គន្លឹះ​ថែ​ទាំ​សុខភាព ពេល​អាកាសធាតុ​ក្ដៅ

  • 2024-03-10 03:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាកាស​ធាតុ​ក្ដៅ​ខ្លាំង​អាច​បណ្ដាល​ឲ្យ​យើង​មាន​ជំងឺ ឬ​​ស្លាប់​បាន ប៉ុន្តែ​បញ្ហា​ទាំង​នេះ​យើង​អាច​ការពារ​បាន​។ នៅ​សហរដ្ឋ​អាមេរិក​មាន​មនុស្ស​ស្លាប់​ដោយ​ការ​អាកាស​ធាតុ​ក្ដៅ​ប្រហែល​ ១ ២២០​នាក់​ក្នុង​មួយ​ឆ្នាំ​។

​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​អាកាស​ធាតុ​ក្ដៅ យើង​ត្រូវ​នៅ​កន្លែង​មាន​ម្លប់ ឬ​ត្រជាក់ ជាពិសេស​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​។ ​​អ្នក​ដែល​ងាយ​រងគ្រោះ​ដោយ​សារ​កម្ដៅ​ គឺ​មនុស្ស​វ័យ​ចំណាស់ ​កុមារ​អាយុ​ក្រោម​ពីរ​ឆ្នាំ​ និង​​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ។

គន្លឹះ​ការពារ​ខ្លួន​ពី​សីតុណ្ហភាព​ក្ដៅ​

ដើម្បី​ការ​ពារ​​កុំ​ឲ្យ​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​អាកាស​ធាតុ​ក្ដៅ​ខ្លាំង យើង​គួរ​អនុវត្ត​វិធានការ​ចាំបាច់​មួយ​ចំនួន​។

  • ​នៅ​ក្នុង​អគារ​កុំ​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​ ឬ​​បន្ទប់​ម៉ាស៊ីន​ត្រជាក់​ ព្រោះ​ថា​ម៉ាស៊ីន​ត្រជាក់​ជួយ​ការពារ​យើង​ពី​ជំងឺ​កើត​ចេញ​ពី​អាកាស​ធាតុ​ក្ដៅ​ខ្លាំង។
  • ​ញ៉ាំទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ ឬ​ច្រើន​ជាង​ពេល​ធម្មតា និង​ត្រូវ​ញ៉ាំ​ទឹក​បើ​ទោះ​ជា​មិន​ស្រេក​ក៏​ដោយ​
  • ​កាត់​បន្ថយ​ការ​ចេញ​ក្រៅ​អគារ​នៅ​ពេល​ព្រះ​អាទិត្យ​កំពុង​បញ្ចេញ​កម្ដៅ​ខ្លាំង​
  • កុំ​ទុក​ក្មេង ឬ​សត្វ​ចិញ្ចឹម​ក្នុង​រថ​យន្ត​
  • ងូត​ទឹក​ដើម្បី​​ដើម្បី​រក្សា​រាង​កាយ​ឲ្យ​ត្រជាក់​

​អ្នក​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​

​ថ្វី​បើ​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ប្រឈម​នឹង​ជំងឺ​បង្ក​ឲ្យ​សីតុណ្ហភាព​ក្ដៅ ប៉ុន្តែ​​ក្រុម​មនុស្ស​ខ្លះ​មាន​ភាព​ងាយ​រង​គ្រោះ​ជាង​អ្នក​ផ្សេង។ អ្នក​ទាំង​នោះ​មាន​ដូច​ជា៖

  • ទារក និង​កុមារ
  • មនុស្ស​វ័យ​៦៥​ឆ្នាំ​ឡើង
  • ​អ្នក​មាន​បញ្ហា​ធាត់​លើស​ទម្ងន់
  • អ្នក​មាន​បញ្ហា​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង​

បើ​ក្នុង​គ្រួសារ​យើង​មាន​សមាជិក​គ្រួសារ​ដូច​បាន​រៀប​រាប់​ខាង​លើ​ យើង​គួរ​តាម​ដាន​សុខភាព​ពួក​គាត់​ឲ្យ​បាន​ទៀង​ទាត់ និង​ត្រូវ​ប្រាកដ​ថា​អ្នក​ទាំង​នោះ​បាន​ញ៉ាំ​ទឹក​គ្រប់​គ្រាន់ និង​បាន​នៅ​កន្លែង​ដែល​មិន​មាន​កម្ដៅ​ខ្លាំង​រំខាន​ដល់​សុខ​ភាព​។

ប្រភព៖ CDC ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម