ចង់​បាន​ស្នេហា​មាន​ភាព​រីករាយ យូរ​អង្វែង អ្នក​ត្រូវ​ចៀសវាង​កំហុស​ឆ្គង ៥ យ៉ាង​នេះ

  • 2018-03-23 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​របស់​មនុស្ស​ប្រុស​ស្រី​ក្នុង​ជីវិត​ពិត​ តែងតែ​ជួយ​រឿង​រញ៉េរញ៉ៃ ស្មុគស្មាញ​ច្រើន​បែប​ច្រើន​យ៉ាង មិន​ដូច​ស្នេហា​ក្នុង​ភាគ​កុន​ឡើយ។ វា​ត្រូវ​ការ​ភាព​អត់ធ្មត់ ប្រឹងប្រែង តស៊ូ​ជម្នះ ប្ដូរផ្ដាច់​របស់​​​ភាគី​ទាំង​សង​ខាង ដើម្បី​ស្វែងរក​សុភមង្គល​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ហេតុនេះ​ប្រសិន​ចង់​ឲ្យ​ស្នេហា​មាន​ភាព​រីករាយ គង់វង្ស​យូរ​អង្វែង ខាង​ក្រោម​នេះ​ជា​កំហុស​ឆ្គង ៥ យ៉ាង​ដែល​អ្នក​គួរ​ចៀសវាង៖

១.ខឹង ងងក់​ច្រើន

ក្នុង​ទំនាក់ទំនង​ស្នេហា​​ប្រសិន​ម្នាក់ៗ​ចេះ​មើល​ចិត្ត​គ្នា​ធ្លុះ វា​ពិត​ជា​ប្រសើរ​ខ្លាំង​ណាស់​។ ប៉ុន្តែ​វា​មិន​អាច​ទៅ​រួច​ទេ ដូច្នេះ​​​រាល់​​ពេល​​​​អ្នក​មិន​ពេញចិត្ត ស្អប់ ខឹង ឬ​មិន​អាច​ទទួល​យក​បាន​នូវ​ទង្វើ​ណាមួយ​របស់​ដៃ​គូ អ្នក​ត្រូវ​តែ​និយាយ​ចេញ​មក ដើម្បី​ឲ្យ​គាត់​ដឹង​ខ្លួន។ ការ​ដែល​នៅ​ស្ងៀម មិន​ស្ដី ឬ​ព្យាយាម​ដើរ​ចេញ ដើម្បី​គេច​បញ្ហា គឺ​ជា​កាយវិការ​នាំ​ឲ្យ​បញ្ហា​កាន់​តែ​ស្មុគស្មាញ​​លើស​ដើម។

២.យក​ការ​បែក​គ្នា មក​គំរាម​ដៃ​គូ

នៅ​ពេល​ដែល​កំហឹង​​​ឡើង​ដល់​ចំណុច​កំពូល ជឿ​ថា​អ្នក​ប្រាកដ​ជា​ពិបាក​គ្រប់គ្រង​ខ្លួន​ឯង​ខ្លាំង​ណាស់។ ទោះ​ជា​យ៉ាង​ណា ការ​ប្រើ​ពាក្យ “បែក​គ្នា​” ដើម្បី​ឲ្យ​ដៃ​គូ​​ព្រម​ចុះចាញ់​ខ្លួន គឺ​ជា​ទង្វើ​​​​ដែល​បំផ្លាញ​ជំនឿ និង​​សេចក្ដី​ទុកចិត្ត​បំផុត។ មិន​ថា​អ្នក​ត្រូវ​ខំ​ធ្មេញ ឬ​ត្រូវ​រាប់​លេខ​ពី ១ ដល់ ១០០ ច្រើន​ដង​ប៉ុណ្ណា សូម​កុំ​និយាយ​​សម្ដី​ខុស​ពី​ចិត្ត ខ្វះ​ការ​ពិចារណា​ខ្លាំង​បែប​នេះ​ ដើម្បី​រំសាយ​​​ភ្លើង​​ទោសៈ​​មួយ​ពេល​ឲ្យ​សោះ។

៣.ប្រៀបធៀប​ស្នេហា​របស់​ខ្លួន ជាមួយ​អ្នក​ដទៃ

អ្នក​មិន​អាច​យក​ទំនាក់ទំនង​អ្នក​ដទៃ​មក​ធ្វើ​ជា​ស្តង់ដារ ដើម្បី​វាយ​តម្លៃ​ដៃ​គូ ឬ​ស្នេហា​របស់​ខ្លួន​ឡើយ ទោះ​ក្នុង​ហេតុផល​ណា​មួយ​ក៏​ដោយ។ ពេល​ខ្លះ​អ្វី​ដែល​អ្នក​ឃើញ​គឺ​ត្រឹម​​តែ​រូបភាព​ខាង​ក្រៅ​ប៉ុណ្ណោះ ដូច្នេះ​ប្រសិន​អ្នក​យក​វា​មក​កាត់​សេចក្ដី រួច​ទាមទារ​គ្រប់​យ៉ាង​ឲ្យ​ល្អ​ប្រសើរ​ដូច​គេ ច្បាស់​ណាស់​ថា​វា​គឺ​ជា​​ទម្លាប់​នាំ​រឿង​ក្ដៅ​ក្រហាយ បង្ក​បញ្ហា និង​ជម្លោះ​ដាក់​គ្នា​មិន​ចេះ​ចប់។

៤.ខ្ជិល​ច្រអូស ធុញ​នឹង​ផ្ដល់​ក្ដី​ស្រឡាញ់​ឲ្យ​គ្នា

ស្រឡាញ់​គ្នា​ដំបូង អ្នក​ប្រហែល​ជា​រំភើប ចង់​ក្បែរ ចង់​ស្និទ្ធស្នាល ចង់​ល្អូកល្អិន​ជាមួយ​​គ្នា​គ្រប់​ពេល។ អារម្មណ៍​ល្អ​បែប​នេះ​នឹង​រលាយ​បាត់​បន្តិច​ម្ដងៗ​ក្រោយ​ពេល​អ្នក​​ស្គាល់​គ្នា​កាន់​តែ​ច្បាស់ និង​រស់នៅ​ជិត​គ្នា​កាន់​តែ​យូរ។ សូម​កុំ​ឲ្យ​ភាព​ខ្ជិល​ច្រអូស​របស់​អ្នក បំផ្លាញ​សុភមង្គល​អ្នក​ឲ្យ​សោះ។ ត្រឹម​តែ​ការ​​ឱប ថើប​ធម្មតា​ៗ​ជា​រៀងរាល់​ព្រឹក ឬ​មុន​ពេល​ចូល​គេង មិន​មែន​ជា​រឿង​ពិបាក​ធ្វើ​ខ្លាំង​នោះ​ទេ។

៥.មិន​អើពើ​​ធ្វើ​រឿង​សប្បាយ​ៗ​ជា​គ្នា​​ឲ្យ​បាន​ច្រើន

ព្រោះ​តែ​រវល់​ជាមួយ​ការងារ​ខ្លាំង អ្នក​លែង​​​ខ្វល់ខ្វាយ​នឹកនា ចង់​កម្សាន្ត ឬ​លំហែ​អារម្មណ៍​ជាមួយ​ដៃ​គូ។ ពេល​ខ្លះ​ត្រឹម​តែ​ការ​អង្គុយ​មុខ​ទូរទស្សន៍ មើល​​​ភាពយន្ត​​បែប​កំប្លែង​ៗ រួច​សើច​លេង​ជាមួយ​គ្នា ក៏​ជា​សុភមង្គល​មួយ​ដែល​អ្នក​មិន​គួរ​មើល​រំលង​ដែរ។ សូម​កុំ​ភ្លេច​ថា​អនុស្សាវរីយ៍​ល្អ​ៗ​ទាំង​នេះ​ហើយ ដែល​ជួយ​ពង្រឹង​សម្ពន្ធភាព​របស់​អ្នក​ឲ្យ​​កាន់​​តែ​រឹងមាំ​ឡើង៕

ចុចអាន៖បើ​ស្រឡាញ់​គ្នា​យូរ​ទៅ​​មាន​អារម្មណ៍​ថា​ធុញ​ទ្រាន់ គួរ​តែ​ធ្វើ​រឿង​ទាំង​នេះ​ឡើង​វិញ

ប្រភព៖ popsugar អត្ថបទ៖ អូន បញ្ញា

អត្ថបទពេញនិយម