មក​មើល​វិធី​​ធ្វើ​ម្ហូប​៣​មុខ​ ពេញ​និយម​សម្រាប់​សែន​ចូល​ឆ្នាំ​ចិន​

  • 2018-01-30 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១- សម្ល​ចាប់​ឆាយ៖

គ្រឿង​ផ្សំ

  • ឆ្អឹង​ជំនី​ជ្រូក ឬ​ជើង​ជ្រូក
  • ហៃប៊ី បង្គា​ក្រៀម​
  • ស្បែក​ជ្រូក​ក្រៀម​ ផ្សិត​ត្រចៀក​កណ្ដុរ ពពុះ​សណ្ដែក​ ត្រាំ​ទឹក​ទុក​
  • ការ៉ុត​ ឆៃថាវ​ ស្ពៃក្ដោប​ ស្ពៃ​បូកគោ ដំឡូង​បារាំង ខាត់​ណា ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម
  • អំបិល​ ស្ករ​ ទឹក​ត្រី ម្សៅ​ស៊ុប ប្រេងឆា

វិធី​ធ្វើ

  • ឆ្អឹង​ជំនី​ជ្រូក​ឬ​ជើង​ជ្រូក​លាង​ទឹក​ឱ្យ​ស្អាត រួច​កាប់​ជា​ដុំ​ៗ​ល្មម​

  • ការ៉ុត ឆៃថាវ ដំឡូងបារាំង ចិត​សំបក​លាង​ទឹក​ឱ្យ​ស្អាត រួច​កាត់​ដុំ​ៗ ស្ពៃ​កាត់​កង់ៗ​ ចំណែក​ខាត់ណា​សក​សម្បក​ដើម​ លាង​ទឹក​ឱ្យ​ស្អាត​ កាត់​កង់​ៗ

  • ដាំ​ឆ្នាំង​សម្ល​ ចាក់​ប្រេង​ឆា​ចូល ដាក់​ខ្ទឹម​ចិញ្ច្រាំ​ចូល​ រួច​ចាក់​បន្លែ​ស្ពៃ ខាត់​ណា ការ៉ុត ឆា​ឱ្យ​ទន់​ សឹម​ដួស​ចេញ​។

  • ចាក់​ប្រេង​ឆា​ចូល​ឆ្នាំង​ម្ដង​ទៀត រួច​ចាក់​ខ្ទឹម​ស​ចិញ្ច្រាំ​ឱ្យ​ល្អិត រំលីង​ឱ្យ​ឈ្ងុយ រួច​ដាក់​ឆ្អឹង​​ជ្រូក​ចូល រំងាស់​ឱ្យ​ចេញ​ទឹក​បន្តិច ដាក់​បង្គា​ក្រៀម ហៃប៊ី​ចូល​​ បង់​អំបិល ស្ករ ម្សៅ​ស៊ុប ទឹក​ត្រី​ កូរ​ឱ្យ​សព្វ​ចូល​គ្នា ចាក់​ទឹក​ចូល​បន្តិច​ទុក​ចោល​ប្រហែល​៥នាទី​ ទើប​ដាក់​ស្បែក​ជ្រូក ផ្សិត​ត្រចៀក​កណ្ដុរ ពពុះ​សណ្ដែក​ ឆៃថាវ និង​ដំឡូងបារាំង​ចូល។

  • រំងាស់​ទុក​ចោល​រហូត​ឆ្អឹង​និង​បន្លែ​រាង​ផុយ ទើប​ចាក់​ទឹក​ចូល​​បន្ថែម​ទុក​ឱ្យ​ពុះ ទើប​ចាក់​បន្លែ​ដែល​ឆា​រួច​ចូល​ទៀត។

  • ថែម​គ្រឿង​ និង​ភ្លក់​មើល​ឱ្យ​ល្មម​តាម​ចូល​ចិត្ត​ ពេល​ត្រូវ​ដួស​ដាក់​ចាន សឹម​រោយ​ស្លឹក​ខ្ទឹម​និង​ជី​វ៉ាន់ស៊ុយ​តាម​ក្រោយ​ជា​ការ​ស្រេច។

​​២-គាវបំពង

គ្រឿង​ផ្សំ

  • សម្បក​គាវ
  • សាច់​ជ្រូក​បី​ជាន់ ១៥០​ ក្រាម
  • ត្រាវ​ ២៥០ ក្រាម
  • អំបិល​កន្លះ​ស្លា​ព្រា​កាហ្វេ​
  • ស្ករស​មួយ​ស្លា​ព្រា​កាហ្វេ
  • ម្រេច​មួយ​ស្លា​ព្រា​កាហ្វេ​កន្លះ
  • ស្លឹក​ខ្ទឹម​
  • ទឹក​ប៉េង​ប៉ោះ​មួយ​កូន​ចាន
  • ប្រេង​​ឆា
  • ខ្ទឹម​ស​

វិធីធ្វើ

  • ចិញ្ច្រាំ​សាច់​ជ្រូក​ឲ្យ​ម៉ត់ ឯ​ត្រាវ​ឈូស​តូចៗ។
  • ហាន់​ស្លឹក​ខ្ទឹម ​ដាក់​​​​ក្នុង​ចាន​​សាច់​ជ្រូក​និង​ត្រាវ​​។ ​​ថែម​ស្ករ​ ប៊ីចេង អំបិល​ ម្រេច​ ចូល​ទុក​ធ្វើ​​ស្នូល​គាវ។
  • យក​ស្នូល​ដែល​លាយ​រួច​នោះ មក​ដាក់​ខ្ចប់​សម្បក​គាវ ទុក​មួយ​អន្លើ
  • ដាក់​ដាំ​ខ្លាញ់​ឲ្យ​ក្តៅ​​ ហើយ​បោះ​គាវ​ដែល​ខ្ចប់​រួច​ចូល បំពង​ឱ្យ​ឡើង​ក្រហម​ និង​ក្រៀម​ល្អ​ជា​ការ​ស្រេច។

៣-មីឆា

គ្រឿងផ្សំ

  • មី​មូល ឬ​មី​សរសៃធំ
  • សាច់​គោ បង្គា​ មឹក​ស្រស់
  • ស្នៀតពោត ស្ពែ​បូកគោ ខាត់ណា​​ ការ៉ុត
  • ប្រេងឆា ប្រេងខ្យង​ ស្ករស ទឹក​ត្រី ប៊ីចេង​

វិធី​ធ្វើ

  • ស្រុះ​មី​ឱ្យ​ទន់​ ទុក​មួយ​អន្លើ​

  • សាច់​គោ​ហាន់​ជា​ចំណិត​តូច​ៗ ស្តើង​ៗ

  • បង្គា​បក​សំបក​ចេញ វះ​យក​សរសៃ​ខ្មៅ​នៅ​ខ្នង​ចេញ កាត់​មឹក​ជា​កង់​តូច​ៗ

  • ហាន់​បន្លែ​ជា​កង់​ៗ

  • ចាក់​ប្រេងឆា​ចូល​​​ខ្ទះ ទុក​ឱ្យ​ក្តៅ​រួច​ចាក់​ សាច់​គោ មឹក បង្គា ថែម​ស្ករ ទឹក​ត្រី ប៊ីចេងចូល​ ទុក​ចោល​មួយ​សន្ទុះ​ល្មម​សាច់​ឆ្អិន​​ សឹម​ចាក់​​បន្លែ​ចូល​ឆា​ចុះ​ឡើង រួច​ដាក់​ប្រេងខ្យង​ចូល​ឱ្យ​​សព្វ​​

  • ចាក់​ទឹក​ថែម​បន្តិច បើ​គោក​ពេក​​

  • ទុក​​ឱ្យ​មឹក​ឆ្អិន​បន្តិច ដាក់​មី​​​ចូល​ ឆា​ត្រលប់​ចុះឡើង​​ឱ្យ​សព្វ ​ភ្លក់​មើល​ល្មម​ជា​ការ​ស្រេច៕

  • ម្ហូប​ខ្មែរ​ពិសេស​៣​មុខ ស្រីៗ​គួរ​ចេះ​ធ្វើ​ដើម្បី​ចង​ចិត្ត​ស្វាមី

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម