តើគ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចបង្ការបានដែរឬទេ?

  • 2023-09-14 07:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល គឺជាមូលហេតុចំបងទីមួយ នៃពិការភាពនៅទូទាំងសកលលោក ជាពិសេសលើមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ។

ក្នុងរវាងកន្លះសតវត្សចុងក្រោយ អត្រានៃបញ្ហានេះមានការថយចុះប្រហែល ៤០ភាគរយនៅប្រទេសអភិវឌ្ឍន៍ តែមានការកើនឡើង ១០០ភាគរយនៅបណ្តាប្រទេសដែលមានចំណូលទាប និងមធ្យម។

ដោយសារតែគ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាលភាគច្រើនមានសភាពធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យស្លាប់ ឬបន្សល់នូវពិការភាព​ច្រើន ទោះបីបច្ចុប្បន្ននេះមានការព្យាបាលដោយបច្ចេកវិទ្យាទំនើបៗក៏ដោយ ទើបមានការសិក្សាស្រាវជ្រាវជាច្រើន ដើម្បីស្វែងរកវិធីបង្ការកុំឲ្យកើតមានជំងឺនេះ។

ថ្ងៃនេះ កញ្ញានឹងនាំយកពីវិធីបង្ការខ្លួនពីជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។

កត្តាដែលអាចបង្កាជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដែលយើងគ្រប់គ្នាអាចអនុវត្តបានគឺ ការផ្លាស់ប្តូរទម្លាប់មួយចំនួនក្នុងជិវិតរស់នៅប្រចាំថ្ងៃរបស់យើង(Lifestyle change) ដែលរួមមានការផ្តោតលើរបបអាហារដែលមានសុខភាពល្អ ការធ្វើលំហាត់ប្រាណ ការរក្សាតុល្យភាពរាងកាយរបស់យើង។

១. ការបរិភោគអាហារល្អចំពោះសុខភាព

ដើម្បីចៀសឆ្ងាយពីគ្រោះថ្នាក់សរសៃឈាមខួរក្បាល យើងគប្បីជ្រើសរើសរបបអាហារសម្រាប់ទទួលទានរាល់ថ្ងៃដូចជា៖

  • ត្រូវពិសារអាហារដែលមានជាតិអំបិលតិចបំផុត
  • ពិសាបន្លែ និងផ្លែឈើឲ្យបានច្រើនមុខ
  • ត្រូវបញ្ចូលគ្រាប់ធញ្ញជាតិទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង

របបអាហារសុខភាពពិតជាមានសារៈសំខាន់ក្នុងការកាត់បន្ថយបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហានេះបាន តាមរយៈការការពារជំងឺមួយចំនួនដូចជា៖

  • ជំងឺលើសឈាម
  • ជំងឺទឹកនោមផ្អែម
  • ជំងឺលើសជាតិខ្លាញ់
  • ជំងឺធាត់
  • ជំងឺគេងស្រម៉ុក
  • និងជំងឺសរសៃឈាមបេះដូងជាដើម

២. លំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណមានសមត្ថភាពក្នុងការកាត់បន្ថយជំងឺលើសឈាម និង​មូលហេតុបង្កផ្សេងៗមួយ​ចំនួន​ទៀត នៃជំងឺសរសៃឈាម។ ជាទូទៅ យើងត្រូវធ្វើលំហាត់ប្រាណឲ្យបានយ៉ាងតិចពី ៣ ទៅ ៤ដង ក្នុងមួយសប្តាហ៍ និងម្ដងៗមានរយៈពេលយ៉ាងតិច ៣០នាទី។

៣. ការរក្សាតុល្យភាពរាងកាយ

ក្រៅពីការបរិភោគអាហារសុខភាព និងការធ្វើលំហាត់ប្រាណ មានកត្តាផ្សេងៗទៀត ដែលយើងត្រូវយកចិត្តទុកដាក់ដូចជា៖

  • ត្រូវរក្សាទម្ងន់ឲ្យបានសមស្រប • បុរស៖ រង្វង់ចង្កេះកុំឲ្យលើសពី ៩០ សង់ទីម៉ែត្រ • នារី៖ រង្វង់ចង្កេះកុំឲ្យលើសពី ៨០ សង់ទីម៉ែត្រ

អ្នកជំងឺគប្បីត្រូវពិនិត្យ និងព្យាបាល ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ ជំងឺបេះដូង និងសរសៃឈាមឲ្យបានត្រឹមត្រូវ និងត្រូវធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់ជាមួយនិងក្រុមវេជ្ជបណ្ឌិតជំនាញ។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital អត្ថបទដោយ៖ សុលក្ខិណា

អត្ថបទពេញនិយម