ទស្សនាវដ្ដី​ល្បី​ឈ្មោះ លុប​រូប​របស់ Fan Bingbing ចេញ​ទាំង​អស់​ក្រោយ​រង​សម្ពាធ​​ពី​ទស្សនិកជន

  • 2020-12-29 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​រយៈ​ពេល​២​ឆ្នាំ ជួប​តែ​រឿង​សំណាង​មិនល្អ ត្រូវ​គេ​កាត់​តួ ត្រូវ​គេ​ដណ្ដើម​សាច់​រឿង​ហើយ មនុស្ស​ជា​ច្រើន​នឹក​ស្មាន​ថា តារា​សម្ដែង​ស្រី​ចិន​ល្បី​ឈ្មោះ Fan Bingbing នឹង​មាន​ជីវិត​រីករាយ​ឡើង​វិញ តែ​ការ​ពិត​មិន​ដូច​នាង​រំពឹង​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី ២៨ ខែ​ធ្នូ​មុន​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​ឲ្យ​ដឹង​ថា គណនី Weibo របស់​ទស្សនាវដ្ដី T China ដែល​ជា​ទស្សនាវដ្ដី​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៥​នោះ បាន​លុប​ចោល​ទាំង​អស់​នូវ​រូប​ថត​ដែល​គ្រោង​ជា​គ្រប​ខែ​មករា​ឆ្នាំ​ថ្មី សម្រាប់​ទស្សនវដ្ដី​ខ្លួន។ មុន​នោះ​ដែរ កាល​ពី​ថ្ងៃទី ២៥​មុន​នេះ T China បាន​ប្រកាស​ថា បង​ប្អូន​បង្កើត​មួយ​គូ​គឺ តារា​សម្ដែង​ស្រី Fan Bingbing និង Fan Chengcheng ​នឹង​ជា​តារា​គ្រប​មុខ​របស់​ខ្លួន​សម្រាប់​លេខ​ចេញ​ផ្សាយ​ឆ្នាំ​ថ្មី។

គួរ​ឲ្យ​សោក​ស្ដាយ ដោយ​សារ​តែ​រឿង​អាស្រូវ​គេច​ពន្ធ​របស់​រាជិនី​ទូរទស្សន៍​បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​មិនពេញ​ចិត្ត​នៅ​ពេល​នាង​ក្លាយ​ជា​តារា​គ្រប​មុខ​របស់​ទស្សនាវដ្ដី​ជួរ​មុខ​នេះ។ នៅ​​ព្រឹក​ថ្ងៃ​ទី ២៨ ដោយសារ​តែ​ទ្រាំ​នឹង​សម្ពាធ​មិន​បាន T China បាន​លុប​ចោល​រូប​ភាព​របស់​បងប្អូន​ទាំង​២​ខាង​លើ​ទាំង​​អស់ ។

ខណៈ​មហាជន​ទូទៅ​គិត​ថា នេះ​គឺ​​ជា​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​របស់​ទស្សនាវដ្ដី​ខាង​លើ​នោះ ក្រុម​​អ្នក​​គាំទ្រ​របស់​តួ​​អ៊ូម៉ឺនាង​បាន​បង្ហាញ​ភាព​ខ្លោច​ផ្សារ​ជា​ខ្លាំង ដោយ​មិន​ដឹង​ថា ថ្ងៃ​ណា​តារា​ដែល​ខ្លួន​ស្រលាញ់​ទើប​អាច​ត្រលប់​មក​ពិភព​សិល្បៈ​ពេញ​លេញ​បាន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម