នារី​ធុញ​ប្ដី​ត្រូវ​ព្រះសង្ឃ​នាំ​ឡើង​ភ្នំ ទី​បំផុត​ទើប​​យល់​រសជាតិ​​ពិត​នៃ​ជីវិត​គូ

  • 2018-03-15 05:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ម្នាក់​បាន​​និយាយ​រឿង​រ៉ាវ​របស់​ខ្លួន​ប្រាប់​ព្រះ​សង្ឃ​មួយ​អង្គ​ថា ​ច្រើន​ឆ្នាំ​មុន កាល​នាង​ទើប​ពេញ​ក្រមុំ នាង​​បាន​រៀបការ​ជាមួយ​ស្វាមី​ដែល​មាន​អាយុ​ខុស​គ្នា​ប្រមាណ ១០​ឆ្នាំ។ នៅ​ពេល​នោះ​ប្ដី​របស់​នាង​មើល​ទៅ​អស្ចារ្យ​ណាស់​ក្នុង​​កែវភ្នែក​របស់​នាង។ នាង​សរសើរ​និង​លើក​តម្កើង​ប្ដី​របស់​ខ្លួន​ខ្លាំង​ណាស់ ប៉ុន្តែ​បន្ទាប់​ពី​រួមរស់​ជាមួយ​គ្នា​មក​ជា​ច្រើន​ឆ្នាំ គេ​ក៏​បែរ​ផ្លាស់​ប្ដូរ លែង​មាន​ភាព​អស្ចារ្យ​គួរ​ឲ្យ​​ស្ងើច​សរសើរ​ដូច​មុន។ នាង​បាន​សួរ​ព្រះ​តេជគុណ​ថា​​ព្រោះ​​ហេតុ​អ្វី? ឬ​មួយ​​ការ​រៀប​ការ​គឺ​ជា​ទី​បញ្ចប់​នៃ​សេចក្ដី​ស្រឡាញ់?

រូបតំណាង

ពេល​នាង​រៀបរាប់​ចប់ ព្រះ​តេជគុណ​ក៏​មាន​សង្ឃដីកា​ថា “ញោម​តាម​អាត្មា​មក”

ព្រះ​តេជគុណ​ក៏​នាំ​នាង​ទៅ​ឈរ​នៅ​មុខ​ភ្នំ​មួយ ហើយ​សួរ​ថា

“ភ្នំ​នោះ​មើល​ទៅ​យ៉ាង​ម៉េច​ដែរ?

“ធំ​ ខ្ពស់ ទាក់​ភ្នែក ​ស្រស់​ស្អាត​មែនទែន” នាង​និយាយ

“អីចឹង​​មក​ឡើង​ភ្នំ​តាម​អាត្មា" ព្រះ​តេជគុណ​ពោល

នៅ​តាម​ផ្លូវ​គ្មាន​សំឡេង​និយាយ​គ្នា​អ្វី​ទាំង​អស់ មាន​តែ​ដើរ​ហើយ​ដើរ​ទៀត។ នាង​ចាប់​ផ្ដើម​នឿយ​ហត់​អស់​កម្លាំង បូក​ថែម​ទាំង​ផ្លូវ​រដិបរដុប​ទៀត នាង​​ទប់​អារម្មណ៍​លែង​បាន ក៏​ផ្ដើម​​ត្អូញត្អែរ រអ៊ូរ​​នេះ​នោះ​មិន​ឈប់។ ពេល​ឡើង​ដល់​កំពូល​ភ្នំ ព្រះ​តេជគុណ​ក៏​​ពោល

“​ភ្នំ​នេះ​​​ហើយ​​គឺ​ជា​​ភ្នំ​ដែល​ញោម​មើល​ឃើញ​អម្បាញ់មិញ”

“ភ្នំ​នេះ​មិន​ស្អាត​ទេ ផ្លូវ​ដើរ​ក៏​មាន​តែ​​ដុំ​ថ្ម​ ដើម​ឈើ​អី​ក៏​មិន​ស្អាត មើល​សព្វ​ៗ​ទៅ​​ភ្នំ​ខាង​​នោះ​​ស្អាត​ជាង​ភ្នំ​នេះ​ទៅ​ទៀត!" នារី​និយាយ

ព្រះ​តេជគុណ​ឮ​ដូច្នេះ​ក៏​សើច​ ហើយ​ពោល​ថា

“ពេល​ជា​​សង្សារ​នឹង​គ្នា ក៏​ដូច​ជា​ការ​មើល​ភ្នំ​ពី​ចម្ងាយ មើល​ទៅ​ឃើញ​តែ​ភាព​ស្រស់​ស្អាត ស្រស់​ថ្លា តែ​ពេល​រៀប​ការ​ហើយ ក៏​ប្រៀប​ដូច​ជា​ការ​ឡើង​ភ្នំ អ្វី​ដែល​ញោម​បាន​ឃើញ គឺ​ធម្មជាតិ​ពិត​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ពេល​ឡើង​ដល់​កំពូល​ភ្នំ កែវភ្នែក​របស់​ញោម​ក៏​ឃើញ​តែ​​ភ្នំ​ដទៃ​ លែង​មើល​ឃើញ​ភ្នំ​ដែល​ខ្លួន​ដើរ​ឡើង ទាំង​ការ​ពិត​ភ្នំ​នោះ​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​សោះ ប៉ុន្តែ​ញោម​ទៅ​វិញ​ទេ​ដែល​ផ្លាស់​ប្ដូរ។ ព្រោះ​ចិត្ត​របស់​ញោម​ផ្លាស់​ប្ដូរ អ្វី​ដែល​ញោម​មើល​ឃើញ​ក៏​ផ្លាស់​ប្ដូរ។

នៅ​ពេល​អស់​ភាព​ស្ញើច​សរសើរ ភ្នំ​នោះ​ក៏​លែង​អស្ចារ្យ​ដូច​មុន។ ញោម​រអ៊ូរទាំ​ច្រើន​ប៉ុណ្ណា ការ​ខាត​បង់​ក៏​មាន​ច្រើន​ប៉ុន​នោះ​ដែរ។ ញោម​គិត​ទៅ​មើល តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ញោម​​អាច​ឈរ​លើ​កំពូល​ភ្នំ​នេះ​បាន​ ហើយ​មើល​ឃើញ​ភ្នំ​ដទៃ? នេះ​ដោយ​សារ​តែ​ញោម​កំពុង​​តែ​ជាន់​ពី​លើ​ភ្នំ​មួយ​នេះ។"

អត្ថបទ​នេះ​ចង់​បង្ហាញ​ឲ្យ​ឃើញ​ពី​​​​ចក្ខុ​វិស័យ​​របស់​មនុស្ស​ម្នាក់​ៗ​​ដែល​មាន​ការ​សម្លឹង​ឃើញ​ខុស​ៗ​គ្នា ទើប​មាន​ការ​យល់​ខុស​ៗ​គ្នា​ដែរ ប៉ុន្តែ​នៅ​ពេល​ណា​ដែល​យើង​ជ្រើសរើស​​សម្លឹង​មើល​ទាំង​ជ្រុង​​ល្អ និង​ជ្រុង​អាក្រក់ យើង​នឹង​អាច​មើល​ឃើញ​ពី​អត្ថន័យ​ពិត​នៃ​ជ្រុង​នីមួយ​ៗ​ដោយ​ចិត្ត​យើង​តែ​ម្ដង ៕

ចុចអាន៖

ប្រភព៖ khitpen ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម