រៀបចំខ្លួនឲ្យបានល្អដោយវិធីទាំង៦យ៉ាងនេះ មិនខ្វះការឲ្យតម្លៃពីបុរសដែលខ្លួនស្រលាញ់

  • 2022-01-23 05:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ក្លាយ​ជា​មនុស្ស​ស្រី​មាន​ភាព​ទាក់​ទាញ ​និង​ត្រូវ​បាន​គេ​ផ្តល់​តម្លៃ ​អ្នក​គប្បី​​ប្រកាន់​ខ្ជាប់​នូវ​​គំនិត​​៦​យ៉ាង​ខាង​ក្រោម។

១. សើច​ឲ្យ​បាន​ច្រើន​ពេល​នៅ​ជាមួយ​​គាត់

​ទោះ​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ស្នាម​ញញឹម ​តែ​ស្នាម​ញញឹម​របស់​អ្នក​អាច​ខុស​ពី​អ្នក​ដទៃ​។ ​​មនុស្ស​ស្រី​ដែល​មាន​ភាព​រីក​រាយ​ក្នុង​ខ្លួន ​នឹង​​ឆក់​យក​ភាព​ទាក់​ទាញ​ពី​បុរស​បាន ព្រោះ​មនុស្ស​គ្រប់​គ្នា​ស្រលាញ់​ថាម​ពល​វិជ្ជមាន។

២. ធ្វើ​ជា​អ្នក​ស្តាប់​ដ៏​ល្អ​

នៅ​ពេល​ជួប​​នរណា​ម្នាក់​លើក​ដំបូង ​អ្នក​អាច​ចំណាយ​​ពេល​ច្រើន​ដើម្បី​និយាយ​ពី​ខ្លួន​ឯង អំ​ពី​ចំណង់ចំណូល​ចិត្ត … ​ដើម្បី​ទទួល​បាន​ចំណាប់​អារម្មណ៍​។ ​តែ​​ថ្ងៃ​បន្ទាប់ ​អ្នក​គួរ​ធ្វើ​ជា​អ្នក​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​វិញ ​ទើប​ធ្វើ​​ឲ្យ​ដៃគូ​ម្ខាង​ទៀត​មិន​សូវ​ធុញ​ទ្រាន់ និង​ផ្តល់​តម្លៃ​ឲ្យ​អ្នក។

៣. តែង​ខ្លួន​សម​រម្យ

​មិន​មែន​គ្រប់​មនុស្ស​ប្រុស​ទាំង​អស់ សុទ្ធ​តែ​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​តែង​ខ្លួន​សម្ញែង​ហួស​ហេតុ​ទេ។ ​ត្រឹម​មាន​ក្លិន​ខ្លួន​ក្រអូប ​​ស្លៀក​ពាក់​សម​រម្យ ​​សក់​ក្បាល​មិន​រញ៉េរញ៉ៃ គឺ​គ្រប់​គ្រាន់​ហើយ។ ​រាង​កាយ​ដែល​ស្អាត ​គឺ​កើត​ចេញ​ពី​ការ​ចេះ​តុប​តែង​ខ្លួន​ឲ្យ​ត្រូវ​កាលៈទេសៈ។

៤. ​មាន​ភាព​ឯក​រាជ្យ

​មាន​មនុស្ស​ស្រី​ជា​ច្រើន​បាន​រស់​នៅ​ក្នុង​បន្ទុក​របស់​ស្វាមី ​​ដែល​នេះ​គឺ​ជា​កំហុស​​ធំ​មួយ។ ​យ៉ាង​ណា​ក៏​ដោយ ​អ្នក​ត្រូវ​មានឯករាជ្យភាព​លើ​ខ្លួន​ឯង ទាំង​ការ​គិត ​ការ​ចង់​បាន ​និង​ទំនួល​ខុស​ត្រូវ។ ​អ្នក​នឹង​គ្មាន​អារម្មណ៍​ថា​មាន​សម្ពាធ និង​មិន​ហត់​នឿយ​ក្នុង​ជីវិត​។

៥. ​ចេះ​ធ្វើ​ម្ហូប

​បេះ​ដូង​មនុស្ស​ប្រុស​ច្បាស់​ជា​ត្រូវ​​ជាប់​អន្ទាក់ ដោយសារតែ​ថ្វី​ដៃ​ពូកែ​ធ្វើ​ម្ហូប​របស់​មនុស្ស​ស្រី។ ​ក្រោយ​ពី​ធុញ​ថប់​នឹង​ការងារ ​រូប​ភាព​​​ពេល​ចូល​មក​ដល់​ផ្ទះ​ឃើញ​មាន​អាហារ​ឈ្ងុយ​ឆ្ងាញ់​នៅ​លើ​តុ​ដែល​រៀប​ចំ​ដោយ​មនុស្ស​ជា​ទី​ស្រលាញ់ គឺ​ជា​សុភមង្គល​ដ៏​កក់​ក្តៅ​និង​ស្រស់​ស្អាត​បំ​ផុត​របស់​​បុរស។

៦. មិន​ខ្វល់​ច្រើន​ពី​គំនិត​របស់​អ្នក​ដទៃ

​អ្នក​មិន​ចាំ​បាច់​ត្រូវ​លះ​បង់​គ្រប់​យ៉ាង​ ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ដទៃ​ទាំង​អស់​នោះ​ទេ។ ​ត្រូវ​ធ្វើ​ជា​ខ្លួន​ឯង ​គឺ​គ្រប់​គ្រាន់​ហើយ ព្រោះ​មនុស្ស​ម្នាក់​​ៗ​មាន​បែប​ផែន​ជីវិត​ផ្សេង​ៗ​គ្នា។ ឧទាហរណ៍ អ្នកខ្លះ​មាន​អារម្មណ៍​ទើស​ទាល់​នូវ​អ្វី​ដែល​អ្នក​ផុស​លើ​បណ្តាញ​សង្គម ​ដែល​គិត​ថា​អ្នក​សម្តែង ឬ​ចង់​បាន Attention ​។ ​​បើ​ការ​យល់​របស់​គេ មិន​ត្រឹម​ត្រូវ​សម្រាប់​អ្នក​ទេ ​អ្នក​ក៏​​មិន​គួរ​​ប្រឹង​ផ្លាស់​ប្តូរ​ខ្លួន​ឯង​ដើម្បី​នរណា​ដែរ៕

ប្រភព៖ xaluan ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម