ថែសម្រស់ពីឥលូវកុំឲ្យចាស់ជ្រុល មុនថ្ងៃ៨មីនា ដោយវិធីទាំងនេះ

  • 2021-02-22 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​វិធី​ងាយ​ៗ ​អ្នក​​ក៏​អាច​ទប់​ស្កាត់​ស្នាម​ជ្រួញ ភាព​ចាស់​ជាង​វ័យ​ដោយ​គន្លឹះ​សំខាន់​ៗ​ដំបូង ដែល​អ្នក​អាច​ចាប់​ផ្តើម​​ធ្វើ​ពី​ឥលូវ​នេះ ដើម្បី​កុំ​ឲ្យ​ពេល​ដល់​ថ្ងៃ​ពិសេស ស្រាប់​តែ​មុខ​ចាស់​ជាង​​​​ថ្ងៃ​សព្វ​មួយ​ដង។ ​ពេល​ខ្លះ ​មិន​បាច់​ទាល់​តែ​ត្រូវ​ប្រើ​រូបមន្ត​អ្វី​ស្អេក​ស្កះ​ឡើយ ​​ព្រោះ​ថា​មូល​ដ្ឋាន​គ្រឹះ​ដំបូង​ដោយ​​វិធី​ខាង​ក្រោម​នេះ ​នឹង​ជួយ​ទប់​ស្កាត់​ស្នាម​ជ្រួញ​បាន​តាំង​ពី​ដំណាក់​កាល​ដំបូង។

​១. លាង​មុខ ពិសេស​មុន​ចូល​គេង​

លាង​សម្អាត​មុ​ខ ពិសេស​មុន​ចូល​គេង​មាន​ប្រសិទ្ធភាព​រា​រាំង​មិន​ឲ្យ​កើត​មុន ​ស្បែក​ស្ងួត និង​​ឆាប់​ជ្រួញ​ផង​ដែរ។ លើស​ពី​នេះ ​ក៏​ជួយ​ទប់​ស្កាត់​មិន​ឲ្យ​ឆាប់​ឡើង​ជ្រួញ​នៅ​បរិវេណ​ជុំ​វិញ​រង្វង់​ភ្នែក​ថែម​ទៀត។ មនុស្ស​ស្រី​ជា​ច្រើន​គិត​ថា ​ជំហាន​នេះ​ដូច​ជា​សាមញ្ញ​ពេក​ហើយ ​តែ​បើ​អ្នក​ប្រើ​ផលិត​ផល​ថ្លៃ​យ៉ាង​ណា​ក៏ដោយ ​បើ​មិន​ព្រម​លាង​ជម្រះ​វា​ចេញ​ឲ្យ​ស្អាត​​មុន​ចូល​គេង​ទេ ​មុខ​របស់​អ្នក​នឹង​ឆាប់​ជ្រួញ​មិន​ខាន។

​២. ​ប្រុង​ប្រយ័ត្ន​នៅ​ពេល remove makeup ​ត្រង់​បរិវេណ​ភ្នែក

អ្នក​បាន​ដឹង​រួច​ហើយ​ថា ​ការ​លាង​សម្អាត​មុខ​ឲ្យ​ស្អាត​មាន​គុណ​ប្រយោជន៍​ច្រើន។ ​​ម្យ៉ាង​ទៀត ​ការ​លាង​ជម្រះ​គ្រឿង​សម្អាង​នៅ​ត្រង់​បរិវេណ​ភ្នែក ​បើ​អ្នក​មិន​ប្រយ័ត្ន ដោយ​ប្រើ​ដៃ​សង្កត់​ធ្ងន់​ៗ​ពេក ព្រោះ​ខ្លាច​មិន​ជ្រះ​​ម៉ាស្ការ៉ា ឬ​ eyeliner ​ក៏​ច្បាស់​​ជា​ឡើង​ជ្រួញ​កន្ទុយ​ភ្នែក​ ឬ​រលាក​ស្បែក​លឿន​មិន​ខាន។ ហេតុ​នេះ វិធី​ល្អ គប្បី​ជូត​សម្អាត​ថ្នម​ៗ។

​៣. លាប​ឡេ​​ដោយ​កុំ​ភ្លេច​ម៉ាស្សា​ផង

ចង់​បាន​ស្បែក​ទន់​មាន​សំណើម ​មនុស្ស​ស្រី​ជា​ច្រើន​ប្រាកដ​ជា​ត្រូវ​លាប​ឡេ​ហើយ ព្រោះ​នៅ​ពេល​ស្បែក​ស្ងួត ​នឹង​មើល​ទៅ​ឆាប់​ចាស់​ណាស់។ ​តែ​បើ​ចង់​ឲ្យ​សារធាតុ​ចិញ្ចឹម​របស់​ឡេ​ជ្រាប​ចូល​មក​ចិញ្ចឹម​ស្បែក​មុខ​បាន​បរិបូរណ៍ ​អ្នក​មិន​ត្រូវ​ភ្លេច​ម៉ាស្សា​បន្ថែម​លើ​ផ្ទៃ​មុខ​ពី​ក្រោយ​នោះ​ទេ។ ​អ្នក​ត្រូវ​យក​ម្រាម​ដៃ​​ម៉ាស្សា​ពី​ផ្ទៃ​មុខ​ខាង​ក្នុង​ចេញ​ទៅ​ខាង​ក្រៅ ​ពី​ក្រោម​ឡើង​ទៅ​លើ។

​៤. ​​ជ្រើស​រើស​ផលិត​ផល​ដែល​មាន​ស្តង់​ដា ​ខាង​ទប់​ស្កាត់​ស្នាម​ជ្រួញ

នៅ​ពេល​អ្នក​ជ្រើស​រើស​ជំនួយ​ការ​ផ្នែក​សម្រស់​បាន​​ត្រឹម​ត្រូវ​ ចំ​គោល​ដៅ​ពិត​ប្រាកដ ​អ្នក​​ច្បាស់​ជា​អាច​ទប់​ស្កាត់​​មិន​ឲ្យ​លេច​ចេញ​ស្នាម​ជ្រួញ​​បាន​យ៉ាង​ជោគ​ជ័យ។ ​ហេតុ​នេះ ​​នៅ​ពេល​ទិញ​ផលិត​ផល អ្នក​គួរ​​ចេះ​មើល​គ្រឿង​ផ្សំ​ដែល​មាន​​ដាក់​លើ​សំបក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​យ៉ាង​មាន​ប្រសិទ្ធភាព​ដូច​ជា ​សារធាតុ រ៉េទីណយ/ រ៉េទីណុល ​វីតាមីន C សារធាតុ niacinamide ,  peptide … ​ជា​ដើម៕

ប្រភព៖ Guu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម