្យស្រស់ស្រាយ នោះស្នេហានឹងចូលរកអ្នក ៕