មិត្ត​រួម​ការងារ​​ភ័យ​តក់​ស្លុត​ពេល​សុខៗ Fan Bingbing លេច​មុខ​លើ​​កញ្ចក់​ទូរទស្សន៍

  • 2020-06-29 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ហេតុការណ៍​នេះ ប្រសិន​បើ​ពិធី​ករ​មិន​អាច​ចាត់​ចែង​បាន​ឆាប់​រហ័ស​នោះ​ទេ​ ប៉ុស្តិ៍​ទូរទស្សន៍​អាច​នឹង​ត្រូវ​ពិន័យ​យ៉ាង​ធ្ងន់​ធ្ងរ។

កាល​ពី​ថ្ងៃ​ទី ២៨ ខែ​មិថុនា​មុន​នេះ បណ្ដាញ​ព័ត៌មាន Toutiao បាន​រាយការណ៍​ថា នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​របស់​ប៉ុស្តិ៍ Dong Fang បាន​បង្ករ​ភាព​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម។ តាម​នោះ​ដែរ នៅ​ក្នុង​ភាគ​ថ្មី​បំផុត​របស់​កម្មវិធី Super Team នៅ​សុខ​ៗ​ក៏​លេច​វត្តមាន​រូប​ភាព​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing ដែល​ធ្វើ​ឲ្យ​តារា​ចូល​រួម​ក្នុង​កម្មវិធី​ឆោឡោ​ជា​ខ្លាំង។

តាម​នោះ​ដែរ កម្មវិធី​ថ្ងៃ​នោះ​រួម​មាន Shen Dang, Jia Ling និង Guan Xiaodong។ នៅ​ក្នុង​វគ្គ Face Valueនៅ​ពេល​ដល់​វគ្គ​របស់ Guan Xiaodong តារា​ស្រី​រូប​នេះ​ទទួល​បាន ៩៥ ​ពិន្ទុ​លើ​ទម្រង់​មុខ​របស់​ខ្លួន។ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​ភ្ញាក់​ផ្អើល​នោះ​គឺ តារា​ដែល​មាន​ពិន្ទុ​ស្មើ​នាង​នោះ​គឺ តារា​សម្ដែង​ស្រី​ជើង​ចាស់ Fan Bingbing។

រូបភាព​របស់​រាជិនី​កម្រាលព្រំ​ក្រហម​នៅ​កម្មវិធី​ផ្សាយផ្ទាល់​ បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដ្បិត​​នឹក​ស្មាន​មិន​ដល់។ ពេល​ឃើញ​បែប​នេះ Guan Xiaodong បាន​មក​ឈរ​អែប​រូបភាព​ភ្លាម​ៗ​ដើម្បី​បាំង​កុំ​ឲ្យ​ឃើញ។ ដើម្បី​បន្លប់​ទស្សនិកជន ពិធីករ​ទូរទស្សន៍​បាន​ឆ្លាត​វៃ​និយាយ​ថា ពិន្ទុ​របស់ Guan Xiaodong គឺ​ស្មើ​ពិន្ទុ​របស់​លោក។ ភាព​វៀងវៃ​របស់​ពិធីករ​ ទទួល​បាន​ការ​សរសើរ​ជា​ច្រើន។

ប្រការ​ដែល​ធ្វើ​ឲ្យ​តារា​ក្នុង​កម្មវិធី​ភ័យ​ស្លន់ស្លោរ​បែប​នេះ​នោះ​គឺ កំពូល​តារា​ស្រី​អាយុ ៣៩​ឆ្នាំ​ខាង​លើ កំពុង​ជាប់​រឿង​អាស្រូវ​គេច​ពន្ធ​ជាង ១០០លាន​ដុល្លារ ហើយ​មក​ទល់​ពេល​នេះ​មិន​ទាន់​អាច​ត្រលប់​មក​កញ្ចក់ទូរទស្សន៍​បាន​នោះ​​ឡើយ​។ ប្រសិន​បើ​ទូរទស្សន៍​ណាមួយ ហ៊ាន​បង្ហាញ​រូបភាព​របស់​នាង នឹង​ត្រូវ​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ។ ដឹង​ពី​រឿង​នេះ ទើប​តារា​មាន​មុខ​ក្នុង​កម្មវិធី បាន​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​បិទបាំង​រូប​នាង កុំ​ឲ្យ​ប៉ុស្តិ៍​ទូរទស្សន៍​ត្រូវ​ពិន័យ ព្រោះ​នេះ​គឺជា​កំហុស​មិន​បាន​ព្រៀង​ទុក​មួយ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម