សញ្ញាព្រមាននៃជំងឺខ្វះឈាមក្រហម

  • 2023-09-05 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​មាន​អារម្មណ៍​ថា​អស់​កម្លាំង ស្ពឹក ឬ​មាន​អារម្មណ៍​ថា​ពិបាក​ក្នុង​ខ្លួន​ពេញ​មួយ​ថ្ងៃ​ដែរ​ឬទេ? វា​អាច​ជា​ជំងឺ​ខ្វះ​ឈាម​ក្រហម​ដែល​អ្នក​កំពុង​ប្រឈម​ជាមួយ។ ជាតិ​ដែក​ជា​សារជាតិ​ចិញ្ចឹម​ដ៏​សំខាន់​បំផុត​ហើយ​វា​អាច​នឹង​នាំ​ឱ្យ​កើត​មាន​ជំងឺ​ខ្វះ​ឈាម​ក្រហម​ប្រសិន​បើ​អ្នក​ទទួល​វា​តិចតួច​ពេក។ ថា​តើ​រោគ​សញ្ញា​ទាំង​នោះ​មាន​អ្វីខ្លះ ពិនិត្យ​ទាំង​អស់​គ្នា​ណា៖

  • ហេវ​ហត់​អស់​កម្លាំង​ខ្លាំង

ជា​ដំបូង អាការ​ហេវហត់​អស់​កម្លាំង​ជា​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​ខ្វះ​ឈាម​ក្រហម។ ប្រសិន​បើ​អ្នកមាន​ជំងឺ​ខ្វះ​ឈាម​ក្រហម អ្នក​នឹង​មាន​អារម្មណ៍​ថា​ស្ពឹក ឬ​រោយ​ឆ្អឹង មិន​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រកប​កិច្ច​ការងារ និង​ពិបាក​ទ្រាំ​ពេញ​មួយ​ថ្ងៃ។ ប្រសិន​បើ​អ្នក​ហត់​នឿយ​រយៈពេល​២៤​ម៉ោង​ក្នុង​១ ​សប្ដាហ៍ សុខភាព​របស់​អ្នក​ប្រាកដ​ជា​មាន​បញ្ហា សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ភ្លាម​ទៅ។

  • ស្លេក​ស្លាំង

រោគ​សញ្ញា​ធម្មតា​មួយ​ដែល​អ្នក​អាច​កត់​សម្គាល់​ថា​អ្នក​មាន​ជំងឺ​ខ្វះ​ឈាម​ក្រហម​ឬ​អត់ គឺ​អ្នក​ត្រូវ​ពិនិត្យ​មើល​ផ្នែក​ខាង​ក្រោម​នៃ​ត្របក​ភ្នែក​របស់​អ្នក។ ប្រសិន​បើ​វា​មាន​ពណ៌​ផ្កាឈូក​ស្រាល ឬ​ពណ៌ ស ជា​ជាង​ពណ៌​ផ្កាឈូក​តែ​ម្ដង រាងកាយ​របស់​អ្នក​កំពុង​តែ​ខ្វះជាតិ​ដែក​ហើយ។

  • អាការៈ​ខ្សោយ

ប្រសិន​បើ​អ្នក​មាន​បញ្ហា​ក្នុង​ការ​ឡើង​ជណ្ដើរ ឬ​ក្នុង​កំឡុង​ពេល​ហាត់​កីឡា ឬ​លើក​វត្ថុ​អ្វី​ម្យ៉ាង ហើយ​មាន​អារម្មណ៍​ថា​ដក​ដង្ហើម​សឹង​តែ​មិន​ដល់​គ្នា អាការៈ​នេះ​បង្ហាញ​ថា​អ្នក​ខ្វះ​ជាតិ​ដែក​ហើយ និង​មិន​ទទួល​បាន​អ៊ុកស៊ីហ្ស៊ែន​គ្រប់​គ្រាន់​ផង​ដែរ។ អ្នក​មាន​អារម្មណ៍​ថា​ខ្សោយ​ក្នុង​ខ្លួន មមើមមាយ និង​វិលមុខ​ផង​ដែរ។

  • មាន​ចំណង់​អាហារ​ខុស​ធម្មតា

ស្ដាប់​មើល​ទៅ​ដូច​កូនក្មេង​អ៊‍ីចឹង។ ប៉ុន្តែ​វា​ជា​ការ​ពិត ប្រសិន​បើ​រាងកាយ​របស់​អ្នក​ខ្វះជាតិ​ដែក​នោះ​អ្នក​នឹង​ចង់​ទទួល​ទាន​ក្រដាស ដីឥដ្ឋ ដី និង​ទឹកកក​ជា​ដើម។

-​​ ត្រជាក់​ដៃនិង​ជើង

វា​កើត​ឡើង​ចំពោះ​មនុស្ស​ជា​ច្រើន ពួកគេ​មាន​អារម្មណ៍​ថា​ដៃ និង​ជើង​របស់​ពួកគេ​មាន​សភាព​ត្រជាក់​រហូត​សូម្បី​តែ​ក្នុង​រដូវ​ក្ដៅ​ក៏​ដោយ។ នេះ​ជា​រោគសញ្ញា​ដែល​បណ្ដាល​មក​ពី​ការ​ខ្វះជាតិ​ដែក។

  • ជ្រុះ​សក់

ប្រសិន​បើ​សក់​របស់​អ្នក​ជ្រុះ​ច្រើន ហើយ​ក្រាស់​សិតសក់​របស់​អ្នក​ជាប់​សុទ្ធ​តែ​សក់​ដែល​ខូច នេះ​ហើយ​ជា​អាការៈ​ដែល​បណ្ដាល​មក​ពី​កង្វះ​ឈាម​ក្រហម​ដែល​កើត​ឡើង​ពី​កង្វះ​ជាតិ​ដែក។

  • ឈឺ​ក្បាល

អាការ​ឈឺ​ក្បាល ស្រ្តេស និង​ប្រកាំង​កើត​ឡើង​ទៅ​លើ​មនុស្ស​ជា​ច្រើន ប៉ុន្តែ​ប្រសិន​បើ​អ្នក​កំពុង​តែ​ប្រឈម​មុខ​ជាមួយ​នឹង​អាការៈ​នេះ ហើយ​មិន​អាច​រក​វិធី​ក្នុង​ការ​បំបាត់​អាការៈ​ឈឺ​ចុក​ចាប់​នេះ​បាន មាន​ន័យថា​អ្នក​ជា​ជន​រងគ្រោះ​នៃ​ជំងឺ​ខ្វះ​ឈាម​ក្រហម​ហើយ។

  • ចង្វាក់​បេះដូង​លោត​ខុស​ធម្មតា និង​មិន​ទៀង​ទាត់

កង្វះ​ជាតិ​ដែក​នឹង​ធ្វើ​ឱ្យ​បេះដូង​របស់​អ្នក​លោត​លឿន​ខុស​ធម្មតា។ ហើយ​ប្រសិន​បើ​បេះដូង​របស់​អ្នក​លោត​លឿន​ខ្លាំង នោះ​ឈាម​របស់​អ្នក​នឹង​កើន​ឡើង​ខុស​ធម្មតា​ដោយ​ហេតុ​ជាតិ​ក្រហម​នៃ​ឈាម​មាន​ការ​ចុះ​ខ្សោយ ហើយ​វា​នឹង​បណ្ដាល​ឱ្យ​បេះដូង​របស់​អ្នក​លោត​ខុស​ធម្មតា។

  • អណ្ដាត​មាន​អាការៈ​ហើម និង​ឈឺ

ប្រសិន​បើ​អណ្ដាត​របស់​អ្នក​មាន​អាការ​ហើម និង​ឈឺ នោះ​អ្នក​ត្រូវ​តែ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ភ្លាម​ទៅ។

  • ថប់​បារម្ភ

ខណៈ​ដែល​បេះដូង​របស់​អ្នក​លោត​លឿន​ខុស​ធម្មតា អ្នក​នឹង​មាន​អារម្មណ៍​ចេះ​តែ​រសាប់​រសល់​ក្នុង​ខ្លួន។ ប៉ុន្តែ​ប្រសិន​បើ​នៅ​សុខៗ​អ្នក​មាន​អារម្មណ៍​ថា​ថប់​បារម្ភ នោះ​វា​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ខ្វះ​ឈាម​ក្រហម​ហើយ៕  

ប្រភព៖ Zeppfeed ប្រែ​សម្រួល៖ ដេត ធន្នី

អត្ថបទពេញនិយម