កុំបណ្តោយ ! អ្នកនឹងខ្វាក់បាន បើភ្នែកប្រឈមនឹងស្ថានភាពបែបនេះ
- 2020-08-07 10:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំបណ្តោយ ! អ្នកនឹងខ្វាក់បាន បើភ្នែកប្រឈមនឹងស្ថានភាពបែបនេះ
ភ្នែកជាសិរីរាង្គដ៏សំខាន់របស់មនុស្ស។ ប៉ុន្តែដោយសារតែការរីកសុះសាយផ្សេងៗនៅក្នុងសង្គម រួមទាំងតម្រូវការងារ មនុស្សជាច្រើនបានចំណាយពេលសម្លឹងមើលទូរសព្ទ ឬកុំព្យូទ័ររយៈពេលយូរ។ បើភ្នែករបស់អ្នក កំពុងស្ថិតក្នុងស្ថានភាពដូចខាងក្រោម ច្បាស់ណាស់វាងាយនឹងប្រឈមទៅជាខ្វាក់ ឬជំងឺភ្នែកយ៉ាងពិតប្រាកដនៅថ្ងៃណាមួយ។
១. ភ្នែកស្ងួត
នៅពេលដែលអ្នកប្រើភ្នែកសម្លឹងអ្វីមួយយូរម៉ោង ដោយមិនសូម្បីតែព្រិចឲ្យបានញឹកញាប់ វាងាយនឹងធ្វើឲ្យភ្នែកស្ងួតជាទីបំផុត។ ជាទូទៅ មនុស្សពេញវ័យព្រិចភ្នែក១៥ដង ក្នុងមួយនាទី ហើយគុណប្រយោជន៍នេះ ជួយឲ្យផ្ទៃកែវភ្នែកមានសំណើមឡើង។ តែដោយសារអ្នករវល់ផ្តោតលើអ្វីមួយខ្លាំងពេក រហូតមិនបានចាប់អារម្មណ៍ថាភ្នែករបស់អ្នកព្រិចបានញឹកញាប់ឬអត់ទេ ហើយករណីនេះក៏ជះឥទ្ធិពលអាក្រក់ផងដែរ។
២. ទីតាំងគ្រាប់ភ្នែកចាប់ផ្តើមខុសប្រក្រតី
ជាទូទៅ វាច្រើនកើតឡើងលើកុមារ និងមនុស្សវ័យជំទង់។ យោងតាមអ្នកជំនាញស្រាវជ្រាវ ជំងឺនេះហៅថា Strabismus ។ មូលហេតុដែលធ្វើឲ្យកុមារមានទំនោរងាយទៅរកជំងឺនេះ គឺដោយសារការ សម្លឹងទូរសព្ទត្រឹមចម្ងាយ ២០ -៣០ cm ពីអេក្រង់ ហើយការភ្ជាប់ប្រព័ន្ធប្រសាទរវាងកែវភ្នែកនិងខួរក្បាលកុមារនៅមិនទាន់ពេញលេញនៅឡើយ។ ដូច្នេះការប្រើកែវភ្នែកមិនត្រឹមត្រូវជាមួយរយៈចម្ងាយ និងយូរពេក បណ្តាលឲ្យកើតជំងឺនេះយ៉ាងខ្លាំង។ ក្រៅពីនេះវាក៏មានឥទ្ចីពលលើចក្ខុវិស័យ បណ្តាលឲ្យប្រែជាស្រអាប់បន្តិចម្តងៗ និងបាត់បង់ចក្ខុវិស័យដែលបង្កើតបានដោយមិនដឹងខ្លួនទៀតផង។
ចំណែកមនុស្សវ័យជំទង់វិញ កើតឡើងភាគច្រើនដោយសារការគេងមើលទូរសព្ទក្នុងទ្រង់ទ្រាយមិនត្រឹមត្រូវ។ ដូចជាផ្តេកខ្លួនសម្លឹងមើលទូរសព្ទ ដែលងាយឲ្យភ្នែករងសម្ពាធជាទម្ងន់។ បើសម្លឹងយូរម៉ោងពេក គ្រាប់ភ្នែកខាងឆ្វេងនិងស្តាំនឹងប្រែជាអន់បន្តិចម្តងៗ ហើយសូម្បីចក្ខុវិស័យក៏ប្រែជាលំអៀងខុសទីតាំងប្រក្រតីដែរ។
៣. ភ្នែកមានស្ថានភាពតឹងតែង
ដោយសារតែមើលអេក្រង់កៀកនិងយូរពេក ភ្នែករបស់អ្នកងាយឈឺផ្សារ និងស្ងួតបំផុត។ លើសពីនេះ ពន្លឺពណ៌ខៀវរបស់អេក្រង់ទូរសព្ទបានដាក់សម្ពាធលើភ្នែកឲ្យក្តៅ ពិសេសនៅពេលអ្នកមើលក្នុងទីងងឹត ។ ពន្លឺជះពីអេក្រង់នោះត្រឹមតែកន្លះម៉ោង នឹងងាយឲ្យកើតជំងឺភ្នែកយ៉ាងខ្លាំង។ បន្ទាប់ពីមានអារម្មណ៍ថាផ្សារភ្នែក ថ្ងៃណាមួយវានឹងប្រឈមការខ្វាក់ ឬមើលមិនឃើញច្បាស់។ ជាទូទៅ ជំងឺនេះច្រើនកើតលើមនុស្សចាស់ តែបច្ចុប្បន្នគេសង្កេតឃើញកើតលើមនុស្សវ័យក្មេងផងដែរ។
៤. ពេលខ្លះឈឺក្បាល ចង់ក្អួត វិលមុខក៏មាន
នេះបណ្តាលមកពីការរក្សាឥរិយាបថសម្លឹងមើលអេក្រង់រយៈពេលយូរ ដោយមិនប្តូរចលនា។ សម្ពាធឈាមក្នុងខួរក្បាលមិនធ្វើចលនាបានល្អ ដែលងាយឲ្យប្រព័ន្ធត្រចៀកខាងក្នុងនិងរាងកាយបាត់បង់តុល្យភាព។ នៅពេលខួរក្បាលគិតថាធ្វើចលនា តែតាមពិតរាងកាយបែរជានៅស្ងៀម ដូច្នេះប្រព័ន្ធវិញ្ញាណក៏ចាប់ផ្តើមចម្រូងចម្រាសក្នុងពេលជាមួយគ្នា ដែលបណ្តាលឲ្យទៅជាមានអាការៈមិនស្រួលកើតឡើង។
៥. មើលឃើញវត្ថុព្រាលៗ
ការសម្លឹងមើលអេក្រង់យូរម៉ោងពេក ហើយភ្លាមៗពេលសម្លឹងមើលមកវត្ថុអ្វីមួយ ស្រាប់តែឃើញព្រាលៗ ឬវត្ថុនោះបែងភាគ នោះជាសញ្ញាអាក្រក់ហើយ។ នេះគួបផ្សំនឹងការចូលគេងយប់ជ្រៅពេក ព្រមទាំងអស់កម្លាំងខ្លាំង វាងាយនឹងមានលក្ខខណ្ឌទាំងនេះណាស់។
ដោយសារតែតម្រូវការការងារ មនុស្សជាច្រើនបានចំណាយពេលមើលអេក្រង់ទូរសព្ទ ឬកុំព្យូទ័រអស់ជាច្រើនម៉ោង ទើបធ្វើឲ្យភ្នែកប្រែជាយ៉ាប់យឺនៗឡើង។ យ៉ាងណាក៏ដោយ អ្នកក៏អាចលៃលកដោយមធ្យោបាយដូចជា ៖
កុំដាក់ពន្លឺអេក្រង់ក្នុងកម្រិតចាំងខ្លាំងពេក
បើកអំពូលតូចមួយនៅពេលអ្នកចង់មើលទូរសព្ទនៅពេលយប់
ចម្ងាយសម្លឹងពីកុំព្យូទ័រគួរពី ៥០ -៧០ cm ហើយចម្ងាយពីទូរសព្ទគួរ ៣០ -៥០ cm
នៅពេលភ្នែករបស់អ្នកមានអារម្មណ៍ថាអស់កម្លាំង អ្នកត្រូវសម្រាកភ្នែកមួយស្របក់សិន
កុំភ្លេចប្រើផលិតផលផ្តល់សំណើមដល់ភ្នែកដូចជា ថ្នាំបន្តក់ភ្នែកជាដើម
អនុវត្ត គន្លឹះ ២០ -២០ -២០ គឺបើអ្នកសម្លឹងអស់២០នាទី ត្រូវចាំថាសម្រាក២០វិនាទី ឬក៏ងាកចេញពីអេក្រង់មួយភ្លែតសិន ដោយព្យាយាមសម្លឹងទៅឲ្យឆ្ងាយចម្ងាយ ២០ Feet ឬសម្លឹងទៅមើលរុក្ខជាតិពណ៌បៃតង កាន់តែល្អប្រសើរ៕