ហេតុអីអ្នកចាកចេញ​ទាំង​គ្មាន​ហេតុផល​ និងគ្មាន​ពាក្យ​លា​សូម្បី​​មួយម៉ាត់​មក​ខ្ញុំ?

  • 2017-08-29 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ពាក្យ​ក្នុង​ចិត្ត​ជា​ច្រើន​ដែល​ចង់​និយាយ​ទៅ​កាន់​គេ តែ​មិន​ដឹង​ថា​និយាយ​ហើយ​ពួក​យើង​បាន​អី​មក​វិញ។ យូរ​ដែល​ហើយ​ដែល​ពួក​យើង​មិន​បាន​និយាយ​គ្នា ខ្ញុំ​ពិត​ជា​នឹក​សម្លេង​អ្នក​ណាស់ ហើយ នឹក​ពាក្យពេចន៍​ដែល​អ្នក​ធ្លាប់​និយាយ​មក​កាន់​ខ្ញុំ​ដែរ។ ខ្ញុំ​ចាំ​ច្បាស់​ជាង​គេ​គឺ​ពាក្យ​មួយ​ឃ្លា​ដែល​អ្នក​និយាយ​ប្រាប់​ខ្ញុំ​ថា**«ចាប់​ពី​ថ្ងៃ​នេះ​ទៅ​គ្រាន់​តែ​ដឹង​ថា​​អូន​មាន​បង ហើយ បង​ជា​របស់​អូន​ទៅ​បាន​ហើយ។»** វា​ជា​ពាក្យ​ដែល​នៅ​ក្នុង​ការ​ចងចាំ​ខ្ញុំ​ជានិច្ច។

ខ្ញុំ​ដឹង​ប្រហែល​ជា​ខ្ញុំ​ស្រឡាញ់​អ្នក​តែ​ឯង​រហូត​មក ហើយ​ខ្ញុំ​ដឹង​ថា​ខ្លួន​ឯង​ល្ងង់​ដែល​ដឹង​ថា​ថ្ងៃ​នេះ​នឹង​មក​ដល់​ហើយ​ខ្ញុំ​នៅ​តែ​ដើរ​ចូល​ជីវិត​អ្នក។ រយៈ​ពេល​មិន​យូរ​ទេ​ដែល​យើង​ស្រឡាញ់​គ្នា តែ​ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​អ្នកខ្លាំង ហើយ​រឿង​ដែល​ខ្ញុំ​គិត​មិន​ដល់​គឺ​អ្នកចាកចេញ​ទាំង​គ្មាន​ហេតុផល និង ពាក្យ​លា​មួយ​ម៉ាត់។ ខ្ញុំ​ខុស​អី​មែន​ទេ? អ្នក​អត់​ដែល​ស្រឡាញ់​ខ្ញុំ​ទេ​មែន​ទេ? គ្រាន់​តែបន្សល់​ហេតុផល​មួយ​ឲ្យ​ខ្ញុំ​អស់​ចិត្ត​មិន​បាន​ទេ​មែន​ទេ? បើ​គ្មាន​ហេតុផល​ក៏​គួរ​តែ​លា​ខ្ញុំ​​មួយ​ម៉ាត់​ដែរ តែ​នេះ​អ្វី​ក៏​គ្មាន​ទាំង​អស់។

តាំង​ពី​ពេល​ដែល​អ្នក​ចាកចេញ​មក​ដល់​ពេល​នេះ ខ្ញុំ​ចង់​ប្រាប់​ថា​ខ្ញុំ​នៅ​តែ​ស្រឡាញ់​អ្នក តែ​កុំ​ព្រួយ​អី​ខ្ញុំ​មិន​រំខាន​អ្នក​នោះ​ទេ ហើយ​ខ្ញុំ​នឹង​ប្រើ​ពេល​វេលា​ដើម្បី​បំភ្លេច​អ្នក។ អ្វី​ដែល​ខ្ញុំ​សង្ឃឹម​គឺ​គ្រាន់​តែ​ចង់​ឃើញ​អ្នក​រស់​នៅ​ដោយ​រីករាយ​ និង ជួប​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ពិត។

អរគុណ​ដែល​បាន​ដើរ​ចូល​ក្នុង​ជីវិត​ខ្ញុំ​ទោះ​បី​ពេល​ខ្លី​ក៏​ដោយ ហើយ​ខ្ញុំ​មិន​ដែល​ស្ដាយ​ក្រោយ​នោះ​ទេ​ដែល​ខ្ញុំ​ស្គាល់​អ្នក ទោះ​បី​ជា​ខ្ញុំ​មិន​ដឹង​ថា​អ្នក​មាន​មូល​ហេតុ​អី​ក៏​ដោយ តែ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ទទួល​ការ​ឈឺចាប់​មួយ​នេះ៕​

ពី៖ នារី​ម្នាក់

ចុចអាន៖សុខ​ចិត្ត​ឈឺ​ចាប់​ដោយ​ការ​ពិត ជាជាង​លួងលោម​​ចិត្ត​ដោយ​ការ​បោកប្រាស់

អត្ថបទ៖ ផេង ផលធិតា