“កូន​ម៉ាក់​មាន​សង្សារ​នៅ?” ដំបូន្មាន​អ្នក​ម្ដាយ​​ប្រាប់​កូន​ស្រី​មុន​មាន​ស្នេហា

  • 2017-10-06 01:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​នេះ​កូន​ស្រី​ខ្ញុំ​រៀន​ដល់​​ថ្នាក់​ទី​១២​ហើយ

ថ្ងៃ​មួយ​ខ្ញុំ​សួរ​កូន​ស្រី​ថា ធ្លាប់​បាន​ទទួល​សំបុត្រ​ស្នេហា​ពី​អ្នក​ណា​ឬ​នៅ? កូន​ខ្ញុំ​ស្ងៀម​មួយ​ស្របក់ ហើយ​ក៏​គ្រវី​ក្បាល​។ ខ្ញុំ​ធ្វើ​ជា​ភ្ញាក់​ផ្អើល​ ហើយ​សួរ​ត្រលប់​ទៅ​នាង​វិញ​ថា៖

“កូន​ស្រី​ម៉ាក់​គួរ​ឲ្យ​ស្រឡាញ់​យ៉ាង​នេះ អត់​មាន​អ្នក​ណា​មក​ញ៉ែ​ទេ​ហ្អ?”

មិន​ដឹង​ថា​កូន​មិន​ហ៊ាន​និយាយ​រឿង​វា​ប្រាប់​ខ្ញុំ ឬ​គ្មាន​អ្នក​ញ៉ែ​ពិត​មែន។

“ម៉ាក់​ បើ​មាន​អ្នក​ណា​មក​ញ៉ែ​កូន​មែន កូន​គួរ​ធ្វើ​ម៉េច​ទៅ?”

ខ្ញុំ​ឆ្លើយ​ប្រាប់​កូន​ថា

“ខ​ទី​១ មាន​ន័យ​ថា​កូន​ស្រី​ម៉ាក់​ធំ​ពេញ​ក្រមុំ​ហើយ ទើប​ចាប់​ផ្ដើម​មាន​មនុស្ស​ប្រុស​​ មក​ចាប់​ចិត្ត​ចាប់​អារម្មណ៍​បែប​នេះ។ វា​ក៏​ជា​រឿង​ល្អ​ដែរ​ណា”

“ខ​ទី​២ កូន​ត្រូវ​ពិចារណា​ខ្លួន​ឯង​មើល​ថា ព្រោះ​ហេតុ​អ្វី បាន​ជា​គេ​មក​ញ៉ែ​កូន? ព្រោះ​កូន​ជា​មនុស្ស​ល្អ? រៀន​ពូកែ? ចរិត​ល្អ? រូបរាង​ស្អាត? ស្ដាប់ម៉ាក់​ណា បើ​ដោយ​សារ​កូន​ជា​មនុស្ស​ល្អ កូន​ត្រូវ​រក្សា​អំពើ​ល្អ​នេះ​ទុក មាន​ក្ដី​សុខ​ក្នុង​ការ​ជួយ​យក​អាសា​អ្នក​ដទៃ។

បើ​កូន​រៀន​ពូកែ ក៏​សូម​ឲ្យ​រក្សា​កេរ្តិ៍ឈ្មោះ​នេះ​ឲ្យ​ល្អ ឬ​ខំ​រៀន​ឲ្យ​កាន់​តែ​ចេះ​ឡើង​ៗ។

បើ​កូន​​មាន​បុគ្គលិកលក្ខណៈ​ល្អ កូន​ត្រូវ​បន្ថែម​ចំណុច​ល្អ​នេះ​ឲ្យ​ចេញ​មក​​តាម​ធម្មជាតិ មិន​មែន​ធ្វើ​តែ​មុខ​អ្នក​ដទៃ​។

បើ​កូន​ចរិត​ល្អ កូន​ត្រូវ​រក្សា​ចរិត​នេះ​ទុក កុំ​យក​តែ​ចិត្ត​ខ្លួន​ឯង​ដូច​ជា​ក្មេង​មិន​ព្រម​ដឹង​ក្ដី បន្តិច​ខឹង បន្តិច​ងរ។

បើ​កូន​មាន​សម្រស់​ស្អាត សូម​​កូន​រក្សា​សម្រស់​នេះ​ឲ្យ​បាន​ល្អ ធ្វើ​ខ្លួន​ឲ្យ​មាន​​របៀប​រៀបរយ កុំ​ឲ្យ​ដូច​កាល​កូន​នៅ​ក្មេង ញ៉ាំ​បណ្ដើរ​ធ្វើ​ការងារ​ផ្ទះ​បណ្ដើរ យក​ប៊ិច​គូស​ខោ​អាវ​ខ្លួន​ឯង​ប្រឡាក់​ខ្ទេច​អស់។  

ក្រៅ​ពី​នេះ កូន​ត្រូវ​​រៀន​ធ្វើ​ការងារ​ផ្ទះ​ឲ្យ​ចេះ រៀន​ធ្វើ​ម្ហូប​ឲ្យបាន​ឆ្ងាញ់​យ៉ាង​ហោច​ពីរ​បី​មុខ។”

ពេល​កូន​ស្រី​​បាន​ឮ​ដូច្នេះ ក៏​អៀន​ឡើង​មុខ​ក្រហម។

“ម៉ាក់​អើយ កូន​គ្មាន​ចំណុច​ល្អ​អី​ដូច​ម៉ាក់​និយាយ​សូម្បី​តែ​មួយ”

ខ្ញុំ​ញញឹម​ពេល​ឃើញ​ អាកប្បកិរិយា​របស់​កូន​ស្រី

“ការ​ពិត​ទៅ ការ​​មាន​អ្វី​ដែល​ម៉ាក់​និយាយ​នេះ​​មិន​មែន​ជា​រឿង​លំបាក​ទេ ព្រោះ​គុណសម្បត្តិ​ទាំង​អស់​នេះ​ បើ​​កូន​មាន​ទាំង​ព្រម ទោះ​បី​គ្មាន​អ្នក​ណា​មក​ញ៉ែ ក៏​កូន​ម៉ាក់​មើល​ទៅ​លេចធ្លោ​ក្នុង​សង្គម​បាន។

“ខ​ទី​៣ ទោះ​បី​កូន​ស្រឡាញ់​មនុស្ស​ប្រុស​ម្នាក់​នោះ​ប៉ុណ្ណា កូន​ក៏​មិន​ត្រូវ​បញ្ចេញ​មក​ក្រៅ​ខ្លាំង​ពេក កូន​ត្រូវ​ចេះ​សង្កេត​មើល​ការ​ប្រែប្រួល​របស់​គេ។ ស្នេហា​ក្នុង​វ័យ​រៀន​អាច​មិនមែន​ស្នេហា​ពិត​ទេ ថ្ងៃ​នេះ​គេ​និយាយ​ថា​​ចូលចិត្ត​​កូន ស្អែក​​ឡើង​គេ​និយាយ​ថា​ស្រឡាញ់​កូន ខាន​ស្អែក​គេ​អាច​លែង​ស្រឡាញ់​កូន នោះ​ជា​រឿង​ធម្មតា។ ដូច្នេះ​នៅ​ពេល​និយាយ​ចែចង់​គ្នា កូន​កុំ​​មើល​ឃើញ​ថា​វា​ជា​រឿង​មែនទែន​គ្រប់​យ៉ាង។ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ កូន​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ធម្មតា​ដូច​ដើម ធ្វើ​ដូច​គ្មាន​អ្វី​កើត​ឡើង ពុំ​ដូច្នោះ​ទេ​គេ​អាច​នឹង​យល់​ច្រឡំ​មក​លើ​កូន​ក៏​ថា​បាន។

“ខទី៤ បើ​មាន​អ្នក​ណា​មក​ញ៉ែ​កូន​ពិត​មែន កូន​គួរ​តែ​រក​ឱកាស​និយាយ​ប្រាប់​គេ ថា​កូន​មិន​ទាន់​គិត​អ្វី​ច្រើន​ទេ ចំពោះ​រឿង​ស្នេហា​ក្នុង​វ័យ​សិក្សា។ កូន​ត្រូវ​ប្រាប់​គេ​ថា​ក្រៅ​ពី​រៀន​ កូន​នៅ​មិន​ទាន់​ឃើញ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទេ ព្រោះ​នៅ​ពេល​ចូលរៀន​មហាវិទ្យាល័យ កូន​និង​គេ​នៅ​មាន​ឱកាស​ច្រើន​ទៀត​ជាមួយ​រឿង​ស្នេហា។ កូន​កុំ​ដុត​ព្រៃ​ទាំង​មូល​ដោយ​សារ​សំបុក​ឃ្មុំ​តែ​មួយ​ឲ្យ​សោះ។”

“ខ​ទី​៥ អ្នក​ដែល​សរសេរ​សំបុត្រ​ស្នេហា​ឲ្យ​កូន មិន​ទាន់​ចាត់​ទុក​ថា​ស្រឡាញ់​កូន​ម៉ាក់​មែនទែន​ទេ គេ​គ្រាន់​តែ​មាន​អារម្មណ៍​ថា​ពេញ​ចិត្ត​កូន​ប៉ុណ្ណោះ។ ក្ដី​ស្រឡាញ់​ពិត​ប្រាកដ​គឺ​ត្រូវ​មាន​ភារៈ​ជាប់​មក​ជាមួយ។ ពេល​នេះ​គេ​មិន​ទាន់​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​បាន​នៅ​ឡើយ គេ​ត្រូវ​សុំ​លុយ​ឪពុក​ម្ដាយ​មក​រៀន​ដូច្នេះ តើ​គេ​អាច​មក​ទទួល​ខុស​ត្រូវ​ជីវិត​កូន​ស្រី​ម៉ាក់​យ៉ាង​ម៉េច? មនុស្ស​ប្រុស​ដែល​​ទទួល​ខុស​ត្រូវ​មនុស្ស​ស្រី​មិន​បាន ទោះ​បី​សង្ហា​ប៉ុណ្ណា ក៏​កូន​ស្រី​មិន​គួរ​រំពឹង​ផ្ញើ​ខ្លួន​ផ្ញើ​ប្រាណ។”

“និយាយ​សរុប ម៉ាក់​សុំ​ឲ្យ​កូន​រក្សា​ចំណុច​ល្អ​​​ៗ​ដែល​កូន​កំពុង​មាន​នេះ​ឲ្យ​បាន​ល្អ និង​កែ​លម្អ​វា​​​ឲ្យ​​កាន់​តែ​ល្អ​ឡើង​ៗ នោះ​ទៅ​ថ្ងៃ​មុខ​នឹង​មាន​មនុស្ស​ប្រុស​ច្រើន​ទៀត​តាម​ស្រឡាញ់​កូន​ម៉ាក់។ នៅ​ពេល​ថ្ងៃ​នោះ​មក​ដល់​​ កូន​ត្រូវ​ជ្រើសរើស​ឲ្យ​បាន​ល្អ។ ប្រុស​ម្នាក់​នោះ​ត្រូវ​ជា​មនុស្ស​ល្អ ក្លាហាន រឹងមាំ ចេះ​ទទួល​ខុស​ត្រូវ ជា​មនុស្ស​មាន​ជោគជ័យ​ក្នុង​ជីវិត។ ជ្រើសរើស​អ្នក​ណា​ដែល​អាច​ការពារ​កូន​ស្រី​របស់​ម៉ាក់​បាន​មួយ​ជីវិត។”  

ពេល​កូន​ស្រី​បាន​ស្ដាប់​ចប់ កូន​ស្រី​ក៏​និយាយ​​បែប​ម្ញ៉ិកម្ញ៉ក់​ថា

“ម៉ាក់​មិន​ចាំបាច់​បារម្ភ​ទេ បើ​ថ្ងៃ​មួយ​កូន​ត្រូវ​រើស​ប្ដី កូន​នឹង​រើស​ប្ដី​​ណា​​ពូកែ​ជាង​ប្ដី​ម៉ាក់​​ទៅ​ទៀត​នោះ”

“ចាស អីចឹង​ម៉ាក់​នឹង​ចាំ​មើល ថា​​​ប្ដី​កូន និង​ប្ដី​ម៉ាក់​ ប្ដី​អ្នក​ណា​ល្អ​ជាង”។

“ហាហាហា” ម្ដាយ​និង​កូន​ស្រី​សើច​ព្រម​គ្នា ៕

ប្រភព៖ NusonBooks ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម