ក្តៅក្នុង កើតឡើងដោយសារអ្វី? តើត្រូវព្យាបាល និងការពារយ៉ាងណា?

  • 2024-11-17 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា “ក្តៅក្នុង” មនុស្សជាច្រើនប្រហែលជាធ្លាប់ជួបប្រទះខ្លះៗរួចមកហើយ ដោយនៅសុខៗស្រាប់តែមានពងបែកក្លាយជាដំបៅនៅក្នុងមាត់ លើសាច់ខាងក្នុងថ្ពាល់ ឬលើអណ្តាតតែម្តង ហើយភាគច្រើនមិនដឹងថាមកពីមូលហេតុអ្វីឡើយ ដូច្នេះហើយទើបថ្ងៃនេះ ទំព័រសុខភាពរបស់ទស្សនាវដ្តី ឡារ៉ែន ស្វែងរកចម្លើយមកជូនមិត្តអ្នកអានឱ្យបានជ្រាបទាំងអស់គ្នា។

  • ក្តៅក្នុងគឺជាអ្វី?

ក្តៅក្នុង ជាអាការដែលមានពងបែកក្លាយជាដំបៅនៅក្នុងប្រអប់មាត់ ដោយអាចកើតនៅលើសាច់ថ្ពាល់ខាងក្នុង លើអណ្តាត ឬលើផ្នែកណាមួយនៅក្នុងមាត់ក៏មាន។ ខ្នាតរបស់ដំបៅអាចនឹងតូចកម្រឹតតែមិនប៉ុន្មានមីល្លីម៉ែត្រ រហូតទៅដល់សង្ទីម៉ែត្របាន និងអាចកើតច្រើនជាង 1 ដំបៅបានដូចគ្នា ដោយដំបៅទាំងនោះនឹងមានអាការផ្សា ធ្វើឱ្យទទួលទានអាហារមិនស្រួល។ ក្តៅក្នុងបណ្តាលមកពីអ្វី?

មូលហេតុរបស់អាការក្តៅក្នុងបណ្តាលមកពីបច្ច័យជាច្រើន តែដែលជួបប្រទះច្រើននោះគឺ ៖

– ពូជអម្បូរ

– ភាពតានតឹងធុញថប់

– ភ្លេចខ្លួនខាំសាច់ថ្ពាល់ខាងក្នុងខ្លួនឯង

– ប្រតិកម្មចាញ់សារធាតុគីមីផ្សេងៗ ដូចជា សារធាតុគីមីពីថ្នាំដុសធ្មេញ ទឹកថ្នាំខ្ពុរមាត់ ជាដើម

– ប្រតិកម្មចាញ់អាហារប្រភេទខ្លះ

– ខ្វះវីតាមីន និងសារធាតុប្រភេទខ្លះ ដូចជា វីតាមីន B សារធាតុដែល និងស័ង្កសី

– ឆ្លងមេរោគបាក់តេរីប្រភេទខ្លះ

– ឆ្លងមេរោគវីរុសមួយចំនួន ដូចជា ជំងឺរើម ជាដើម

– ញ៉ាំទឹកតិច

– រាងកាយខ្វះសារធាតុអាហារ

– បរិភោគអាហារដែលមានរសជាតិខ្លាំងៗជ្រុលពេក

– បរិភោគអាហារចៀនបំពងច្រើនជ្រុលពេក

– ជក់បារី

– រាងកាយកើតមានភាពខុសប្រក្រតីក្នុងប្រព័ន្ធប្រឆាំងជំងឺ អាចគេងសម្រាកមិនបានគ្រប់គ្រាន់រហូតបាត់បង់តុល្យការ

– អំឡុងពេលដែលស្រ្តីកំពុងមានវដ្តរដូវ អាចហុចផលឱ្យអ័រម៉ូនក្នុងរាងកាយប្រែប្រួល និងអាចកើតអាការក្តៅក្នុងបាន

ក្តៅក្នុង គ្រោះថ្នាក់ដែរឬទេ? ការកើតអាការក្តៅក្នុងនេះ ក្រៅពីកើរអាការឈឺផ្សាក្រហាយខ្លាំង ធ្វើឱ្យពិបាកក្នុងការកម្រើកបបូរមាត់ និងទទួលទានអាហារហើយនោះ គេមិនឃើញមានគ្រោះថ្នាក់អ្វីដែលខ្លាំងក្លាជាងនេះឡើយ ព្រោះភាគច្រើនដំបៅក្តៅក្នុងនេះអាចជាបាត់ទៅវិញដោយឯកឯង ឬបើមិនចង់ពិបាកយូរក៏អាចប្រើថ្នាំជួយឱ្យដំបៅក្តៅក្នុងនេះឆាប់ជាបាត់ទៅវិញបានដែរ តែសំខាន់បំផុតគឺ កុំឱ្យដំបៅឆ្លងមេរោគ ព្រោះអាចត្រូវប្រើពេលវេលាព្យាបាលកាន់តែយូរឡើង។

វិធីកែអាការក្តៅក្នុង

ដូចដែលបានរៀបរាប់ពីខាងដើមរួចមកហើយ ដំបៅក្តៅក្នុងតូចៗអាចជាបាត់ទៅវិញបានដោយឯកឯងក្នុងរយៈពេល 1 សប្តាហ៍ តែបើជាដំបៅក្តៅក្នុងដែលមានខ្នាតធំ ឬចង់ឱ្យឆាប់ជាបាត់ទៅវិញនោះ អាចព្យាបាលបានដូចតទៅ ៖ 1 . ខ្ពុរមាត់នឹងទឹកសេរ៉ូម ឱ្យទឹកសេរ៉ូមត្រូវបរិវេណដំបៅ ព្រោះទឹកសេរ៉ូមនឹងជួយសម្រាលអាការក្លាយរលាក ហើមក្រហមបាន។

2 . ថ្នាំលាបបំបាត់អាការក្តៅក្នុង ជាក្រុមរបស់ពពួកថ្នាំ ស្ទៀរ៉យ ប្រភេទលាប ដើម្បីកាត់បន្ថយអាការរលាកក្លាយ ឈឺ ហើមអាចជាថ្នាំទឹក ជាក្រមួន ឬជាទឹក ថ្នាំខ្ពុរមាត់ក៏បាន។

3 . ឱសថបុរាណដែលមានឬទ្ធិត្រជាក់ មានច្រើនយ៉ាងដែលមានឬទ្ធិព្យាបាលអាការក្តៅក្នុង ដូចជា ស្លឹកត្រចៀកក្រាញ់ ផ្លែម្រះអាចម៏ចាប ត្រសក់ ស្ពៃស មើមឈូក ជាដើម ញ៉ាំទឹកឱសថបុរាណទាំងនេះនឹងជួយសម្រាលអាការក្តៅក្នុងបាន(តែកុំលាយស្ករច្រើនពេក)។

វិធីការពារអាការក្តៅក្នុង 1 . មិនទទួលទានអាហារដែលមានរសជាតិខ្លាំងៗ និងអាហារចៀនបំពងច្រើនពេក

2 . ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ក្នុងមួយថ្ងៃ 6 – 8 កែវ 3 . គេងសម្រាកឱ្យបានគ្រប់គ្រាន់

4 . ហាត់ប្រាណជាប់ជាប្រចាំ មិនបណ្តោយឱ្យខ្លួនឯងមានអារម្មណ៍តានតឹងធុញថប់ច្រើនជ្រុលពេក

5 . រក្សាអនាម័យ និងសម្អាតក្នុងប្រអប់មាត់យ៉ាងប្រយ័ត្នប្រយែង កុំដុសធ្មេញខ្លាំងៗពេក

6 . បរិភោគអាហារឱ្យគ្រប់ 5 ប្រភេទក្រុម

7 . ឧស្សាហ៍សង្កេតមើលភាពខុសប្រក្រតីរបស់ខ្លួនឯងជាប់ជានិច្ច ដើម្បីប្រញាប់ទៅជួបគ្រូពេទ្យភ្លាម បើមានភាពចាំបាច់

អាការក្តៅក្នុងមិនមែនជាបញ្ហាធំទេ តែវាសាងនូវក្តីរំខាន និងលំបាកក្នុងការរស់នៅរបស់អ្នកដែលកើតអាការនេះច្រើនយ៉ាងមិននឹកស្មានដល់ ដូច្នេះការការពារខ្លួនឯងពីអាការក្តៅក្នុងក៏ជាវិធីមួយដែលនឹងជួយឱ្យយើងរស់នៅបានយ៉ាងមានសេចក្តីសុខដោយងាយៗដែរ៕

ប្រភព៖ 24h.com.vn ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម