ទូច ​ស្រី​ល័ក្ខណ៍​ បង្ហើប​តិចនិក​ថែទាំ​កូន​ឲ្យ​មាន​សុខភាព​ល្អ​ និង​ឈ្លាស​វៃ​

  • 2018-01-30 02:27:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កូន​ៗ​មាន​សុខភាព​ល្អ​​ រាងកាយ​លូតលាស់​ និង​ប្រាជ្ញា​ឈ្លាសវៃ​ គឺ​ជា​អ្វី​ដែល​ម្ដាយ​ឪពុក​គ្រប់​រូប​ប៉ង​ប្រាថ្នា។​ ការ​ចិញ្ចឹម​កូន​តូច​ឲ្យ​មាន​សុខភាព​រឹងមាំ​ទាំង​ស្មារតី​និង​រាង​កាយ​ តម្រូវ​ឲ្យ​មាតាបិតា​មាន​ការ​យល់​ដឹង​ច្រើន​ពី​របប​អាហារ​​ ការ​អប់រំ​ និង​ពេល​វេលា​លំហែ។​ ម៉្យាង​ទៀត​ អ្វី​ដែល​កូន​តូច​ត្រូវ​ការ​ខ្លាំង​គឺ​ពេល​វេលា​និង​ភាព​ស្និទ្ធស្នាល​ពី​ម្ដាយ​ឪពុក​នេះ​តែ​ម្ដង។​

តួយ៉ាង​​អ្នក​នាង​ ទូច​ ស្រីល័ក្ខ​​ណ៍ ទោះ​ការ​ងារ​សិល្បៈ​ច្រើន​ប៉ុណ្ណា​ ក៏​នាង​នៅ​តែ​ឆ្លៀត​ពេល​វេលា​នៅ​ជា​មួយ​កូន​ ដើម្បី​ថែទាំ​និង​អប់រំ​ឲ្យ​បាន​ដិត​ដល់។​ ក្នុង​បទ​សម្ភាសន៍​ជា​មួយ​កញ្ញា​ ​ទូច​ ស្រី​លក្ខណ៍​បាន​បញ្ជាក់​ថា​៖​ "ឆ្នាំ​នេះ​កូន​បង​ អាយុ​​​៣​ឆ្នាំ​កន្លះ​ហើយ​ តាំង​ពី​កើត​មក​រហូត​ដល់​ពេល​នេះ​ គឺ​បង​ជា​អ្នក​មើល​ថែ​គេ​ដោយ​ផ្ទាល់​តែ​ម្ដង។​"

តារាស្រី​រាង​ខ្ពស់​ស្រឡះ​រូប​នេះ​​បន្ថែម​ថា​៖​ "របៀប​មើល​ថែ​ទាំ​កូន​របស់​បង​ គឺ​សង្កត់​ធ្ងន់​ទៅ​លើ​របប​អាហារ​របស់​គេ​ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​វីតាមីន​និង​ប្រូតេអ៊ីន​គ្រប់​គ្រាន់។​ ជា​ទូទៅ​អាហារ​ ៣​​ពេល​របស់​គេ​មាន​ ពេល​ព្រឹក​ ទឹក​ដោះ​គោ​ស្រស់​មួយ​កែវ​លាយ​ជា​មួយ​ចេក​ ១​ផ្លែ។​ ថ្ងៃ​ត្រង់​ញ៉ាំ​បាយ​ជា​មួយ​សាច់​ត្រី​ ឯ​ល្ងាច​បាយ​ជា​មួយ​សាច់​មាន់​អី​ជា​ដើម​។​" នាង​បាន​បញ្ជាក់​ថា​ នាង​តែង​ប្រដៅ​កូន​ឲ្យ​ចេះ​សុំ​ការ​អនុញ្ញាត​ មុន​​នឹង​ញ៉ាំ​នំ​ចំណី​ផង​ដែរ​ ហើយ​ដាក់​កំណត់​ថ្ងៃ​​ឲ្យ​គេ​ញ៉ាំ​ចំណី​ដូចជា​សូកូឡា​ និង​ការ៉េម​ពេល​ចុង​សប្ដាហ៍​តែ​ប៉ុណ្ណោះ។​

ចំពោះ​ការ​អប់រំ​វិញ​ នាង​បាន​បញ្ជូន​កូន​ទៅ​រៀន​ភាសា​ខ្មែរ​ពេល​ព្រឹក​ និង​រៀន​អង់គ្លេស​ពេល​ល្ងាច​។​ នាង​តែង​ជូន​កូន​និង​ទុក​ពេល​រសៀល​ឲ្យ​គេ​លេង​ជា​មួយ​មិត្ត​ភក្តិ​គេ​ក្រោយ​ចប់​ម៉ោង​រៀន។​ ចំណែក​ចុង​សប្ដាហ៍​គឺ​ នាង​តែង​តែ​ធ្វើ​ដំណើរ​កម្សាន្ត​ជុំ​គ្រួសារ​​​ ដើម្បី​មាន​ពេល​វេលា​សម្រាក​លំហែ​ជា​មួយ​គ្នា។​

ចុចអាន៖ការសិក្សា​៖ តម​ប្រៃ​អាច​ជួយ​ជីវិត​យើង​បាន​ច្រើន​ហួស​ពី​ការ​ស្មាន

រូបភាព​ផ្តល់ដោយ៖​​ facebook Touch Sreyleak

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម