អារម្មណ៍​ពិបាកទាំង៨ ដែលមនុស្ស​គ្រប់រូប​តែងជួប ហើយត្រូវតែដោះស្រាយវា

  • 2020-06-25 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយសារតែមនុស្សកើតមក មានរូបមានទុក្ខ ដូច្នេះអ្នកប្រាកដជាជៀសមិនផុតពីរឿងអវិជ្ជមានខ្លះនោះទេ។ ប្រសិនបើជួបរឿងអាក្រក់ទាំងនេះ អ្នកគួរតែ ធ្វើតាមដំណោះស្រាយខ្លះ ដូចមានខាងក្រោម៖

១. មិនពេញចិត្តចំពោះរូបរាងខ្លួនឯង

អ្នកតែងតែគិតថា រូបរាងខ្លួនឯងមិនស្អាត មានរាងមិនស្លីម មិនស្អាតដូចគេ។ ប្រការនេះ វាពិតជាធ្វើឲ្យជីវិតរបស់អ្នកមិនរីករាយសោះឡើយ។

ដំណោះស្រាយ៖ រៀនស្រលាញ់ខ្លួនឯងឲ្យបានច្រើន ហើយត្រូវរៀនអនុវត្តការហាត់ប្រាណ ដើម្បីធ្វើឲ្យមានទំនុកចិត្តលើខ្លួនឯងវិញ។ ត្រូវប្តូរការគិតថា សម្រស់មិនមែនជារឿងសំខាន់បំផុតសម្រាប់ជីវិតនោះទេ គឺអ្នកមានលក្ខណៈពិសេសផ្សេងទៀត។

២. មិនអាចបែងចែករវាងគ្រួសារ និងការងារ

អ្នកមិនដឹងថា តើត្រូវធ្វើឲ្យគ្រួសារមានសុភមង្គលយ៉ាងម៉េច បើខ្លួនត្រូវជាប់បំពេញការងារយ៉ាងរវល់បែបនេះ។ បើអ្នក គ្រាន់តែគិត ហើយមិនបានធ្វើវានោះ វាប្រាកដជាធ្វើឲ្យជីវិតរបស់អ្នកពោរពេញ ដោយក្តីបារម្ភ។

ដំណោះស្រាយ៖ ព្យាយាមគិតថា ការងារ និងគ្រួសារ គឺមានសារៈសំខាន់ដូចគ្នា។ ហើយអ្នកត្រូវបែងចែកពេលវេលាខ្លះសម្រាប់គ្រួសារ និងមួយចំនួនទៀតសម្រាប់ការងារ។ ដាច់ខាត កុំងប់ងល់តែនឹងរឿងអ្វីមួយ ហើយកុំរអ៊ូរទាំថារវល់គ្មានពេលធ្វើឲ្យគ្រួសារមានសុភមង្គលឲ្យសោះ ព្រោះថាសុភមង្គល កើតចេញពីក្នុងចិត្ត ហើយក៏កើតចេញពីការយោគយល់គ្នាផងដែរ។

៣. គិតថាជីវិតរបស់អ្នក ត្រូវបានកំណត់ដោយព្រហ្មលិខិតរួចហើយ

ពេលដែលអ្នកធ្វើអ្វីមួយបរាជ័យហើយបរាជ័យទៀត អ្នកតែងតែគិតថា នេះប្រហែលជាមកពី ព្រហ្មលិខិតកំណត់មកយ៉ាងដូច្នេះ។ អីចឹង អ្នកមិនបាច់ចាំខិតខំទៀតទេ។ បើរវល់តែគិតបែបហ្នឹង អ្នកប្រាកដជា កំពុងធ្វើឲ្យខ្លួនឯងបាត់បង់ឱកាសជាមិនខាន។

ដំណោះស្រាយ៖ កុំជឿលើព្រហ្មលិខិតពេក ហើយត្រូវកំណត់គោលដៅមួយឲ្យច្បាស់លាស់ និងជឿជាក់លើខ្លួនឯងថា អ្នកអាចធ្វើវាបាន។ ពាក្យចាស់និយាយថា បើយើងគិតរឿងល្អ នោះភាពល្អ នឹងកើតឡើងចំពោះយើងជាក់ជាមិនខាន។

៤. ស្នេហា ដែលមិនសមប្រកប

អ្នកមានអារម្មណ៍អន់ចិត្ត នៅពេលដែលឃើញស្នេហាគេ ប្រកបដោយភាពរីករាយ ប៉ុន្តែសម្រាប់ខ្លួនឯងវិញ បែរជាមានបញ្ហា មិនចេះចប់មិនចេះហើយ។ ការគិតបែបនេះ វានឹងធ្វើឲ្យអ្នកគ្មានក្តីសង្ឃឹមក្នុងជីវិតសោះឡើយ។

ដំណោះស្រាយ៖ រៀនធ្វើចិត្តឲ្យសប្បាយ កុំគិតស៊ប់តែនឹងរឿងស្នេហាពេក។ បើអ្នកបរាជ័យនឹងវាញយដង អ្នកគួរតែសម្រាកសិន ដើម្បីស្វែងយល់ពីខ្លួនឯងឲ្យបានច្បាស់ថា តើអ្នកត្រូវការស្នេហារបៀបណា ហើយអ្នកគួរតែធ្វើខ្លួនរបៀបណា ដើម្បីទទួលបានស្នេហាដែលសមប្រកបមួយ។

៥. ត្រូវតម្រូវចិត្តអ្នកដទៃ

អ្នកមិនអាចធ្វើអ្វី ដែលខ្លួនចង់ធ្វើ ព្រោះខ្លាចគេរិះគន់។ អ្នកមិនបានគោរពខ្លួនឯង ព្រោះយល់ថា សម្តីរបស់អ្នកដទៃសំខាន់ជាង។

ដំណោះស្រាយ៖ ត្រូវគិតថា អ្នកមានសិទ្ធិគ្រប់យ៉ាងលើខ្លួនអ្នកផ្ទាល់។ ឲ្យតែរឿងនោះ មិនបំផ្លាញដល់អ្នកដទៃ គឺអ្នកអាចធ្វើអ្វីដែលធ្វើឲ្យខ្លួនឯងសប្បាយចិត្តបាន។

៦. ឈឺចាប់ជាមួយនឹងការកុហក់

អ្នកតូចចិត្តនឹងជីវិតខ្លួនឯង ដែលល្ងង់ខ្លៅ ជឿលើការបោកបញ្ឆោតរបស់គេ។ អ្នកនៅតែមានអារម្មណ៍បែបនេះ ដែលវាមិនអាចធ្វើឲ្យអ្នក រកឃើញភាពខ្លាំងរបស់ខ្លួនឯងបាន។

ដំណោះស្រាយ៖ គួរចាត់ទុកវាជាមេរៀនជីវិត ប្រសើរជាងនៅតែបន្ទោសខ្លួនឯង។

៧. ទទួលអារម្មណ៍ថា គ្មានអ្នកគោរព ឬ ខ្លួនគ្មានតំលៃ

មិនថានៅកន្លែងធ្វើការ ឬ នៅផ្ទះ អ្នកតែងតែត្រូវគេសើចចំអក ចាត់ទុកជាមនុស្សចំលែក ហើយអ្នកក៏យល់ថា គេមិនគោរពអ្នក។ អ្នកគិតថា ខ្លួនឯងគ្មានតំលៃអ្វីសោះ។

ដំណោះស្រាយ៖ ជីវិតរបស់យើង ខុសពីជីវិតរបស់អ្នកដទៃ។ គេមិនគោរពយើង ជារឿងរបស់គេ តែសំខាន់យើងត្រូវចេះគោរពខ្លួនឯង។ ដើម្បីជំនះការចំអករបស់គេ អ្នកត្រូវតែយកឈ្នះខ្លួនឯង ហើយព្យាយាម បង្ហាញទៅគេវិញថា អ្នកក៏មានតំលៃឲ្យគេគោរពដែរ។ កុំអស់សង្ឃឹមឲ្យសោះ!!

៨. មានអារម្មណ៍ថា មានសម្ពាធ ស្ថិតនៅក្រោមការគ្រប់គ្រងរហូត

អ្នកមានអារម្មណ៍មិនឯករាជ្យ ដោយសារតែត្រូវស្ថិតនៅក្រោមគំនាបរបស់មជ្ឈដ្ឋានជុំវិញខ្លួន។ អ្នកគិតថា ជីវិតនេះកើតមក ហាក់ដូចជា គ្មានន័យអ្វីសោះ។

ដំណោះស្រាយ៖ ត្រូវរៀនឲ្យតំលៃទៅលើការគ្រប់គ្រងនោះ ឧទាហរណ៍៖ ប្រសិនបើអ្នកត្រូវឪពុកម្តាយ ហាមមិនឲ្យដើរក្រៅផ្ទះ រហូតដល់យប់ជ្រៅ។ អ្នកគួរតែប្តូរការគិតមកថា នេះមិនមែនជាការដាក់សម្ពាធទេ នេះគឺព្រោះតែពួកគាត់ចង់ឲ្យអ្នកមានសុវត្ថិភាពប៉ុណ្ណោះ។ ប៉ុន្តែចំពោះរឿងខ្លះទៀត អ្នកក៏គួរតែហ៊ានចេញមុខនិយាយ លើកហេតុផលជាមួយនឹងពួកគាត់ផងដែរ៕

ចុចអាន៖ លក្ខណៈ​គួរឲ្យ​ចាប់​អារម្មណ៍​របស់​មនុស្ស​ស្រី ដែល​សូម្បី​តែ​មនុស្ស​ស្រី​ខ្លួន​ឯង​ក៏​មិន​ដឹង​ផង

អត្ថបទ៖ ភារី

អត្ថបទពេញនិយម