អាយុ ២៦ឆ្នាំ​ខ្ញុំមិន​ទាន់​រៀប​ការមែន តែ​ជីវិត​ខ្ញុំ​មាន​ក្ដី​សុខ​បំផុត!

  • 2018-01-24 00:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាយុ ២៦ឆ្នាំ ស្ដាប់​ទៅ​ចាស់​ណាស់​មែន​ទេ​សម្រាប់​មនុស្ស​ស្រី? ប៉ុន្តែសម្រាប់​ខ្ញុំវា​គ្រាន់​តែ​ជា​វ័យ​មួយ​ដែលទើប​នឹង​ឆ្លង​កាត់​រឿង​អត់​ប្រយោជន៍​ជា​ច្រើន​ប៉ុណ្ណោះ។

មាន​មិត្តភក្តិ​ខ្ញុំ​ជា​ច្រើន​សួរ​ខ្ញុំ​ថា «​ហេតុី​មិន​ទាន់​រៀប​ការ? ហេតុអី​បណ្ដោយ​ខ្លួន​ឡើង​ជ្រេ​អាយុ​ម្ល៉េះ? អាយុប៉ុណ្ណេះ​គេ​មាន​កូន ២​បាត់​ទៅ​ហើយ​ណា។»

រូបតំណាង

ស្ដាប់​ទៅ​ហាក់​ដូច​ជា​ខ្ញុំ​កំសត់​ណាស់​ ដូច​ខ្ញុំ​ឯកា​ណាស់​ ហើយ​ក៏​ស្ដាប់​ទៅ​ខ្ញុំ​ចំណាយ​ពេល​អត់​ប្រយោជន៍​យ៉ាង​ច្រើន។

ប៉ុន្តែ​បើ​ក្រឡេក​មើល​ឲ្យ​មែន​ទែន​ទៅ ជីវិត​ខ្ញុំ​គឺ​មាន​ក្ដី​សុខ​ជាង​គេ​ឆ្ងាយ​ណាស់។ ខ្ញុំ​មាន​អាជីព​មួយ​យ៉ាង​ពេញលេញ មាន​លុយ​ចាយ​ពេញ​ដៃ ហើយ​មាន​សេរីភាព​យ៉ាង​សម្បូរបែប ខណៈពេល​ដែល​គេ​ចាំ​តែ​នៅ​ផ្ទះ លាដៃ​សុំ​លុយ​ប្ដី​តែ​ប៉ុណ្ណោះ។ និយាយបែប​នេះ​មិន​មែន​ខ្ញុំ​ចង់​សើច​ចំអក​ឲ្យ​គេ​នោះ​ទេ តែ​ខ្ញុំ​ចង់​ប្រាប់​ថា​ខ្ញុំ​សុខចិត្ត​ជ្រេ​វ័យ​បន្តិច​ក៏​មិន​ចង់​ឲ្យ​ជីវិត​ខ្លួន​ឯង​កប់​ចោល​ត្រឹម​តែ​នៅ​មើលផ្ទះ​ មើល​កូន​តែ​ប៉ុណ្ណឹង​ទេ។ ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​ប្ដី​របស់​ខ្ញុំ​រអ៊ូ ឬ​ធុញ​ទ្រាន់​ពេល​ខ្ញុំ​ចង់​បាន​របស់​អ្វី​មួយ​ដែរ។ លើសពី​នេះ​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​កូនៗ​របស់​ខ្ញុំ​រៀន​ត្រឹម​សាលាធម្មតា​ដែរ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​រៀន​បាន​ខ្ពស់​ បាន​ល្អ​ជាង​ខ្ញុំ។

រូបតំណាង

ប្រហែល​ជា​ខ្ញុំ​ជា​មនុស្ស​ស្រី​ខុស​គេ ព្រោះ​ខ្ញុំ​មិន​ចូល​ចិត្ត​ចាយលុយ​នៅ​ក្នុង​ហោប៉ៅ​គេ​ឡើយ រឹត​តែ​មិន​ចង់​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​ចងជើង​ខ្ញុំ​ជាប់ លែង​បាន​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​។

សម្រាប់​ខ្ញុំ​អាយុ​ប៉ុណ្ណេះ​គឺ​ខ្ញុំ​ស្រឡាញ់​ការងារ​ជាង​រឿង​គ្រួសារ​ទៅ​ទៀត ព្រោះ​ខ្ញុំ​គិត​ថា​ពេល​ដែល​ខ្ញុំ​ត្រៀម​លក្ខណៈរួចរាល់​ក្នុង​ការ​បង្កើត​គ្រួសារ ខ្ញុំ​អាច​នឹង​គ្មាន​ពេល​បំពេញ​បំណង​ការងារ​ដែល​ខ្ញុំ​ប្រាថ្នា​ទៀត​ឡើយ។

២៦ឆ្នាំ​សម្រាប់​ខ្ញុំ​គឺ​នៅ​តែ​ក្មេង ហើយ​ជា​វ័យ​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​យល់​ច្បាស់​ពី​តម្លៃ​ពេលវេលា តម្លៃ​ការ​ងារ និង​តម្លៃ​ខ្លួន​ឯង។ ខ្ញុំ​ស្គាល់​មនុស្ស​ជាច្រើន​ ហើយ​ខ្ញុំ​ក៏​ឃើញ​មនុស្ស​ស្រី​ជា​ច្រើន​ដែល​ពួកគេ​មាន​អាយុប៉ុនខ្ញុំ​ត្រូវ​អង្គុយ​នៅ​ផ្ទះ គ្មាន​ពេល​សូម្បី​តែចូលរួម​ការងារ​ដែល​ខ្លួន​ចង់​ធ្វើ មិន​អាច​សូម្បី​តែ​ចង់​ទិញ​របស់​ដែល​ខ្លួន​ចង់​បាន ខណៈពេល​ដែល​ខ្ញុំ​ដើរ​ហើរ​សឹង​តែ​គ្មាន​ពេល​សម្រាក។

រូបតំណាង

កុំ​ប្រៀបធៀប​ជីវិត​អ្នក​មក​ជីវិត​ខ្ញុំ​អី ព្រោះ​ជីវិត​មនុស្ស​ម្នាក់ៗ​ខុសគ្នា ប៉ុន្តែ​ខ្ញុំ​សុំ​តែ​ម្យ៉ាង​ប៉ុណ្ណោះទោះបី​អ្នក​ជ្រើសរើស​មាន​គ្រួសារ​ក៏​ដោយ​ក៏​កុំ​ចោល​ក្ដី​ស្រមៃ កុំ​ចោល​ការងារដែល​អ្នក​ស្រឡាញ់ ព្រោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ជីវិត​នេះ​គ្មាន​ន័យ​អី​ទាំង​អស់៕

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម
អត្ថបទថ្មី