ឧស្សាហ៍ចុកពោះឈឺក្រពះ នេះជាអ្វីគួរស្វែងយល់​

  • 2023-08-10 07:51:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សព្វថ្ងៃ មានប្រជាជនកម្ពុជាជាច្រើនដែលកំពុងជួបប្រទះនឹងវិបត្តិរំលាយអាហារ (functional dyspepsia) ដោយគ្រាន់តែអ្នកពុំបានដឹងថាវាជាជំងឺតែប៉ុណ្ណោះ។ ជំងឺនេះមានលក្ខណៈរ៉ាំរ៉ៃ ដែលអាចប៉ះពាល់ដល់ការងារ និងជីវភាពប្រចាំថ្ងៃរបស់អ្នកជំងឺ និងគ្រួសារ។

មូលហេតុនៃវិបត្តិរំលាយអាហារ

វិបត្តិរំលាយអាហារអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា៖

  • ការប្រព្រឹត្តទៅមិនប្រក្រតីនៃចលនាការរំលាយអាហាររបស់ក្រពះ
  • ការទទួលរំញោចលើសលប់របស់ក្រពះ
  • មេរោគក្រពះ (Helicobacter Pylori)
  • កត្តាផ្លូវចិត្ត

រោគសញ្ញានៃវិបត្តិរំលាយអាហារ

វិបត្តិរំលាយអាហារមានរោគសញ្ញា ៤ធំៗគឺ៖ • បរិភោគអាហារឆាប់ឆ្អែត • តឹងណែនពោះក្រោយបរិភោគ • ឈឺចុងដង្ហើម • ក្រហាយចុងដង្ហើម

រោគសញ្ញាគ្រោះថ្នាក់រួមមាន៖ • ការលេចឡើងថ្មីៗនូវរោគសញ្ញាលើអ្នកដែលមានអាយុលើសពី ៤៥ឆ្នាំ • ការស្រកទម្ងន់ដោយគ្មានមូលហេតុ • ពិបាកលេប ឬលេបឈឺ • ក្អួតមិនបាត់ • ស្លេកស្លាំង • ស្ទាបប៉ះដុំនៅចុងដង្ហើម • ប្រវត្តិគ្រួសារមានជំងឺមហារីក ក្រពះពោះវៀនផ្នែកខាងលើ • បន្ទោបង់មានឈាម • កើតលឿង • រោគសញ្ញាបន្ទាប់បន្សំដូចជា ក្អួតចង្អោរ ហើមពោះ ភើជាដើម ។

ការធ្វើរោគវិនិច្ឆ័យ៖

ការធ្វើរោគវិនិច្ឆ័យពឹងផ្អែកទាំងស្រុងតាមរយៈការសាកសួររោគសញ្ញាពីអ្នកជំងឺផ្ទាល់ ហើយក៏អាចឈានទៅដល់ការមើលឈាម មើលអេកូពោះ និងការឆ្លុះក្រពះ។ ក្នុងករណីជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ឬមានរោគសញ្ញាគ្រោះថ្នាក់ដែលសង្ស័យថាមានជំងឺផ្សេងៗដូចជា ជំងឺដំបៅក្រពះ មហារីកក្នុងបំពង់អាហារផ្នែកខាងក្រោម និងក្រពះ។

តើវិបត្តិរំលាយអាហារមានការព្យាបាលបែបណា?

ការព្យាបាលវិបត្តិរំលាយអាហាររួមមាន៖

  • ក្នុងករណីមានមេរោគក្រពះ ត្រូវព្យាបាលបំបាត់មេរោគក្រពះជាមុនសិន
  • ប្រើថ្នាំបន្សាបជាតិអាស៊ីត រយៈពេលណាមួយជាក់ច្បាស់ អាស្រ័យទៅតាមស្ថានភាពរបស់អ្នកជំងឺ
  • ផ្តល់ប្រឹក្សា និងទំនុកចិត្តដល់អ្នកជំងឺ។

ជំងឺវិបត្តិរំលាយអាហារ គឺជាជំងឺរ៉ាំរ៉ៃ ប្រសិនបើអ្នកជំងឺមិនទទួលបានការព្យាបាលឲ្យបានត្រឹមត្រូវទេនោះ វាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃព្រមទាំងមានការចំណាយច្រើន។ ដូច្នេះបើលោកអ្នកកើតមាននូវរាល់រោគសញ្ញាដែលបានរៀបរាប់ខាងលើនេះ គួរពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital អត្ថបទដោយ៖ សុលក្ខិណា