តស់ ម៉ាក់ៗ មកដឹងវិធីសាស្ត្រជួយទារកនៅពេល ក្អែទឹកដោះ

  • 2023-12-19 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្អែទឹកដោះជាបញ្ហាដែលតែងតែកើតមានលើទារក និងកុមារតូចៗ ហើយក៏ជាកង្វល់របស់ឪពុកម្តាយភាគច្រើនដែរ។ ជាទូទៅគេច្រើនសង្កេតឃើញនៅសប្តាហ៍ទី ២ ទៅទី ៣ ក្រោយកើត កាន់តែខ្លាំងឡើងនៅពេលកុមារមានអាយុ ៤ ទៅ ៥ខែ ហើយភាគច្រើនបាត់ទៅវិញនៅរវាង ៩ ទៅ ១២ខែ។

មូលហេតុចម្បងៗ ដែលធ្វើឲ្យក្មេងក្អែទឹកដោះរួមមាន៖

  • ការឲ្យបៅលើសចំនួន

  • ការបំបៅមិនបានត្រឹមត្រូវ ធ្វើឲ្យក្មេងលេបខ្យល់ចូលក្នុងពោះច្រើន

  • យំខ្លាំង ឬពេលក្អក

វិធីជួយទារកក្នុងការ កាត់បន្ថយ ឬកុំឲ្យមានការក្អែទឹកដោះមានដូចខាងក្រោម៖

  • បំបៅដោះកូន (តាមការសិក្សាការបំបៅដោះពិតជាអាចកាត់បន្ថយការក្អែបានច្រើន ជាងក្មេងដែលបៅទឹកដោះគោ)។

  • លើកបញ្ឈរកូន ១០ ទៅ ១៥នាទី ក្រោយពេលបៅហើយ

  • បំបៅញឹកញាប់ តែកាត់បន្ថយបរិមាណទឹកដោះ

  • ពន្យារពេលម៉ោងសម្រាប់លេងឲ្យបានយូរ បន្ទាប់ពីបៅ

  • ជៀសវាងការស្លៀកខោទឹកនោម ឬសម្លៀកបំពាក់រឹបតឹងពេក

  • ផ្លាស់ប្តូររបបអាហារមួយចំនួនសម្រាប់អ្នកម្តាយបំបៅដោះកូន (ជៀសវាងការបរិភោគអាហារមានជាតិជូរដូចជា ក្រូចឆ្មា ក្រូច ប៉េងប៉ោះ ។ល។ អាហារមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ តែ សូកូឡា ។ល។ ម្រេច និងអាហារមានជាតិខ្លាញ់ច្រើន)

  • ប្តូរក្បាលដោះ ប្រសិនបើក្មេងបៅទឹកដោះគោ

ភាគច្រើននៃការក្អែទឹកដោះ មិនមានមកពីជំងឺទេ ហើយកុមារក៏មានការលូតលាស់ និងឡើងគីឡូជាធម្មតា។ ប្រសិនបើមាតាបិតា អាចអនុវត្តតាមវិធានការខាងលើ មិនត្រឹមតែជួយឲ្យកុមារគេចផុតពីការក្អែទឹកដោះប៉ុណ្ណោះទេ តែក៏អាចជួយកុមារកុំឲ្យមានបញ្ហាទល់ខ្យល់ និងចុកឆ្អល់ពោះបានផងដែរ។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម