ការបរិភោគផ្លែកំពីងរាជ្យទាំងគ្រាប់អាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត

  • 2024-09-16 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លែបំពេញរាជ្យ ឬភាសានិយាយហៅ ផ្លែកំពីងរាជ្យ (Scientific name: Sandoricum koetjape, English name: Santol, Wild mangosteen) គឺជាប្រភេទផ្លែឈើមួយដែលប្រជាពលរដ្ឋកម្ពុជាស្គាល់ និងនិយមទទួលទានសឹងគ្រប់ៗគ្នា។ ប៉ុន្តែបងប្អូនពិតជាមិនសូវចាប់អារម្មណ៍ថាការបរិភាគផ្លែឈើនេះទាំងគ្រាប់អាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬអាចបង្កជាគ្រោះថ្នាក់រហូតដល់ចាំបាច់ត្រូវព្យាបាលដោយការវះកាត់ទៀតផង។

១. តើប្រព័ន្ធរំលាយអាហាររបស់មនុស្សអាចរំលាយ ឬកិនបំបែកគ្រាប់ផ្លែកំពីងរាជ្យនេះបានដែរឬទេ?

ជាធម្មតាគ្រាប់ផ្លែកំពីងរាជ្យមិនអាចរំលាយឬកិនបំបែក ដោយសារទឹកអាស៊ីតក្រពះនិងសរីរាង្គផ្សេងៗនៃប្រព័ន្ធរំលាយអាហាររបស់មនុស្សបានឡើយ។ គ្រាប់ផ្លែនេះនឹងត្រូវបន្តបញ្ជូនទៅតាមពោះវៀនតូច ហើយមកស្តុកទុកចុងបញ្ចប់ក្នុងផ្នែកខាងចុងនៃពោះវៀនធំ (Rectum និង Sigmoïde) មុនបន្ទោរបង់ចេញមកជាមួយលាមក។

២ .ផលវិបាកដែលបង្កឡើងដោយគ្រាប់ផ្លែកំពីងរាជ្យក្នុងប្រព័ន្ធរំលាយអាហារមនុស្ស ៖

  • រំខានដល់ការរំលាយអាហារនិងចលនាបញ្ជូនចំណីក្នុងក្រពះពោះវៀនដែលធ្វើឲ្យមានអាការៈ ឆាប់ឆ្អែត ចុកឆ្អល់ ឈឺពោះមួល ចង្អោរ ឬក្អួតជាដើម។

  • បង្កឲ្យរលាកតាមផ្លូវរំលាយអាហារដែលមានអាការៈ ចុកពោះ រាគមួល និង គ្រុនក្ដៅ។

  • បង្កឲ្យលាមករឹងក្ដៀន ពិបាកបន្ទោរបង់។

៣​. ផលវិបាកធ្ងន់ធ្ងរ ៖

  • គ្រាប់កំពីងរាជ្យកកស្ទះយូរក្នុងពោះវៀនធំ ដែលនៅលាយឡំនឹងលាមកក្ដៀនបង្កឲ្យពោះវៀនបាត់បង់សមត្ថភាពរុញកាកសំណល់ចេញមកក្រៅ ធ្វើឲ្យអ្នកជំងឺមិនអាចជុះលាមកច្រើនថ្ងៃ រហូតដល់តឹងពោះខ្លាំង ហូបមិនបាន និងមានការក្អួតខ្លាំងក្រោយហូបអាហារ។

  • គ្រាប់កំពីងរាជ្យដែលកកស្ទះយូរក្នុងពោះវៀន បានកកិតនឹងភ្នាសពោះវៀនដែលកំពុងរលាក គឺអាចបង្កឲ្យមានការចាក់មុតធ្លុះដាច់ធ្លាយពោះវៀនសាយភាយលាមកនិងមេរោគ បណ្ដាលឲ្យរលាកស្រោមពោះធ្ងន់ធ្ងរ(Péritonite) ដែលពេលខ្លះការមកដល់មន្ទីរពេទ្យយឺតយាវរបស់អ្នកជំងឺ ធ្វើឲ្យមានការលំបាកក្នុងការសង្រ្គោះអាយុជីវិត ទោះបីបានព្យាបាលដោយការវះកាត់ក៏ដោយ។

៤. ជាទូទៅផលវិបាកធ្ងន់ធ្ងរទាំងនេះងាយកើតលើបុគ្គល ៖

  • មនុស្សវ័យចំណាស់ ដែលមានប្រព័ន្ធរំលាយអាហារខ្សោយស្រាប់។

  • មនុស្សមានជំងឺផ្លូវរំលាយអាហារស្រាប់ អ្នកឧស្សាហ៍ក្ដៀនលាមកដែលជារឿយៗពិបាកបន្ទោរបង់។

  • មនុស្សមានជំងឺប្រចាំកាយ និងប្រព័ន្ធភាពស៊ាំចុះខ្សោយដែលងាយឆ្លងរោគ ហើយងាយរលាកផ្លូវអាហារ ដូចជាអ្នកកើតជំងឺទឹកនោមផ្អែម និងអ្នកកើតជំងឺឱកាសនិយមផ្សេងៗជាដើម។

  • មនុស្សប្រើថ្នាំជំងឺប្រចាំកាយស្រាប់មួយចំនួន ដែលថ្នាំខ្លះមានសកម្មភាពឲ្យចលនាពោះវៀនថយចុះ (ថ្នាំមួយចំនួនក្នុងជំងឺប្រព័ន្ធប្រសាទ និងជំងឺផ្លូវចិត្ត)។ ង) វិធីព្យាបាលផលវិបាកនៃការលេបគ្រាប់ផ្លែកំពីងរាជ្យ៖

  • ក្នុងករណីហូបគ្រាប់ផ្លែកំពីងរាជ្យចំនួនតិច អាចបង្កផលវិបាកកម្រិតស្រាល ដែលទាមទារការព្យាបាលដោយប្រើថ្នាំបន្ទន់លាមក ក្នុងគោលបំណងឲ្យបានបន្ទោរបង់គ្រាប់កំពីងរាជ្យទាំងនោះចេញមកវិញ។

  • តែផ្ទុយទៅវិញ ក្នុងករណីអ្នកជំងឺមានផលវិបាកធ្ងន់ធ្ងរទាំងពីរដូចបានរៀបរាប់ខាងលើ គឺចាំបាច់ព្យាបាលដោយការវះកាត់ក្នុងគោលបំណងយកគ្រាប់ផ្លែបំពេញរាជ្យ និងលាមកដែលកកស្ទះក្នុងពោះវៀនចេញ ហើយលាងសម្អាតស្រោមពោះ ព្រមទាំងវះកាត់ពោះវៀនធ្លាយទៅតាមក្បួនវេជ្ជសាស្រ្ត។

ក្នុងរយៈពេលមួយខែចុងក្រោយនៅមន្ទីរពេទ្យកាល់ម៉ែត បានទទួលព្យាបាលអ្នកជំងឺចំនួន៤នាក់ ដែលបានពិសាផ្លែកំពីងរាជ្យទាំងគ្រាប់ ក្នុងនោះ១នាក់វ័យចាស់អាយុជាង៧០ឆ្នាំរងផលវិបាកកម្រិតស្រាលដោយសារគាត់ពិសាតិចគ្រាប់ គឺទទួលការព្យាបាលដោយថ្នាំ និង ៣នាក់រងផលវិបាកធ្ងន់ធ្ងរ (១នាក់អាយុ២៧ឆ្នាំ និង២នាក់ទៀតចន្លោះអាយុពី ៦០ឆ្នាំ ទៅ ៨០ឆ្នាំ) ដោយបង្កឲ្យធ្លាយពោះវៀនធំ និងសាយភាយមេរោគបណ្ដាលឲ្យរលាកស្រោមពោះខ្លាំង ហើយតម្រូវព្យាបាលដោយការវះកាត់។ តែទោះយ៉ាងណាអ្នកជំងឺបានធ្លាក់ក្នុងសភាពលំបាកក្នុងការសង្រ្គោះជីវិត។

ដូចនេះសូមបងប្អូនមេត្តាកុំបរិភោគគ្រាប់ផ្លែឈើធំៗ ដែលមិនអាចរំលាយក្នុងប្រព័ន្ធរំលាយអាហារមនុស្សយើងបាន ដូចជាគ្រាប់ផ្លែកំពីងរាជ្យនេះជាដើម ដើម្បីចៀសវាងផលប៉ះពាល់ដល់សុខភាព និងគ្រោះថ្នាក់ដល់អាយុជីវិត។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម