ប្រភេទបាបមិត្ត ដែលទុកក៏មិនចំណេញ ដកចេញក៏មិនខាត

  • 2020-07-31 09:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្ត​ភក្កិ​មាន​ល្អ​ មាន​អាក្រក់។ ​តែ​បើ​អ្នក​កំពុង​រាប់​អាន​ប្រភេទ​​មិត្ត​មាន​លក្ខណ​ទាំង​៧យ៉ាង​ខាង​ក្រោម​នេះ ​គឺ​ច្បាស់​ណាស់​ថា ​​បន្ត​រាប់​អាន​ទៀត​ក៏​គ្មាន​ន័យ ​ទោះ​មិន​រាប់​អាន​ក៏​មិន​អី​ដែរ។

១. នៅពេល​យើង​មាន​បញ្ហា ​មិន​ដែល​អើត​ក្បាល​មក​ជួយ៖ ​នេះ​គឺ​ជា​​រឿង​មួយ​ដែល​បង្ហាញ​ច្បាស់​ក្រឡែត​និង​ងាយ​ឲ្យ​យើង​ស្រួល​សម្រេច​ចិត្ត​​ពី​ទំនាក់ទំនង​​ថា​គួរ​បន្ត​ល្អ​ជាមួយ​ទៀត​ឬ​អត់។ ​​នៅ​ពេល​ដែល​​គេ​មាន​ទុក្ខ ​យើង​ព្យាយាម​ជួយ​គេ​យ៉ាង​ពេញ​ទី។ ​ដោយ​ឡែក​​ពេល​យើង​ត្រូវ​ការ​ជំនួយ​វិញ ​មិត្ត​ម្នាក់​នេះ​មិន​ដែល​ចេះ​សួរ​នាំ សូម្បី​បន្តិច។

២. តែង​និយាយ​ដើម​យើង​មិន​ឈប់៖ បើ​ជា​មិត្ត​ល្អ​​នឹង​គ្នា​មែន ​មិន​គួរ​​ណា​យក​រឿង​មិត្ត​ទៅ​និយាយ​ដើម​គ្នា​នោះ​ទេ។ មិត្ត​ខ្លះ​នៅ​មុខ​ផ្សេង ​ក្រោយ​ខ្នង​ផ្សឹង។ គេ​ពូ​កែ​ណាស់ ​ថែម​ថយ​សាច់​រឿង​តាម​អំពើ​ចិត្ត ​ដូច​អ្នក​ជំនាញ​ធ្វើ​ម្ហូប​ មាន​គ្រប់​រសជាតិ​តា​ម​តែ​ខ្លួន​ចង់​បាន។ ប្រសិន​បើ​អ្នក​​ចាប់​ភស្តុ​តាង​ប្រភេទ​មិត្ត​បែប​នេះ​បាន​ហើយ ​មិន​គួរ​ខ្ជះ​ខ្ជាយ​ពេល​វេលា​នៅ​បន្ត​ស្មោះ​ត្រង់ និង​រាប់​អាន​ទៀត​នោះ​ទេ ព្រោះ​មាន​តែ​ខាត​បង់​ខ្លួន​ឯង​ប៉ុណ្ណោះ។ បើ​ពួក​គេ​ចង់​ឲ្យ​យើង​ល្អ​មែន ​មិន​មែន​និយាយ​​ដើម​ក្រោយ​ខ្នង​ទេ ​គួ​រ​តែ​ណែ​នាំ​ត្រង់​ៗ​ចំពោះ​មុខ​វិញ ​ល្អ​ជាង។

៣. ចាត់​ទុក​ខ្លួន​ឯង​ជា​មនុស្ស​សំខាន់​ផុត​លេខ​រហូត៖ មិត្ត​ភាព​អាច​បាន​យូរ​អង្វែង ​គឺ​ត្រូវ​ការ​យក​​ចិត្ត​ទុក​ដាក់​ពី​គ្នា​។ តែ​មិត្ត​ប្រភេទ​នេះ​វិញ ​កំណត់​ឲ្យ​ខ្លួន​ឯង​ថា​ជា​ជំពូក​មនុស្ស​ដែល​សំខាន់​អស់​អ្នក​ណា​ទាំង​អស់។ ​មិន​ថា​ពេល​​​ដើរ​លេង ​ឬ​ទៅ​ណា​ជុំ​គ្នា​ តែង​​ចង់​បាន​អី​ដែល​ល្អ​ឥត​ខ្ចោះ ​ធ្វើ​ដូច​ខ្លួន​ឯង​ព្រះ​នាង​ម្ចាស់។ លើស​ពី​នេះ ​មិន​គិត​ពី​មិត្ត​ដទៃ ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​ខ្លួន​ឯង​ល្អ ហើយ​បើ​និយាយ​ឲ្យ​ស្រួល​ស្តាប់​ទៅ គឺ ​មនុស្ស​អាត្មានិយម​តែ​ម្តង។ ​មិត្ត​បែប​នេះ ​បើ​នៅ​​រាប់​អាន​ទៀត​មាន​តែ​នាំ​ឲ្យ​ខ្លួន​ឯង​ឲ្យ​ដើរ​ថយ​ក្រោយ​ប៉ុណ្ណោះ។

៤. ចេះ​តែ​អូស​ទាញ ​អត់​​ចេះ​ក្រែង​ចិត្ត​សូម្បី​ពេល​វេលា​ផ្ទាល់​ខ្លួន៖ ​មនុស្ស​​ជា​ច្រើន ប្រហែល​បាន​ជួប​ខ្លះ​ប្រភេទ​មិត្ត​ភក្កិ​បែប​នេះ។ ​ពិសេស​គឺ​កាល​​ជំនាន់​នៅ​រៀន​បឋម​សិក្សា​តែ​ម្តង។ ​ប្រភេទ​មិត្ត​នេះ​គឺ​ថា ​ធ្វើ​អី​ខ្លាច​ជ្រុល ​បើ​គ្មាន​វត្តមាន​យើង​ក្បែរ​គេ ​ស្អី​ក៏​គេ​ធ្វើ​មិន​បាន។ ​អូស​យើង​ទៅ​សូម្បី​តែ​ហូប​បាយ​ព្រឹក​ជាមួយ​គ្នា​នៅ​សាលា ​ទាំង​ដែល​យើង​​ហូប​បាយ​​ពី​ផ្ទះ​រួច ​សូម្បី​ទៅ​បណ្ណាល័យ​ម្នាក់​ឯង​ក៏​មិន​ហ៊ាន ​និយាយទៅ​គឺ​យើង​ខ្លួន​ឯង​អត់​មាន​ពេល​វេលា​​សម្រាប់​ខ្លួន​ឯង​សោះ​ម្មង។ មិត្ត​ម្នាក់​នេះ មិន​បាន​សាង​អី​ឲ្យ​យើង​ខុស​ឆ្គង​នោះ​ទេ ​តែ​ពួក​គេ​ធ្វើ​ឲ្យ​ឈឺ​ក្បាល​វិល​មុខ ធុញ​កាន់​តែ​ខ្លាំង​ដោយសារ​ចាំ​តែ​រំខាន​ពេក។

៥. ​មិន​ដែល​ប្រាប់ ឬ​ណែ​នាំ​យើង​ពេល​ឃើញ​យើង​ធ្វើ​ខុស៖ ជំពូក​មិត្ត​ប្រភេទ​នេះ ​គួរ​ឲ្យ​ខ្លាច​បំ​ផុត ព្រោះ​បើ​ជា​មិត្ត​ល្អ​នឹង​គ្នា ​ពេល​ឃើញ​យើង​កំពុង​ដើរ​ផ្លូវ​ខុស ​យ៉ាង​ហោច​ណាស់​គួរ​ប្រាប់ ឬ​ណែ​នាំ​យើង​មួយ​ម៉ាត់​ដែរ។ ​នៅ​ពេល​យើង​សាង​កំហុស ឬ​ធ្វើ​រឿង​មិន​ល្អ គួរ​តែ​ដាស់​តឿន ឬ​ក៏​ប្រាប់​យើង​កុំ​ឲ្យ​បន្ត​ធ្វើ​រឿង​អកុសល​ទាំង​នោះ​ទៀត។ ​នេះ​គេ​ហៅ​ថា ប្រភេទ​មិត្ត​ដែល​មិន​ខ្វល់​ពី​​យើង​សូម្បី​បន្តិច។ ​ឬ​អាច​ថា ​គេ​សប្បាយ​ចិត្ត​នឹង​ឃើញ​យើង​ដើរ​ធ្លាក់​ជ្រោះ ​​កាន់​តែ​ដាប​កាន់​តែ​ល្អ ​ហើយ​គេ​ចាំ​តែ​សើច​យើង​ពី​ក្រោយ​ខ្នង​វិញ​ថា​ល្ងង់។

៦. មិត្ត​ដែល​មិន​ចេះ​ជួយ​លាក់​រឿង​អាថ៌កំបាំង​របស់​យើង៖ ​ជឿ​ថា នរណា​ក៏​មាន​បញ្ហា​ស្រ្តេស​ដែរ ម្ល៉ោះ​ហើយ​ពេល​ពិបាក​ចិត្ត មិន​ដឹង​និយាយ​ការ​លំបាក​ទាំង​នេះ​ទៅ​នរណា ​ក៏​ចែក​រំលែក​ជា​មួយ​មិត្ត​ភក្កិ​ទៅ ព្រោះ​គិត​ថា​រាប់​អាន​គ្នា​យូរ អាច​ទុក​ចិត្ត​បាន។ ​តែ​គេ​មាន​តែ​អំពើ​ក្បត់ ​ស្តាប់​យើង​និយាយ​រួច​យក​ទៅ​និយាយ​បន្ត ហើយ​អាង​ប្រើ​ពាក្យ​ថា "​កុំ​ប្រាប់​អ្នក​ណា​គេ​"។ ​នេះ​ជា​មេរៀន​ដ៏​ឈឺ​ចាប់ ​ហើយ​បើ​ខ្វះ​ប្រភេទ​មិត្ត​ម្នាក់​នេះ​ ​ក៏​មិន​ស្លាប់​ដែរ ដោយសារ​គេ​គ្មាន​ភាព​ស្មោះ​ត្រង់​នឹង​យើង​សូម្បី​បន្តិច។

ម្ល៉ោះ​ហើយ ​មុន​សម្រេច​ចង់​ឈប់​រាប់​អាន​មិត្ត​ភក្កិ​ណា​ម្នាក់ ​កុំ​ភ្លេច​ដាក់​សំណួរ​ខ្លួន​ឯង​​ម្តង​ទៀត​ថា ​ហេតុ​ផល​អ្វី​បាន​ជា​អ្នក​ពិត​ជា​ចង់​ឈប់​រាប់​អាន​គេ។ ថ្វី​ដ្បិត​ថា ​ពេល​ខ្លះ​យើង​ត្រូវ​​ខាំ​មាត់​ទទួល​យក​ចំណុច​ខ្វះ​ខាត​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ដោយ ​តែ​បើ​ហួស​ព្រំ​ដែន​ពេក ​ក៏​មិន​អាច​ទ្រាំ​លើក​លែង​បាន​ដែរ។ ​មាន​មនុស្ស​ជា​ច្រើន​មិន​ហ៊ាន​​បញ្ឈប់​ការ​រាប់​អាន​ជាមួយ​ជំពូក​ប្រភេទ​បាប​មិត្ត​ទេ ព្រោះ​ខ្លាច​ថា​​បណ្តាល​ឲ្យ​មាន​បញ្ហា។ តែ​បើ​ពេល​ចាប់​ផ្តើម​មាន​បញ្ហា​ទៅ​ហើយ ​នោះ​ពេល​ចុង​បញ្ចប់ ​ក៏​គង់​មាន​បញ្ហា​ដូច​គ្នា ដូច្នេះ​បើ​មិន​ចង់​ខាត​ពេល​ទេ ​ត្រូវ​តែ​រក្សា​គម្លាត​ឲ្យ​ហើយ។

​​ជួន​កាល ​យើង​មិន​ចាំ​បាច់​មាន​មិត្ត​ជិត​ស្និទ្ធ​​ច្រើន​នាក់​ក៏​បាន។ សំខាន់ ​យើង​គ្រាន់​រាប់​អាន​គ្នា​បែប​ល្អៗ​សាមញ្ញ គឺ​គ្រប់​គ្រាន់​ហើយ។ ព្រោះ​ថា ​ជួន​កាល​មាន​ចំណុច​ខ្លះ​គេ​ក៏​មិន​ចូល​ចិត្ត​យើង​ដូច​គ្នា ​ហេតុ​នេះ​ត្រូវ​សួរ​ខ្លួន​ឯង​ថា ​គួរ​រាប់​អាន​ប្រភេទ​មិត្ត​មាន​អត្ត​ចរិត​បែប​ណា។៕ ​​

ប្រភព៖ eatrices ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម