ធំឡើងកូននឹងទទួលអត្ថប្រយោជន៍ច្រើនពេញមួយជីវិត បើម្តាយឪពុកចំណាយ១ម៉ោងមុនចូលគេងធ្វើរឿង៣យ៉ាងនេះ

  • 2021-03-30 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ដោយសារ​តែ​​រវល់​ធ្វើការ​និង​រក​ស៊ី ​ឪពុក​ម្ដាយ​មិន​សូវ​មាន​ពេល​វេលា​ជាមួយ​កូន​តូច​ៗ​នោះ​ទេ។ ​​តាម​ការ​សិក្សា ​ក្នុង​មួយ​ថ្ងៃ​មាន​៣​ពេល​ដែល​ម្ដាយ​ឪពុក​គួរ​ចំណាយ​ពេល​ជាមួយ​កូន ​ហើយ​មួយ​ក្នុង​ចំណោម​នោះ​គឺ​មុន​ពេល​​កូន​តូច​ចូល​គេង។ ​​

រូបតំណាង

​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ជា​ពេល​វេលា​មាស​ក្នុង​ការ​រក្សា​ទំនាក់​ទំនង ​និង​បង្កើត​ចរន្ត​កម្ម​រវាង​ម្ដាយ​ឪពុក​និង​កូន​របស់​ពួក​គេ។ ​បើ​សិន​អ្នក​ធ្វើ​បាន​ល្អ​ក្នុង​វេលា​នោះ ​ទោះ​បី​ម្ដាយ​ឪពុក​មាន​ពេល​បន្តិច​បន្តួច​ក្តី​ ក៏​ពួក​គេ​នូវ​តែ​អាច​ពង្រឹង​​ព្រម​ទាំង​ជួយ​កូន​​ឲ្យ​​លូត​លាស់​ល្អ ​ដើរ​តាម​គន្លង​ផង​ដែរ។

​១. ​និយាយ​រឿង​និទាន

រូបតំណាង

​ប៉ា​ម៉ាក់​គ្រប់​រូប​មិន​គួរ​មើល​រំលង​ការ​និយាយ​រឿង​និទាន​ឲ្យ​កូន​ស្ដាប់​មុន​ចូល​គេង​នោះ​ទេ។ ​ដោយសារ​វា​អាច​ជួយ​កូន​របស់​អ្នក​ឲ្យ​ឆាប់​ចាប់​បាន​ពាក្យ​ថ្មីៗ ​​បង្កើន​សមត្ថភាព​អាន ​ព្រម​ទាំង​ជួយ​អភិវឌ្ឍ​លើ​ការ​ស្រមើល​ស្រមៃ​និង​ច្នៃ​ប្រឌិត​លើ​រឿង​ផ្សេង​ៗ​បាន​ទៀត​ផង។ ​ក្មេង​ដែល​​បាន​លឺ​រឿង​​ច្រើន ​ធ្វើ​ឲ្យ​គេ​យល់​និង​វិភាគ​បាន​ល្អ​ជាង​មិត្ត​ភក្កិ​ ឬ​ក្មេង​ដែល​​មាន​អាយុ​ស្របាល​គ្នា​បាន។ ​

តាម​រយៈ​ការ​អាន​នេះ​ហើយ ​ធ្វើ​ឲ្យ​គេ​មាន​ជំនាញ​ស្ដាប់​បាន​ល្អ ​ខួរ​ក្បាល​សកម្ម​ជាង​មុន ​មាន​ការ​ហ្វឹក​ហាត់ ​យល់​ពី​ភាសា ដែល​ល្អ​សម្រាប់​ឲ្យ​គេ​ចេះ​ចង​ចាំ​មនុស្ស ព្រម​​ទាំង​រឿង​រ៉ាវ​ចម្លែក​ផ្សេង​ៗ​នា​ពេល​អនាគត។

២. ​ជជែក​ជាមួយ​កូន

រូបតំណាង

​វិធី​នេះ ​ជួយ​បាន​​២​យ៉ាង​ដូច​ជា ​បង្កើត​ភាព​ស្និទ្ធ​ស្នាល ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កូន​ បើ​ទោះ​នៅ​ពេល​ថ្ងៃ​អ្នក​ហាក់​ដូច​មាន​គម្លាត​ជាមួយ​កូន​ក៏​ដោយ។ ​​តាម​ពិត ​មុន​ពេល​ចូល​គេង​គឺ​ជា​ពេល​វេលា​ល្អ​​ក្នុង​ការ​ជជែក​គ្នា ព្រោះ​អារម្មណ៍​​ទាំង​ម្ដាយ​និង​ឪពុក រួម​ទាំង​កូន​ផង ​មាន​​ផាសុកភាព​ក្នុង​ការ​ចែក​រំលែក​រឿង​រ៉ាវ​ផ្សេង​ៗ​ដែល​គេ​បាន​ជួប​ប្រទះ​អំឡុង​ពេល​ថ្ងៃ​ផង​ដែរ។ ​​សូម​រក្សា​វិធី​​នេះ​ឲ្យ​ក្លាយ​ជា​ទម្លាប់ ព្រោះ​ម្ដាយ​ឪពុក​ក៏​អាច​យល់​ពី​ចិត្ត​កូន ​​ហើយ​កូន​របស់​អ្នក​ក៏​ហ៊ាន​បើក​ចិត្ត​និយាយ​ប្រាប់​អ្នក​ដោយ​ភាព​ជិត​ស្និទ្ធ។ ​ដូច្នេះ​ហើយ ​​ឪពុក​ម្ដាយ​ក៏​គួរ​ឆ្លៀត​ជម្រុញ​កូន​ឲ្យ​ចេះ​បង្ហាញ​ការ​គោរព​និង​ស្ដាប់​បង្គាប់​មនុស្ស​ចាស់ ​និង​ឲ្យ​ពួក​គេ​យល់​ពី​ការ​ប្រឹង​ប្រែង​ធ្វើ​ការ​រកស៊ី​របស់​ឪពុក​ម្ដាយ​ផង​ដែរ។​

ក្នុង​ដំណាក់​កាល​នេះ ​ការ​ចែក​រំលែក​របស់​កូន​អ្នក​ ​សមត្ថភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​ឯក​រាជ្យ​រួម​ទាំង​អារម្មណ៍ ​វា​ជា​រឿង​ដ៏​ប្រសើរ​យ៉ាង​ខ្លាំង​ដល់​ការ​លូត​លាស់​​របស់​កូន​។

៣. ​បង្ហាញ​ក្ដី​ស្រលាញ់

រូបតំណាង

​កុំ​កំណាញ់​​ជាមួយ​កូន​នៅ​ពេល​វេលា​មុន​ចូល​គេង​នេះ ​ព្រោះ​​ឆ្លង​​តាម​សកម្មភាព​នេះ ​ការ​បង្ហាញ​ក្ដី​ស្រលាញ់​ចំពោះ​កូន ​អាច​​ឲ្យ​ពួក​គេ​មាន​ទំនុក​ចិត្ត​និង​រឹង​មាំ។ ​មិន​ថា​​​ថើប​មុន​ចូល​គេង ​ការ​ឱប​ដោយ​ភាព​កក់​ក្ដៅ ​ពាក្យ​សម្តី​លើក​ទឹក​ចិត្ត​ជា​ដើម ​ទាំង​នេះ​ឪពុក​ម្ដាយ​គួរ​បង្ហាញ​ទៅ​កាន់​កូន​ៗ​ ​ព្រោះ​នឹង​ធ្វើ​ឲ្យ​​គេ​មាន​អារម្មណ៍​ថា ​ក្នុង​កែវ​ភ្នែក​របស់​ឪពុក​ម្ដាយ​ ​កូន​ពិត​ជា​សំខាន់​​​ខ្លាំង​ ​ជា​ទ្រព្យ​សម្បត្តិ​និង​ការ​ស្រលាញ់​ជា​រៀង​រហូត។

ម្ល៉ោះ​ហើយ ​គ្រាន់​តែ​​​រក្សា​៣​យ៉ាង​នេះ​មុន​ចូល​គេង ជាមួយ​កូន​ៗ ​ក្រុម​គ្រួសារ​អ្នក​ប្រាកដជា​មាន​ភាព​កក់​ក្ដៅ ​និង​មិន​ព្រួយ​ខ្លា​ច​ថា ​​កូន​ខូច​ដោយ​សារ​តែ​ម្ដាយ​ឪពុក​រវល់​តែ​រក​ស៊ី ​ធ្វើ​ការ​នោះ​ទេ។ ​​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​នេះ ជួយ​កូន​របស់​អ្នក​ក្លាយ​ជា​ក្មេង​គួរ​ឲ្យ​ស្រលាញ់ ​ហើយ​ពួក​គេ​ក៏​ស្រលាញ់​អ្នក​វិញ​ផង​ដែរ៕ ​

អានបន្ត៖ តើគួរថែរក្សាកូនតូចយ៉ាងដូចម្តេចអំឡុងពេលធ្វើការនៅផ្ទះ

ប្រភព៖ soha ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម