ដំណោះស្រាយ​ងាយ​ៗ​អ្នក​មាន​បញ្ហា​រលាក​ច្រមុះ ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ

  • 2018-03-06 02:28:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សព្វថ្ងៃ​នេះ បញ្ហា​ឈឺ​ក្នុង​ឆ្អឹង​ច្រមុះ ឬ​រលាក​ច្រមុះ​នេះ កំពុងតែ​រាតត្បាត​មនុស្ស​ខ្លាំង​ណាស់។ តែ​កុំ​បារម្ភ កញ្ញា សូម​ណែនាំ​វិធី​ងាយ​ៗ ដែល​អាច​ជួយ​ដោះស្រាយ​បាន​មួយ​ពេល​ៗ ដោយ​មិន​ចាំបាច់​ថ្នាំ៖

១.ម៉ាស៊ីន​ផ្សើម

ខ្យល់​ស្ងួត​អាច​ធ្វើឲ្យ​កកស្ទះ​ចរន្ត​ចូល​ច្រមុះ​របស់​អ្នក ដែល​មិន​មាន​ទឹក​រំអិល​ចេញ។ ឧបករណ៍​សើម​ផ្ដល់​នូវ​ខ្យល់​ដែល​មាន​សំណើម ដើម្បី​ធ្វើឲ្យ​ភាព​ស្ងួត រលាក ឬ​រមាស់​ក្នុង​ប្រហោង​ឆ្អឹង​ច្រមុះ​របស់​អ្នក​ធូរស្រាល​មួយ​រំពេច។ សូម​ព្យាយាម​ប្រើ​វា​ពេញ​មួយ​យប់ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​នៅ​ពេល​ព្រឹក។ ប៉ុន្តែ​ត្រូវ​សម្អាត​ម៉ាស៊ីន​ផ្សើម ឲ្យ​បាន​ញឹកញាប់។

២.ផឹក​ទឹក

ការ​ទទួល​ទាន​ទឹក​គ្រប់គ្រាន់ ធ្វើឲ្យ​រាងកាយ​ទាំង​មូល​មាន​ជាតិ​ទឹក ហើយ​វា​រួមបញ្ចូល​ទាំង​ប្រហោង​ឆ្អឹង​ច្រមុះ​របស់​អ្នក​ផង​ដែរ។ ទឹក​ក៏​នឹង​ជួយ​រក្សា​ទឹក​រំអិល​របស់​អ្នក​ឲ្យ​សើម​ផង​ដែរ ដើម្បី​ឲ្យ​វា​ហូរ​មក​មាន​ភាព​ប្រក្រតី។ ចៀសវាង​ជាតិ​កាហ្វេអ៊ីន ឬ​អាល់កុល ព្រោះ​អាច​បណ្ដាល​អោយ​ខះ​ជាតិ​ទឹក។

៣.ស៊ុប​ក្ដៅ​ៗ

ទឹក​រាវ​ដែល​ក្ដៅ​អាច​ជួយ​បន្ថយ​ការ​ឈឺចាប់​បាន ហើយ​វា​ ក៏​ជួយ​សម្រួល​ដល់​ភាព​ស្ងួត​ក្នុង​បំពង់​ក​បាន​ទៀត​ផង។ ជ្រើសរើស​អាហារ​ដែល​ជា​ស៊ុប និង​មាន​គ្រឿងគ្រៅ​ហិន​បន្តិច ទើប​ជួយ​បន្ថយ​ច្រមុះ​ដែល​រាំង​ស្ទះ​បាន។

៤.កម្ចាត់​អាឡែរហ្សី

ប្រសិនបើ​បញ្ហា​ប្រហោង​​ច្រមុះ​​អ្នក បាន​បង្កឡើង​ដោយ​អាឡែរហ្សី គួរតែ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ប្រើ​ប្រាស់​ខ្នើយ។ អ្នក​អាច​ចាប់ផ្ដើម​ដោយ​ប្រើ​ពូក​ ខ្នើយ ភួយ ស្អាត និង​កុំឲ្យ​សត្វ​ចិញ្ចឹម​ចេញ​ចូល​ក្នុង​បន្ទប់​គេង​របស់​អ្នក។ ជៀសវាង​ប្រើ​អ្វី​ដែល​មាន​ធូលី ឬ​អ្នក​ក៏​គួរតែ​ពាក់​ម៉ាស​នៅ​ពេល​ដែល​អ្នក​ត្រូវ​សម្អាត​តំបន់​មាន​ធូលី​ដី​នៅ​ក្នុង​ផ្ទះ។

៥.អនាម័យ

ការ​អនុវត្ត​ទម្លាប់​អនាម័យ​ល្អ អាច​ជា​រឿង​ធម្មតា ប៉ុន្តែ​វាជា​អ្វី​ដែល​មនុស្ស​ជាច្រើន​តែងតែ​យក​មក​ប្រើ ដើម្បី​រារាំង​បញ្ហា​ច្រមុះ។ កខ្វក់​ពី​ដៃ​របស់​អ្នក អាច​ធ្វើឲ្យ​បាក់តេរី​ចូល​ទៅ​កាន់​ក្នុង​ច្រមុះ យ៉ាង​ងាយ​នៅ​ពេល​អ្នក​ប៉ះ​មុខ។ ដូច្នេះ​ត្រូវ​ចងចាំ​ថា ត្រូវ​លាងដៃ​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ការពារ។

៦.ងូត​ទឹក​ក្ដៅ

កម្ដៅ និង​ចំហាយ​ចេញ​ពី​ផ្កា​ឈូក អាច​បន្ថយ​ការ​កកស្ទះ និង​ជួយ​ឲ្យ​ច្រមុះ​ដក​ដង្ហើម​ស្រួល។

៧.ស្អំ​ក្រណាត់​ក្ដៅ

ប្រសិនបើ​មាន​អារម្មណ៍​ថា ឈឺចាប់​ក្នុង​ច្រមុះ អ្នក​យក​កន្សែង​តូច​មួយ​ទៅ​ជ្រលក់​ទឹក​ក្ដៅ ហើយ​ពូត​ឲ្យ​ស្ងួត ហើយ​ដាក់​ស្អំ​លើ​ភ្នែក វា​អាច​ជួយ​ធ្វើឲ្យ​ដក​ដង្ហើម​ស្រួល​ឡើង​វិញ៕

ចុចអាន៖ម្ដាយ​គ្រប់​រូប​កុំ​អាល​អរ ពេល​ឃើញ​ទារក​ថ្លោស ព្រោះ​ធំ​ឡើងពួកគេក៏នឹងក្លាយជា....

ប្រភព៖ Shape ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម