មិន​មែន​ខ្លាច​កូន​អកត្តញ្ញូ តែ​រឿង​ទាំង​នេះ​ទើប​ជា​រឿង​អ្នក​មាន​គុណ​ខ្លាច​បំផុត

  • 2020-09-15 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

អ្នក​ផង​តែង​និយាយ​ថា ឪពុក​ម្ដាយ​ពេល​ចាស់​ទៅ ខ្លាច​តែ​កូន​មាន​គ្រួសារ​ទៅ លែង​រវីរវល់​នឹង​ខ្លួន។ តែ​តាមការ​ពិត នៅ​មាន​រឿង​ផ្សេង​ទៀត​ដែល​ឪពុក​ម្ដាយ​បារម្ភ​ជាង​នេះ​ទៅ​ទៀត នោះ​គឺ​​ខ្លាច​ធ្វើ​ឲ្យ​កូន​បារម្ភ ធ្វើ​ឲ្យ​កូន​តូច​ចិត្ត។

១. ខ្លាច​កូន​បន្ទោស​ខ្លួន​​ឯង ព្រោះ​អត់​លុយ

ឪពុក​ម្ដាយ​ស្រលាញ់​កូន​ជាង​ខ្លួន​ឯង គឺ​ជា​រឿង​ធម្មជាតិ​ទៅ​ហើយ តែ​កូន​ស្រលាញ់​អ្នក​មាន​គុណ ឬ​អត់​គឺ​ជា​​អត្តចរិត​របស់​កូន​នីមួយ​ៗ។ ទោះ​ជា​យ៉ាងណាក៏ដោយ ឪពុក​ម្ដាយ​នៅ​តែ​បារម្ភ​ពី​កូន​ជា​និច្ច ខ្លាច​កូន​ខ្លួន​ឯង​​មិន​ស្មើ​កូន​គេ ខ្លាច​កូន​បន្ទោស​ខ្លួន​ឯង ព្រោះ​មិន​មាន​លទ្ធភាព​ឲ្យ​អ្នក​មាន​គុណ​ច្រើន។

២. ខ្លាច​ជា​ក្ដី​បារម្ភ​របស់​កូន

យើង​កាន់​តែ​ធំ​ឡើង ឪពុក​ម្ដាយ​កាន់​តែ​ចាស់​ទៅ។ នៅ​ពេល​កូន​ៗ​ចេញ​ទៅ​រក​សំបុក​ខ្លួន​ឯង​អស់ ពេល​នោះ​ហើយ​ដែល​ឪពុក​ម្ដាយ​នៅ​កណ្ដោចកណ្ដែង​បំផុត។ ឪពុក​ម្ដាយ​ខ្លះ ចាស់​ទៅ​នៅ​តែ​២​នាក់​ប្ដី​ប្រពន្ធ ឬ​ម្នាក់​ឯង​ក៏​មាន ព្រោះ​គិត​ថា​រំខាន​ដល់​កូន។ ពេល​ឈឺ​ល្មម​ៗសឹង​មិន​ហ៊ាន​ទូរសព្ទ​ប្រាប់ ព្រោះ​ខ្លាច​ធ្វើ​ឲ្យ​កូន​ភ័យ​បារម្ភ។ ដើម្បី​កុំ​ឲ្យ​អ្នក​មាន​គុណ​មាន​គំនិត​បែប​នេះ អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​នេះ​ដោយ​ខ្លួន​​ឯង កុំ​ចាំ​ដល់​គាត់​ហាមាត់​ហើយ​បាន​មាន​សកម្មភាព។

៣. ខ្លាច​កូន​ធំ​ដឹង​ក្ដី​រមិល​គុណ

ក្ដី​ព្រួយ​បារម្ភ​ធំ​បំផុត​របស់​​​អ្នក​មាន​គុណ​នោះ​គឺ មិន​មែន​ខ្លាច​កូន​អត់​ជោគជ័យ គ្មាន​ប្រយោជន៍​នោះ​ទេ តែ​ខ្លាច​តែ ក្រោយ​​ពេល​ចិញ្ចឹម​រាប់​សិប​ឆ្នាំ កូន​នោះ​ធំ​ដឹង​ក្ដី​ឡើង​រមិល​គុណ​តែ​ប៉ុណ្ណោះ។ ព្រោះ​បើ​មាន​អត្តចរិត​​រមិល​គុណ​ហើយ មាន​តែ​ស្លាប់​ទេ​ទើប​កែ​បាន។ ឪពុក​ម្ដាយ​ខ្លាច​កូន​រមិល​គុណ​ទៅ អ្នក​នៅ​ក្នុង​សង្គម​គេ​ស្អប់​ខ្ពើម​៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel