ពេលធុញថប់តប់ប្រមល់ខ្លាំង កុំទាន់អាលធ្វើរឿង ៥ យ៉ាងនេះអី

  • 2021-01-09 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​ធុញ​ថប់​អួអាប់​ក្នុង​ជីវិត​ ជា​អ្វី​ដែល​មនុស្ស​ម្នាក់​ៗ​ជៀស​មិន​ផុត។ ប៉ុន្តែ​បើ​អ្នក​នៅ​​ចាំ​ទទួល​យក​ទុក្ខ​​​មក​ដាក់​ក្នុង​ខ្លួន​ទាំង​អស់​ទៀត វា​នឹង​រឹត​តែ​យ៉ាប់យ៊ឺន​ខ្លាំង​លើស​ដើម។ បញ្ហា​ប្រៀប​ដូច​ជា​ជំងឺ​មហារីក កាល​ណា​អ្នក​មាន​វា​ជាប់​ខ្លួន ហើយ​មិន​​ព្រម​រក​វិធី​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា វា​នឹង​រីក​ធំ​ទៅ​ៗ រហូត​ធ្វើ​ឲ្យ​អ្នក​​ទ្រុឌទ្រោម មិន​អាច​ទប់ទល់​បាន។

ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ត្រឹម​ត្រូវ អាច​ជម្នះ​ជាមួយ​ភាព​ស្រ្តេសបាន​ដោយ​រលូន មាន​រឿង​ ៥​ យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​ ក្នុង​អំឡុង​ពេល​មាន​អារម្មណ៍​តប់​ប្រមល់​ស្មុគស្មាញ​បែប​នេះ​។

  • កុំ​បន្ថែម​បន្ទុក​​ឲ្យ​ខ្លួន​ឯង​ត​ទៀត មុន​ពេល​កិច្ចការ​ផ្សេង​មិន​ទាន់​រួចរាល់​នៅ​ឡើយ។ ត្រូវ​ចាំ​ថា ថ្ងៃ​នេះ​គ្រប់​គ្រាន់​ហើយ​សម្រាប់​ការងារ​ប៉ុណ្ណឹង កុំ​បង្ខំ​ខ្លួន​ឯង​ខ្លាំង​ពេក ព្រោះ​អ្នក​​​​គ្មាន​ពេល​ច្រើន​លើស​លប់​ទេ​គឺ​​ត្រឹម​ ២៤​ម៉ោង​ដូច​គេ​ដូច​ឯង។ ទុក​ពេល​វេលា​ខ្លះ សម្រាប់​​ដក​ដង្ហើម​ឲ្យ​បាន​ស្រួល​បួល​ផង ក្នុង​ពិភព​ដ៏​មមាញឹក​មួយ​នេះ។
  • ​​កុំ​ទាន់​អាល​ធ្វើ​ការ​កាត់​សេចក្តី​ឬ​សម្រេច​ចិត្ត​ភ្លាម​ៗ។ នេះ​ជា​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​បាន​ធ្វើ ពេល​ដែល​មាន​អារម្មណ៍​ធុញថប់។ ពិត​ហើយ​ជម្រើស​មាន​ច្រើន​ខ្លាំង​ណាស់ ប៉ុន្តែ​ក្នុង​ស្ថាន​ភាព​បែប​​នេះ បើ​អ្នក​ហ៊ាន​សម្រេច​ចិត្ត​ផ្តេសផ្តាស មិន​គិត​គូ​ពិចារណា​ច្បាស់​លាស់​ជាមុន​សិន អ្នក​ច្បាស់​ជា​​ស្តាយ​ក្រោយ​ ដោយ​សារ​កំហុស​នៃ​អារម្មណ៍​មួយ​ឆាវ​។
  • ត្រូវ​ចំណាយ​ពេល​មើល​ថែ​សុខភាព​និង​រាង​កាយ​របស់​អ្នក​ឲ្យ​បាន​ល្អ។ កាលណា​រាង​កាយ​ចុះ​ខ្សោយ វា​ជា​មូល​ហេតុ​ធំ ដែល​នាំ​ឲ្យ​អ្នក​ឈាន​ទៅ​រក​អារម្មណ៍​ស្មុគស្មាញ​តប់​ប្រមល់​។ ហេតុ​នេះហើយ មិន​ថា​មមាញឹក​ខ្លាំង​យ៉ាង​ណា ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ថែរក្សា​ទាំង​សុខភាព​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ​ជា​និច្ច​។​

  • កុំ​ឃុំ​ខ្លួន​ឯង​នៅ​មួយ​កន្លែង។ នៅ​ពេល​ស្រ្តេស​ អ្នក​ច្បាស់​ជា​មិន​ចង់​ជួប​នរណា​ទាំង​អស់។ អ្នក​បិទ​ទូរសព្ទ មិន​តបសារ​របស់​មនុស្ស​ជា​ទី​ស្រលាញ់ និង​ចង់​នៅ​តែ​ឯង​ៗ​ ប៉ុន្តែ​នេះ​មិន​មែន​ជា​ដំណោះ​ស្រាយ​ល្អ​ទេ។ ​គួរ​តែ​ស្វះស្វែង​រក​​វិធី​ដើម្បី​សង្គ្រោះ​ខ្លួន​ឯង ធ្វើ​រឿង​ណា​ ដែល​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ល្អ​ប្រសើរ​ និង​និយាយ​លេង​ជាមួយ​មនុស្ស​ដែល​អ្នក​ជឿ​ទុក​ចិត្ត​ដើម្បី​បន្ធូរ​ភាព​តាន​តឹង​។

  • ​កុំ​គិត​រវើរវាយ​លើស​កម្រិត ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​​សម្ពាធ​កាន់​តែ​កើន​ឡើង​។ គួរ​រៀន​ប្រលែង​ចោល​នូវ​ទុក្ខ​លំបាក​ចេញ​ពី​ខ្លួន​ខ្លះ ពុំ​ដូច្នោះ​ទេ​អ្នក​គ្មាន​ថ្ងៃ​រក​ក្តី​សុខ​សន្តិភាព​ផ្លូវ​ចិត្ត​ឲ្យ​ខ្លួន​ឯង​បាន​ឡើយ​។ សង្ឃឹម​ថា លើក​ក្រោយ​ៗ​ទៀត ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​ធុញ​ថប់​ក្នុង​ជីវិត អ្នក​អាច​នឹក​ឃើញ​នូវ​ដំណោះ​ស្រាយ​ខាង​លើ ដើម្បី​គ្រប់​គ្រង​ខ្លួន​ឯង​មិន​ឲ្យ​សម្រេច​ចិត្ត​ខុស និង​អាច​ការពារ​អារម្មណ៍​ឲ្យ​បាន​នឹងន​ជាង​មុន៕​​

ចុចអានបន្ត៖ បកអាក្រាតការពិត ពីមនុស្សមិនសូវចេះមាត់ក និងមនុស្សពូកែសម្តី

ប្រភព៖ lifehack ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម