ដឹង​ហើយ​ត្រូវ​ចៀស... មូលហេតុ​ ៦​យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​កើត​មុន​ខ្នង មិន​ងាយ​ជា

  • 2018-01-02 06:25:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ស្លៀក​ឈុត​វាល​ខ្នង​ឲ្យ​សិចស៊ី​នឹង​គេ​ម្ដង ប៉ុន្តែ​ស្បែក​ខ្នង​​ដែល​កើត​មុន​ក៏​ធ្វើ​ឲ្យ​អស់​ភាព​ជឿជាក់​រលីង។ ប្រិយមិត្ត​ទាំង​ឡាយ​ដែល​មាន​បញ្ហា​មុន​ខ្នង​នេះ សាក​ល្បង​មក​មើល​មូលហេតុ ៦​យ៉ាង​​ដែល​បង្ក​​ឲ្យ​កើត​មាន​បញ្ហា​មុន​ខ្នង​ខាង​ក្រោម​នេះ ដើម្បី​អាច​ជៀសវាង​ ​និង​ទទួល​ការ​ព្យាបាល​យ៉ាង​មាន​ប្រសិទ្ធភាព៖

១. សារធាតុ​គីមី​ពី​សាប៊ូ​កក់​សក់

នារី​ៗ​ដែល​កើត​មុន​ខ្នង​មើល​មិន​ជា អាច​បណ្ដាល​មក​ពី​​​ហេតុផល​ច្រើន​យ៉ាង ប៉ុន្តែ​ហេតុផល​មួយ​​ដែល​អ្នក​ត្រូវ​ស្វែង​យល់​នោះ​គឺ សាប៊ូ​កក់សក់​ដែល​​អ្នក​ប្រើ​រាល់​ថ្ងៃ ដែល​អាច​មាន​សារធាតុ​គីមី​ណាមួយ​បង្ក​ឲ្យ​មាន​ប្រតិកម្ម ឬ​ធ្វើ​ឲ្យ​កើត​មុន​ខ្នង។ ដំណោះស្រាយ​នោះ​គឺ អ្នក​ត្រូវ​សាក​ល្បង​ផ្លាស់​ប្ដូរ​វិធី​កក់​សក់​​ ពី​ការ​ឈរ​កក់​សក់​ធម្មតា មក​ជា​ឈរ​ឱន​ក្បាល​ចុះ​​ហើយ​​ព្យាយាម​កុំ​ឲ្យ​សាប៊ូ​ហូរ​ទៅ​ខ្នង ឬ​ក៏​ផ្លាស់​ប្ដូរ​​សាប៊ូ​​​យក​សាប៊ូ​ណា​ដែល​​មិន​សូវ​ប្រតិកម្ម​​ក៏​បាន។  

២. មិន​ងូត​ទឹក​ក្រោយ​ហាត់​ប្រាណ

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​មើ​ថែ​ខ្លួន​ឯង​ដោយ​ការ​ហាត់​ប្រាណ​ជា​ប្រចាំ ក៏​អាច​មាន​បញ្ហា​កើត​មុន​ខ្នង​ដែរ ដូច្នេះ​អ្វី​ដែល​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នោះ​គឺ ការ​​សម្អាត​រាងកាយ​រាល់​ពេល​ក្រោយ​ហាត់​ប្រាណ ព្រោះ​ញើស​ដែល​ចេញ​មក​អាច​ធ្វើ​ឲ្យ​កើត​បាក់តេរី​​នៅ​បរិវេណ​ខ្នង។ គួរ​សម្រាក​មួយ​សន្ទុះ​ឲ្យ​បាត់​ហត់​សឹម​ងូត​ទឹក ប៉ុន្តែ​មិន​ត្រូវ​ទុក​ចោល​ដល់​កន្លះ​ថ្ងៃ ឬ​មួយ​យប់​នោះ​ទេ។

៣. សម្លៀក​បំពាក់​មិន​ស្អាត

សម្លៀក​បំពាក់​គឺ​ជា​បច្ច័យ​សំខាន់​​នៃ​ការ​បង្ក​ឲ្យ​កើត​មុន​ខ្នង​ដូច​គ្នា។ ស្លៀក​សម្លៀក​បំពាក់​ស្អាត ផ្លាស់​ប្ដូរ​ជា​ប្រចាំ នឹង​ជួយ​​ចៀស​វាង​បញ្ហា​​មុន​ខ្នង​បាន ឬ​នៅ​ពេល​បោក​ខោ​អាវ​ គួរ​លាង​ជម្រះ​ជាតិ​សាប៊ូ​ឲ្យ​អស់ ដើម្បី​ចៀសវាង​ការ​ប្រតិកម្ម​ម្សៅ​សាប៊ូ។

៤. អ័រម៉ូន

បញ្ហា​អ័រម៉ូន​ អ្នក​ណា​ក៏​មិន​អាច​ទប់​ស្កាត់​បាន​ដែរ ជា​ពិសេស​ក្នុង​វ័យ​ជំទង់ ការ​កើត​មុន​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា។ ដូច្នេះ​អ្នក​គួរ​មើល​ថែ​ខ្លួន​ដោយ​ការ​​សម្អាត​រៀង​កាយ​ឲ្យ​បាន​ទៀងទាត់ ចៀសវាង​ការ​បរិភោគ​ជាតិ​ខ្លាញ់​ ឬ​អាហារ​​ចៀន ឬ​បំពង​ខ្លាញ់។ បើ​វា​ធ្ងន់ធ្ងរ​មែនទែន អ្នក​​គួរ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូ​ពេទ្យ​ល្អ​ជាង។

៥. ប្រតិកម្ម​ញើស

ការ​ប្រតិកម្ម​ញើស​គឺ​ជា​រឿង​គួរ​ឲ្យ​ពិបាក​ចិត្ត​មួយ​សម្រាប់​​នារី​ជា​ច្រើន ព្រោះ​​ញើស​និង​រាងកាយ​មនុស្ស​គឺ​នៅ​ជាមួយ​គ្នា ហើយ​បើ​កាន់​តែ​ត្រូវ​បញ្ចេញ​កម្លាំង​ខ្លាំង​ៗ និង​អាកាសធាតុ​កាន់​តែ​ក្ដៅ​ទៀត​ញើស​ចេញ​កាន់​តែ​ច្រើន ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​នឹង​កើត​មុន​ខ្នង។ ដំណោះស្រាយ​គឺ​អ្នក​ត្រូវ​ឧស្សាហ៍​ពាក់​អាវ​វាល​ៗ និង​ស្ដើង​ៗ​ដើម្បី​​កុំ​ឲ្យ​​​មាន​ញើស​ច្រើន និង​ងូត​ទឹក​ឲ្យ​បាន​ច្រើន។

៦. ការ​ត្រដុស​ខ្នង​ខ្លាំង​ៗ

នៅ​ពេល​ងូត​ទឹក ប្រិយមិត្ត​ជា​ច្រើន​អាច​នឹង​ត្រូវ​ត្រដុស​បរិវេណ​ខ្នង ដែល​ការ​ត្រដុស​នេះ​​គួរ​តែ​ធ្វើ​ឡើង​ថ្នម​ៗ កុំ​ធ្វើ​វា​ខ្លាំង​ៗ​ពេក ហើយ​កុំ​ប្រើ​ឧបករណ៍​​ដែល​កកិត​​ខ្លាំង​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​ខ្នង​រលាក មិន​រលោង​ស្អាត និង​កើត​មុន​ខ្នង​បាន ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន