ដាច់ខាត​កុំ​រៀបការ​ជាមួយ​បុរស​ដែល​មាន​ទម្លាប់​១០​យ៉ាង​នេះ​

  • 2018-01-14 03:31:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ជ្រើសរើស​បុរស​ណា​ម្នាក់​ជា​គូ​ជីវិត គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​មនុស្ស​ស្រី​គ្រប់​រូប​។ អ្នក​​ត្រូវ​តែ​​សម្រេច​ចិត្ត​ឲ្យ​បាន​ល្អិតល្អន់​​​​​​​ មុន​នឹង​ឈាន​ជើង​ចូល​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​។ ដើម្បី​ជៀសវាង​វិប្បដិសារី​ ការ​សិក្សា​ស្វែងយល់​ពី​ចំនុច​អាក្រក់ៗ​របស់​គាត់​គឺ​ជា​រឿង​ចាំបាច់ ​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​។ សម្រាប់​ជា​​គំនិត​បន្ថែម ខាង​ក្រោម​នេះ​ជា​ទម្លាប់​១០​យ៉ាង​របស់​មនុស្ស​ប្រុស​ដែល​ចាត់​ទុក​ថា​ពិបាក​ក្នុង​ការ​ទទួល​យក ដូច្នេះ​បើ​អ្នក​ជួប​បុរស​ប្រភេទ​នេះ ការ​ដក​ខ្លួន​ថយ​គឺ​ជា​រឿង​ប្រសើរ​៖​

១.​មិន​ចូលចិត្ត​សត្វ

មនុស្ស​​ដែល​​ស្អប់​សត្វ អាច​ជា​មនុស្ស​ដែល​មិន​សូវ​ចេះ​ផ្ដល់​ក្ដី​​ស្រឡាញ់ ឬ​អាណិត​អាសូរ​ចំពោះ​អ្នក​ដទៃ​។​ ដូច្នេះ​ប្រសិន​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​​ចិញ្ចឹម​សត្វ វា​ប្រហែល​ជា​រឿង​ពិបាក​ក្នុង​ការ​រស់នៅ​ជាមួយ​គ្នា​។​​

២.​មិន​គោរព​​ពាក្យ​សន្យា

ជា​ទូទៅ អ្នកណា​ក៏​​​ធ្លាប់​​ដែរ ប៉ុន្តែ​បើ​គាត់​ក្បត់​ពាក្យ​សន្យា​ខ្លួន​ឯង​ញឹកញាប់​ពេក វា​ប្រហែល​ជា​រឿង​ដែល​ពិបាក​នឹង​ទទួលយក​ណាស់​។

៣.​មិន​ផ្ដល់​ភាព​សំខាន់​ចំពោះ​អ្នក

​ គាត់​មិន​សូវ​ឲ្យ​តម្លៃ​ ឬ​ផ្ដល់​អាទិភាព​ចំពោះ​វត្តមាន​អ្នក​​។​ ក្នុង​​សម្ពន្ធភាព ដែល​ដៃគូ​ណា​ម្នាក់​ទទួល​បាន​ក្ដី​ស្រឡាញ់​តិច​ជាង​គ្នា​ពេក​ ប្រាកដ​ជា​មិន​អាច​បន្ត​ទៅ​មុន​បាន​​យូរ​អង្វែង​នោះ​ទេ​។​

៤.​គិត​ថា​ខ្លួន​ត្រូវ​គ្រប់​ពេល

មនុស្ស​ប្រុស​ដែល​​អាត្មានិយម រឹងរូស គិត​ថា​ខ្លួន​ល្អ​គ្រប់​ដប់ ​ត្រូវ​គ្រប់​ពេល​ ដោយ​មិន​ខ្វល់​ពី​គំនិត យោបល់​អ្នក មិនមែន​ជា​ជម្រើស​ដ៏​ប្រពៃ​សម្រាប់​អ្នក​ឡើយ​។

៥.​លេស​ដោះសា​មិន​ឈប់

នៅ​ពេល​ដែល​គាត់​តែងតែ​ប្រើ​លេស ឬ​ពាក្យ​ដោះសា​ដើម្បី​គេចវេស​ធ្វើ​រឿង​ផ្សេងៗ​មិន​ឲ្យ​អ្នក​ដឹង មាន​ន័យ​ថា​គាត់​មាន​រឿង​សំខាន់​ជា​ច្រើន ដែល​ចាំបាច់​ជាង​អ្នក​។​

៦.​មិន​ខ្វល់ខ្វាយ​ជាមួយ​ជម្លោះ

គូស្នេហ៍​ណា​ក៏​ឈ្លោះ​គ្នា​ដែរ ប៉ុន្តែ​បើ​រាល់​ពេល​ឈ្លោះ​គ្នា គាត់​មិន​ដែល​ខ្វល់​ចង់​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ឬ​ទុក​ឲ្យ​អ្នក​​សម្រុះសម្រួល​គ្រប់​ពេល មាន​ន័យ​ថា​គាត់​មិន​​បាន​ស្រឡាញ់​អ្នក​គ្រប់គ្រាន់​ទេ​។​

៧.​កុហក

ភាព​ស្មោះត្រង់​គឺ​​សំខាន់​ណាស់​​ក្នុង​រឿង​ស្នេហា​។ កុហក​ច្រើន​ដង​ពេក ជា​ពិសេស​រឿង​​សំខាន់ៗ តើ​អ្នក​គិត​ថា​អ្នក​អាច​លើកលែង​ទោស​ឲ្យ​គាត់​បាន​ពេញ​មួយ​ជីវិត​ទេ​?​

៨.​គ្មាន​ម្ចាស់ការ​លើ​ខ្លួន​ឯង

គាត់​​គ្មាន​ភាព​ឯករាជ្យ តែងតែ​ពឹងផ្អែក​លើ​អ្នក​ច្រើន​គ្រប់​រឿង​​។ យូរៗ​ទៅ​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ហត់នឿយ​ជាក់ជា​មិន​ខាន​។​

៩.​មិន​សូវ​ចាស់ទុំ

មនុស្ស​ប្រុស​ដែល​​​មាន​ចរិត​មិន​សូវ​ចាស់ទុំ​ ឧស្សាហ៍​ជះ​កំហឹង ពូកែ​រករឿង​​ដូច​​កូន​ក្មេង ដូច្នេះ​អ្នក​ប្រាកដ​ជា​ត្រូវ​ជួប​រឿង​រកាំរកូស ឈឺ​ក្បាល​មិន​ចេះ​ចង់​បើ​រៀបការ​ជាមួយ​គាត់​។​

១០.​ប្រើ​អំពើ​ហិង្សា

វា​ជា​ទង្វើ​ដែល​មិន​អាច​ទទួល​យក​បាន​សោះ ទោះ​ក្នុង​​កាលៈទេសៈ​ណា​ក៏​ដោយ​។ រៀបការ​ជាមួយ​បុរស​​​​ប្រភេទ​នេះ គឺ​ដូចជា​ធ្លាក់​នរក​ទាំង​រស់​អ៊ីចឹង៕

ប្រភព៖ dailypositiveinfo

ប្រែសម្រួល៖ អូន បញ្ញា