ឥរិយាបថ ៤ យ៉ាង បង្ហាញថាកុមារមាន "អំណាចបញ្ញា" មិនធម្មតា

  • 2024-01-22 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាមរយៈអាកប្បកិរិយាប្រចាំថ្ងៃរបស់កុមារ ឪពុកម្តាយអាចដឹងថាតើកូនរបស់ពួកគេឆ្លាតឬអត់។មានឥរិយាបថ៤យ៉ាងរបស់ក្មេង ដែលបង្ហាញថា កុមារ មានអំណាចខាងបញ្ញា នោះគឺ៖

១ កុមារតែងតែចង់ដឹងចង់ឃើញ

កុមារដែលមានការចង់ដឹងចង់ឃើញដោយធម្មជាតិ ច្រើនតែបង្ហាញភាពវៃឆ្លាតខ្ពស់។ ជាឧទាហរណ៍ ក្មេងប្រុសម្នាក់ត្រូវបានម្តាយទិញពណ៌ថ្នាំលាប ប៉ុន្តែលាយពណ៌ដោយខ្លួនឯងជំនួសឱ្យការប្រើពណ៌ដែលមាន។ ភាពរីករាយនៃការរកឃើញ និងការសួរសំណួររាប់ពាន់ “ហេតុអ្វី” បានជាកូនមានគំនិតបែបនេះ វាអាចជាសញ្ញានៃភាពឆ្លាតវៃរបស់កូនអ្នក។ ការចង់ដឹងចង់ឃើញគឺជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍន៍ការយល់ដឹង ធ្វើអោយប្រសើរឡើងនូវការយកចិត្តទុកដាក់ ការចងចាំ និងសមត្ថភាពដោះស្រាយបញ្ហា។

២ កុមារមានជំនាញអនុវត្តល្អ

កុមារដែលមានគំនិតល្អ តែងតែបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវត្ថុបច្ចេកទេស និងរចនាសម្ព័ន្ធនៅជុំវិញខ្លួន។ ទោះបីជានេះអាចធ្វើឲ្យខូចសណ្តាប់ធ្នាប់ផ្ទះ និងតម្រូវឱ្យឪពុកម្តាយចំណាយពេលសម្អាតក៏ដោយ បទពិសោធន៍ និងការអភិវឌ្ឍន៍ដ៏ទូលំទូលាយដែលកុមារទទួលបានគឺមានតម្លៃទាំងស្រុង។

៣ សមត្ថភាពបញ្ចេញភាសាល្អ

សមត្ថភាពរបស់កុមារក្នុងការបញ្ចេញមតិតាមរយៈការនិយាយមិនត្រឹមតែជាសភាវគតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃការអភិវឌ្ឍន៍ខួរក្បាលផងដែរ។ សមត្ថភាពភាសាគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍបញ្ញា។ តាំងពីកំណើតមក កុមាររៀនប្រាស្រ័យទាក់ទងគ្នាដោយការសង្កេត និងធ្វើត្រាប់តាមអ្នកជុំវិញខ្លួន បង្កើតវាក្យសព្ទ និងរចនាសម្ព័ន្ធប្រយោគបន្តិចម្តងៗ ហើយនៅទីបំផុតអាចទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។

ដូច្នេះហើយ សមត្ថភាពរបស់កុមារក្នុងការនិទានរឿងយ៉ាងច្បាស់ មិនត្រឹមតែបង្ហាញពីទេពកោសល្យក្នុងការនិយាយរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភស្តុតាងនៃការអភិវឌ្ឍន៍បញ្ញា ដោយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើដំណើរការសិក្សា និងការប្រាស្រ័យទាក់ទង ក៏ដូចជាការអភិវឌ្ឍន៍ដ៏ទូលំទូលាយរបស់កុមារនៅពេលក្រោយ។

៤ មានជំនាញសង្គមល្អ និងងាយស្រួលបង្កើតមិត្ត

កុមារដែលមានជំនាញសង្គមល្អ និងសមត្ថភាពក្នុងការបង្កើតមិត្តបានយ៉ាងងាយស្រួល ជារឿយៗបង្ហាញពីការអភិវឌ្ឍន៍បញ្ញាខ្ពស់។ ជំនាញសង្គមនេះឆ្លុះបញ្ចាំងពីភាពចាស់ទុំក្នុងទិដ្ឋភាពដូចជាការយល់ដឹង ការគ្រប់គ្រងអារម្មណ៍ កិច្ចសហប្រតិបត្តិការ និងការប្រាស្រ័យទាក់ទង។ កុមារដែលមានផាសុកភាព និងទំនុកចិត្តក្នុងអន្តរកម្មសង្គម ច្រើនតែមានអារម្មណ៍ថាមានសុវត្ថិភាព ហើយទំនងជាមិនសូវជួបប្រទះនឹងការភ័យខ្លាច ឬការថប់បារម្ភនៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម