អ្នក​ជំនាញ​មិន​គាំទ្រ​តិចនិក​សម្រក​ទម្ងន់ ៤៥​គីឡូ​របស់​ Adele

  • 2021-10-14 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​ឲ្យ​ដឹង​ថា ការ​ហាត់​ប្រាណ​មួយ​ថ្ងៃ​២​ ទៅ​៣​ដង​ដូច​កំពូល​តារា​ចម្រៀង​អង់គ្លេស Adele អាច​ធ្វើ​ឲ្យ​ឆ្អឹង​ និង​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។

កាល​ពី​ថ្ងៃ​ទី ១២ ខែ​តុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន New York Post បាន​បញ្ចេញ​មតិ​ពាក់ព័ន្ធ​នឹង​វិធី​សម្រក​ទម្ងន់​របស់​តារា​ចម្រៀង​ស្រី​ជួរ​មុខ​អង់គ្លេស Adele។ តាម​នោះ​ដែរ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី Vogue មុន​​នេះ អ្នក​ម្ដាយ​កូន​១​បាន​ឲ្យ​ដឹង​ថា ខ្លួន​ហាត់​ប្រាណ​លើស​២​ដង​ក្នុង​មួយ​ថ្ងៃ រួម​មាន​លើក​អាល់ទែ​ពេល​ព្រឹក រត់​នៅ​ពេល​ល្ងាច និង​ហាត់ Cardio នៅ​ពេល​យប់។

“រក្សា​ទម្លាប់​ហាត់​ប្រាណ​គឺ​ជា​ការ​ល្អ ប៉ុន្តែ​ហាត់​ប្រាណ​មួយ​ថ្ងៃ​ពី ២ទៅ ៣​ដង​គឺ​ច្រើន​ពេក​ហើយ” John Whyte អ្នក​ជំនាញ​សុខភាព​របស់​បណ្ដាញ​ព័ត៌មាន WebMD ប្រាប់​ទៅ​កាន់ New York Post។ អ្នក​ជំនាញ​ដដែល​​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ហាត់​ប្រាណ​លើស​កម្រិតអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រាង​កាយ។ ដូច​នេះ​ប្រសិន​បើ​យើង​មិន​ទុក​ឲ្យ​រាង​កាយ​សម្រាក​បាន​គ្រប់​គ្រាន់​មុន​ពេល​ហាត់​ប្រាណ​​ម្ដង​ទៀត នោះ​នឹង​ធ្វើ​ឲ្យ​ឆ្អឹង និង​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ទាប។

នៅ​ក្នុង​​បទ​សម្ភាសន៍​ដដែល ម្ចាស់​បទ Hello បាន​ប្រាប់​ថា​ខ្លួន​​បាន​សម្រក​អស់ ៤៥​គីឡូ​ក្នុង​រយៈ​ពេល​២​ឆ្នាំ ដោយ​ភាគ​ច្រើន​គឺ​ស្រក​ដោយ​សារ​ហាត់​ប្រាណ​ ត្បិត​នាង​មិន​សូវ​តម​អាហារ​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម