បុរស​ម្នាក់​ដើរ​ ៤៥០​គីឡូ​ដី ដោយ​សារឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ

  • 2020-12-07 02:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​លើ​ផ្លូវ Fano ទីក្រុង Adriatic ប្រទេស​អ៊ីតាលី ប៉ូលិស​រក​ឃើញ​ម្នាក់​កំពុង​ដើរ​ម្នាក់​ឯង​នៅ​ម៉ោង ២​ភ្លឺ។ នៅ​ពេល​ប៉ូលិស​កំពុង​ដើរ​ត្រួតពិនិត្យ​នៅ​លើ​ផ្លូវ Fano នៃ​ក្រុង​ជាយ​សមុទ្រ Adriatic ប្រទេស​អ៊ីតាលី គេ​បាន​ប្រទះ​ឃើញ បុរស​ម្នាក់​អាយុ ៤៨​ឆ្នាំ​ កំពុង​ដើរ​តែលតោល​តែ​ម្នាក់​ឯង ក្នុង​សភាព​ហត់​នឿយ និង​រងារ​ខ្លាំង។

នៅ​ពេល​សួរ​ថា​ហេតុ​អ្វី​បាន​ជា​លោក​រសាត់​អណ្ដែត​ដល់​ទី​នេះ បុរស​ខាង​លើ​បាន​ឆ្លើយ​ថា៖ ខ្ញុំ​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ ទើប​ដើរ​ចេញ​ក្រៅ​ដើម្បី​រំសាយ​អារម្មណ៍។ ចេះ​តែ​ដើរ​ទៅ ក៏​មក​ដល់​ទី​នេះ​តែ​ម្ដង។ នៅពេល​បញ្ចូល​ទិន្និន័យ​ទៅ ប៉ូលិស​បាន​រក​ឃើញ​ថា បុរស​រូប​នេះ​បាន​ចេញ​ពី​ផ្ទះ ១​សប្ដាហ៍​ហើយ។

មុន​នោះ​ដែរ ប្រពន្ធ​របស់​លោក​បាន​ប្ដឹង​ប៉ូលិស​ដោយ​សារ​បាត់​ប្ដី​ពី​ផ្ទះ​យូរ​ពេក។ នៅ​ក្នុង​ពាក្យ​បណ្ដឹង នារី​ជា​ប្រពន្ធ​បាន​ទទួល​ស្គាល់​ដែរ​ថា ​ខ្លួន​ពិត​ជា​មាន​ជម្លោះ​ជាមួយ​ប្ដី​ពិត​ប្រាកដ​មែន។ តាម​ការ​ឲ្យ​ដឹង​របស់​ប៉ូលិស ពី​កន្លែង​ស្នាក់​នៅ​របស់​លោក​ មក​ដល់​កន្លែង​ដែល​ប៉ូលិស​រក​ឃើញ​លោក​គឺ​មាន​ចម្ងាយ​ឃ្លាត​ពី​គ្នា​ដល់​ទៅ ៤៥០​គីឡូម៉ែត្រ។

បុរស​ដដែល​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ដើរ​ថ្មើរ​ជើង​ដោយ​មិន​បាន​ប្រើ​យាន​ជំនិះ​អ្វី​ទាំង​អស់ ហើយ​អ្នក​ភូមិ​ឲ្យ​អ្វី​ គឺ​លោក​ញ៉ាំ​ហ្នឹង។ លោក​មិន​កើត​អី​នោះ​ទេ គ្រាន់​តែ​ហត់​បន្តិច។ បន្ទាប់​មក​ ប៉ូលិស​បាន​ជួល​សណ្ឋាគារ​ឲ្យ​បុរស​រូប​នេះ​សម្រាក​ដើម្បី​ចាំ​​ប្រពន្ធ​មក​ទទួល តែ​​នាង​ត្រូវ​ចំណាយ​​ថ្លៃសណ្ឋាគារ និង​ថ្លៃ​ពិន័យ ៥០០​ដុល្លារ ព្រោះ​ល្មើស​ម៉ោង​ហាម​ឃាត់​ចេញ​ចូល ដោយ​សារ​ជម្ងឺ​កូវីដ ១៩៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម