មិន​បាច់​ពិបាក​ញ៉ាំ​ដូច​ជ្រូក​ទេ! អ្នក​ស្គមៗ​អាច​ធាត់​បាន​ដោយ​ភេសជ្ជៈ៥​ប្រភេទ​នេះ

  • 2018-03-30 09:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ដែល​កំពុង​ស្វែង​រក​វិធី​ឡើង​ទម្ងន់​ ឬ​អ្នក​ដែល​ធ្លាប់​តែ​ញ៉ាំ​យ៉ាង​ណា​ក៏មិន​ធាត់ ហើយ​ចង់​មាន​សាច់​មាន​ឈាម​ដូច​គេ ពេល​នេះ​លែង​ពិបាក​ទៀត​ហើយ។ មិន​បាច់​ទៅ​ខំ​ញ៉ាំ​ដូច​ជ្រូក​ទេ គ្រាន់​តែ​ចេះ​ធ្វើ​ភេសជ្ជៈ​ប៉ុន្មាន​មុខ​ខាង​ក្រោម​នេះ ក៏​អាច​ឡើង​បាន​២ទៅ​៣​គីឡូក្រាម​ក្នុង​រយៈ​ពេល​១​ខែ ឱ្យ​តែ​អាច​ខំ​ញ៉ាំ​ឱ្យ​ទៀង​ទាត់។

កាហ្វេ​ទឹក​ដោះ​គោ

ការ​ពិត​ កាហ្វេ​ខ្មៅ​អាច​ជួយ​សម្រក​ទម្ងន់​បាន ព្រោះ​តែ​រសជាតិ​ល្វីង​របស់​វា ហើយ​ក្លិន​ដ៏​ឈ្ងុយ​របស់​វា​ក៏​អាច​ធ្វើ​ឱ្យ​នារីៗ​ចូល​ចិត្ត​ណាស់​ដែរ។ ប៉ុន្តែ​សម្រាប់​អ្នកមាន​រូបរាង​ស្គម ក៏​អាច​ញ៉ាំ​កាហ្វេ​បានដែរ ហើយ​អាច​ប្រើ​ដើម្បី​បង្កើន​ទម្ងន់​ ដោយ​​គ្រាន់​តែ​បន្ថែម​ទឹក​ដោះ​គោ និង​ស្ករ​ស​២​ស្លាប​ព្រា​បាយ ញ៉ាំ​ជា​ប្រចាំ​​។

សូកូឡា​ទឹក​ដោះ​គោ

ញ៉ាំ​ភេសជ្ជៈ​នេះ​មួយ​អាទិត្យ​ជាប់​គ្នា អ្នក​អាច​កត់​សម្គាល់​ការ​ប្រែ​ប្រួល​បាន​ខ្លះ។ សូកូឡា​ទឹក​ដោះ​គោ​១​ពែង​មាន​ដល់​ទៅ​២២០​កាល់ឡូរី ច្រើន​ជាង​ទឹក​ដោះ​គោ​តែ​ឯង​១ពែង​ដែល​មាន​ត្រឹម​១៤៩​កាល់ឡូរី។ កាល់ឡូរី​ដែល​មាន​ក្នុង​សូកូឡា​ទឹក​ដោះ​គោ​ស្មើ​នឹង​១១%​នៃ​ថាមពល​ដែល​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ ក្រៅ​ពី​នេះ​វា​​មាន​ជាតិ​ខ្លាញ់៨​ក្រាម និង​កាបូហាយដ្រាត​២៧​ក្រាម ដែល​លើស​ទឹក​ដោះ​គោ​ធម្មតា​ដល់​ទៅ​២​ដង។

ចេក​ក្រឡុក

ការ​ញ៉ាំ​ចេក​រាល់​ថ្ងៃ​អាច​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ រក្សា​លំនឹង​​ជាតិ​ស្ករ​ក្នុង​ខ្លួន និង​កាត់​បន្ថយ​អាការៈ​ស្ត្រេស​បាន​។ ក្រៅ​ពី​នេះ ការ​ញ៉ាំ​ទឹក​ចេក​ក្រឡុក​ជាមួយ​ទឹក​ដោះ​គោ​នឹង​ជួយ​ឱ្យ​អ្នក​ឡើង​គីឡូ​ជាមួយ​នឹង​កាល់ឡូរី​ដែល​មាន​ក្នុង​ភេសជ្ជៈ​នេះ ហើយ​ក៏​មាន​សុខភាព​ល្អ​ផង​ដែរ។

ដូង​ក្រឡុក

ដូង​ជា​ផ្លែ​ឈើ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​និង​កាល់ឡូរី ដូច្នេះ​ទើប​វា​ត្រូវ​បាន​គេ​ប្រើ​ជា​រូបមន្ត​ក្នុង​ការ​ឡើង​ទម្ងន់​របស់​នារី​ៗ។ មិន​មែន​ឱ្យ​តែ​ពាក្យ​ថា ខ្លាញ់​សុទ្ធ​តែ​អាក្រក់​ទាំង​អស់ទេ ព្រោះ​មានខ្លាញ់​ដែល​ល្អ និង​អាក្រក់​ដល់​សុខភាព​។ សម្រាប់​អ្នក​ចង់​ឡើង​ទម្ងន់ មិន​មែន​​ញ៉ាំ​ទឹក​ដូង​នោះ​ទេ តែ​ជា​ខ្ទិះ​ដូង​ទៅ​វិញ។ អ្នក​អាច​ញ៉ាំ​ភេសជ្ជៈធ្វើ​ពី​ដូង ដោយ​យក​ទឹក​ដូង​និង​សាច់​ដូង​ក្រឡុក​ចូល​គ្នា​បន្ថែម​ទឹក​ដោះ​គោ​ខ្លះ​ផ្អែម​ល្មម ញ៉ាំ​ជា​ប្រចាំ​នឹង​ឃើញ​លទ្ធផល។

ទឹក​ល្ពៅ​លាយ​ទឹក​ដោះ​គោ

ល្ពៅ​ក៏​ជា​ផ្លែ​ឈើ​ដែល​មាន​ជីវជាតិ​ចិញ្ចឹម​ច្រើន​ណាស់​ដែរ។ វា​សម្បូរ​ទៅ​ដោយ​ជាតិ​ផូស្វរ ប៉ូតាស្យូម ប្រូតេអ៊ីន ជាតិ​ដែក និង​វីតាមីន​ C។ វា​ជំនួយ​ដល់​ភ្នែក ឆ្អឹង​រឹងមាំ ហើយ​ក៏​ទាក់​ទង​នឹង​ការ​ផ្ដល់​ប្រូតេអ៊ីន​ទៅ​ដល់​រាងកាយ​ផង​ដែរ។ កាល​ណា​ញ៉ាំ​ទឹក​ល្ពៅ​ដោយ​យក​ល្ពៅ​ទៅ​ស្ងោរ​ឱ្យ​ឆ្អិន មក​ក្រឡុក​ជាមួយ​ទឹក​ដោះ​គោ​ស្រស់ បន្ថែម​ស្ករ និង​ខ្ទិះ​ដូង អ្នក​នឹង​បាន​ភេសជ្ជៈ​ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ហើយ​អាច​ជួយ​អ្នក​ឡើង​ទម្ងន់​បាន​ទៀត​ផង៕

ចុចអាន៖ វិធី​សម្រក​ទម្ងន់​ទាំង ៨ ដែល​អាក្រក់​បំផុត​​ចំពោះ​សុខភាព

ប្រភព៖ Livestrong ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម