បើ​ដៃគូ​តែង Chat លេង​ជាមួយ​នារី​ដទៃ តើ​អ្នក​គួរ​​ដោះស្រាយ​បែប​ណា?

  • 2018-03-14 02:24:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បណ្ដាញ​សង្គម​កំពុង​ជា​​ទី​​ពេញ​និយម​ខ្លាំង​សម្រាប់​​មនុស្ស​​ម្នា​គ្រប់​វ័យ​នា​ពេល​បច្ចុប្បន្ន​នេះ។ គូ​ស្នេហ៍​ជា​ច្រើន​បាន​​ជួប និង​ស្រឡាញ់ ហើយ​ក៏​រៀបការ​ជាមួយ​គ្នា​ដោយសារ​វា ប៉ុន្តែ​ក៏​មាន​គូ​ស្នេហ៍​ជា​ច្រើន​ដែល​បែក​​បាក់​គ្នា​វិញ​​ព្រោះ​តែ​វា​ដូច​គ្នា។ យ៉ាងណាមិញ​ខាង​ក្រោម​នេះ​ជា​ដំណោះស្រាយ ៥ យ៉ាង ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​ថា ថ្មី​ៗ​នេះ​ដៃគូ​របស់​អ្នក​​តែងតែ Chat លេង​ជាមួយ​ស្រីៗ​ជា​ច្រើន​តាម Online៖

១.ទាញ​គាត់​ឲ្យ​នៅ​ឆ្ងាយ​ពី​អ៊ីនធឺណិត

បច្ចេកវិទ្យា​កាន់​តែ​ទំនើប សេវា​កម្ម​អ៊ីនធឺណិត​កាន់​តែ​ល្អ ល្បឿន​កាន់​តែ​លឿន តម្លៃ​ក៏​​ថោក​សមរម្យ​ទៀត ដូច្នេះ​ឲ្យ​តែ​មាន​ពេល​ទំនេរ គាត់​ប្រហែល​តែង​អង្គុយ​មុខ​កុំព្យូទ័រ ឬ​ទូរស័ព្ទ ដើម្បី​កម្សាន្ត​អារម្មណ៍​ជាមួយ​​ការ​លេង​ហ្គេម ឬ​​បណ្ដាញ​សង្គម​នានា។ ដើម្បី​ទាញ​គាត់​ចេញ​ពី​ទម្លាប់​មួយ​នេះ អ្នក​ត្រូវ​ឆ្លាត ​ដោយ​ព្យាយាម​បង្កើត​ការងារ​មួយ​ចំនួន រួច​ពឹង​គាត់​ជួយឲ្យ ធ្វើឲ្យ​​គាត់​រវល់​ជាមួយ​កិច្ចការ​មាន​ប្រយោជន៍​​ជាច្រើន​វិញ។

២.ចំណាយ​ពេល​នៅ​ក្បែរ​គាត់

ទោះ​ជា​អ្នក​រវល់​ខ្លាំង​ប៉ុណ្ណា អ្នក​មិន​អាច​ទុក​គាត់​ចោល​គ្រប់​ពេល​វេលា​នោះ​ទេ។ មនុស្ស​ប្រុស​នឹង​ស្វែង​រក​សុភមង្គល​នៅ​កន្លែង​ផ្សេង ប្រសិន​អ្នក​មិន​អាច​ផ្ដល់​អ្វីៗ​ទាំង​នោះ​ឲ្យ​គាត់​បាន។ ដូច្នេះ​អ្នក​គួរ​ឆ្លៀត​ពេល​នៅ​ក្បែរ​គាត់​ឲ្យ​បាន​ច្រើន​ដូចជា ទៅ​មើល​កុន ទៅ​លេង​​ខេត្ត​ឆ្ងាយ​ៗ ឬ​ណាត់​គ្នា​ញ៉ាំ​អាហារ​ឲ្យ​បាន​ញឹកញាប់។ នៅ​ពេល​គាត់​រវល់​ជាមួយ​អ្នក គាត់​ក៏​គ្មាន​ពេល​ទៅ Chat លេង​ជាមួយ​នារី​ៗ​តាម Online នោះ​ទៀត​ដែរ។

រូបតំណាង

**៣.Chat ជាមួយ​ប្រុស​ផ្សេង​តាម Online**

អ្នក​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​គាត់​ដឹង​អំពី​ទោស​កំហុស​ខ្លួន​ឯង។ ឃើញ​អ្នក Chat លេង​ជាមួយ​ប្រុស​ដទៃ​​ផ្ដេសផ្ដាស​បែប​នេះ ប្រសិន​គាត់​នៅ​ស្រឡាញ់​អ្នក​ខ្លាំង គាត់​ប្រាកដ​ជា​ខឹង និង​ប្រចណ្ឌ​អ្នក​ជាក់ជា​​មិន​ខាន។ ដូច្នេះ​អ្នក​ក៏​អាច​បង្ហាញ​អារម្មណ៍​ដូចគ្នា​​នេះ​ប្រាប់​ទៅ​គាត់ ដើម្បី​ឲ្យ​ភ្ញាក់​រលឹក​ចំពោះ​ទង្វើ​ខុសឆ្គង​របស់​គាត់ និង​ត្រូវតែ​បញ្ឈប់​ជា​បន្ទាន់។

៤.លើក​យក​រឿង​នេះ​មក​និយាយ​ត​ទល់​ផ្ទាល់​ជាមួយ​គាត់

គាត់​ប្រហែល​មិន​ទាន់​ធ្វើ​រឿង​អ្វី​ខុស​ឆ្គង​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នក​​ត្រូវ​សុំ​ការ​ពន្យល់​អំពី​មូលហេតុ​ជាក់លាក់ ដែល​ធ្វើ​ឲ្យ​គាត់​ចំណាយ​ពេល​រាប់​ម៉ោងChat លេង​ជាមួយ​មនុស្ស​ស្រី​មិន​ស្គាល់​គ្នា​ទាំង​នោះ។ ប្រាប់​គាត់​ថា អ្នក​ពិត​ជា​ខ្លាច​ថា​គាត់​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន នៅ​ពេល​ដែល​​ទំនាក់ទំនង​នោះ​កាន់​តែ​ជិតស្និទ្ធ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

៥.តាមដាន​សកម្មភាព​តាម Online គាត់​ឲ្យ​ជាប់

អ្នក​មិន​អាច​ចេះ​តែ​ជឿ​ទុក​ចិត្ត រួច​បណ្ដោយ​ខ្លាំង រហូត​មិន​ដែល​ឆែក​មើល​ម្ដង​សោះ​នោះ​ទេ។ វា​មិន​មែន​ជា​រឿង​អាក្រក់​ខ្លាំង​ឡើយ ព្រោះ​អ្នក​គ្រាន់​តែ​ចង់​ការពារ​បុរស​ជា​ទី​ស្រឡាញ់ មិន​ឲ្យ​ស្រី​ផ្សេង​ឆក់​​​យក​ពី​អ្នក​ប៉ុណ្ណោះ​។ ប្រសិន​​ការ​សន្ទនា​ទាំង​នោះ​ត្រឹម​ជា​រឿង​ការងារ ឬ​មិត្តភាព​ធម្មតា​ៗ អ្នក​ក៏​សប្បាយ​ចិត្ត​ទៅ ប៉ុន្តែ​បើ​វា​លើស​ពី​មិត្ត អ្នក​ក៏​អាច​ដឹង​ភ្លាមៗ ដើម្បី​ដោះស្រាយ​ជាមួយ​គាត់​ទាន់​ស្ថានការណ៍​ដែរ៕

រូបតំណាង

ចុចអាន៖១០​ចំណុច​​សម្គាល់​ថា ​សង្សារ​អ្នក​លួច​មាន​ថ្មី និង​ដំណោះ​ស្រាយ​ឱ្យ​អ្នក​ទី​បី​ខ្ទាត​ចេញ

ប្រភព៖ Likelovequotes អត្ថបទ៖ អូន បញ្ញា

អត្ថបទពេញនិយម