បុរសអាយុ ២៥​ឆ្នាំ​នៅ​ឲ្យ​ម្ដាយ​ជូន​ទៅ​សារភាព​ស្នេហ៍ ត្រូវ​គេ​បដិសេធ​ម្ដាយ​ឌុប​មក​វិញ

  • 2022-08-16 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿងរ៉ាវ​បុរស​ពេញ​វ័យ​ម្នាក់​នៅ​ពឹង​ម្ដាយ​ឲ្យ​ជូន​ទៅ​សារភាព​មនោសញ្ចេតនា​កំពុង​ជា​ប្រធាន​បទ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​លើ​បណ្ដាញ​សង្គម​វៀតណាម។

កាល​ពី​ថ្ងៃ​ទី ១៤ ខែ​សីហា​មុន​នេះ បណ្ដាញ​ព័ត៌មាន Vnexpress បាន​ឲ្យ​ដឹង​ថា ប្រធាន​បទ​អំពី​បរុស​ម្នាក់​ឲ្យ​ម្ដាយ​ជូន​ទៅ​សារភាព​នឹង​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់ កំពុង​ត្រូវ​បាន​គេ​វែកញែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម។

តាម​នោះ​ដែរ បុរស​ម្នាក់​អាយុ ២៥​ឆ្នាំ កម្ពស់ ១.៨០ម បាន​ពឹង​ឲ្យ​ម្ដាយ​ជូន​ទៅ​សារភាព​មនោសញ្ចេតនា​នឹង​មនុស្ស​ស្រី​ម្នាក់​ដែល​លោក​ស្រលាញ់​ជា​យូរ​មក​ហើយ​នោះ នៅ​ខណ្ឌទី​១ ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម។

អ្នក​មាន​វត្តមាន​នៅ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទម្លាក់​កូន​ប្រុស​ដល់​កន្លែង មួយ​សន្ទុះ​ក្រោយ​មក​ អ្នក​ម្ដាយ​នេះ​បាន​ត្រលប់​មក​វិញ​ជាមួយ​ផ្កា​មួយ​បាច់​លើ​ដៃ ព្រោះ​កូន​ប្រុស​ភ្លេច​យក​ផ្កា​មក​តាម។ ប្រភព​ដដែល​បានឲ្យ​ដឹង​ថា ក្រោយ​ពេលនារី​ដែល​ត្រូវ​បាន​សារភាព​នេះ​បដិសេធ បុរស​ខាង​លើ​បាន​ឈរ​មួយ​សន្ទុះ​ធំ មិន​ដឹង​ធ្វើ​អ្វី​ទាំង​អស់ ចាំ​ដល់​ម្ដាយ​ជិះ​ម៉ូតូ​មក​យក​ទៅ​វិញ។

ខណៈ​មតិ​មួយ​ចំនួន​លើក​ឡើង​ថា បុរស​រូប​នេះ​នៅ​ពឹង​ផ្អែក​លើ​ម្ដាយ​ច្រើន​ពេក​នោះ មនុស្ស​ជា​ច្រើន​បាន​យោគ​យល់​ដល់​លោក​ដោយ​បាន​បញ្ចេញ​មតិ​ថា លោក​ពិត​ជា​មាន​ហេតុផល​របស់​ខ្លួន​ទើប​ពឹង​ឲ្យ​ម្ដាយ​ជួយ​បែប​នេះ ព្រោះ​មនុស្ស​ម្នាក់​ៗ​មាន​ភាព​ក្លាហាន​ខុស​ៗ​គ្នា៕

ប្រភព៖ 2dep.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម