ត្រូវ​គេ​បង្ហោះរូប​​ពិត ធាត់​ជាង​រូប​កាត់​ត​ខ្លួន​ឯង​មួយ​មេឃ​មួយ​ដី តារា​ម៉ូដែល​តៃវ៉ាន់ គំរាម​ប្ដឹង​គេ

  • 2020-04-16 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​រូបភាព រូប​រាង​ពិត​របស់​តារា​ម៉ូដែល​ស្រី Rosa Yin ត្រូវ​គេ​ទម្លាយ​នោះ ទស្សនិកជន​បាន​ស្រងាក​ចិត្ត​ជា​ខ្លាំង ដ្បិត​កន្លង​មក​នេះ​គឺ​ត្រូវ​នាង​បោក​ប្រាស់​ទាំង​ស្រុង។

ទទួល​ស្គាល់​ថា ទាំង​យើង​ទាំង​គេ អ្នក​ណា​ក៏​ចង់​ស្អាតដែរក្នុង​កែវ​ភ្នែក​អ្នក​ដទៃ ហេតុ​ដូច​នេះ​ហើយ នៅ​លើ​បណ្ដាញ​សង្គម​រៀង​ៗ​ខ្លួន យើង​តែង​ប្រើ​វិធី​សាស្ត្រ​ច្រើន​ដើម្បី​ជួយ​ឲ្យ​រូប​របស់​ខ្លួន​បាន​ស្អាត​ជាង​មុន។ ដោយ​ក្នុង​នោះ​ដែរ ចៀស​​មិនន​ផុត​ពី​ការ​ប្រើ​កម្មវិធី Edit ដើម្បី​មើល​ទៅ​ស្គម​ជាង​នោះ​ឡើយ ដ្បិត​នៅ​សម័យ​ដែល​ម្ហូប​អាហារ​ឆ្ងាញ់​គ្រប់​មុខ​នេះ គឺ​ពិបាក​ថែ​រាង​ឲ្យ​ស្រឡូន​ខ្លាំង​ណាស់។

យ៉ាង​ណា​ក្ដី គេ​តែង​និយាយ​ថា ក្រដាស​ខ្ចប់​ភ្លើង​មិន​ជិត​នោះ​ឡើយ។ ជាក់​ស្ដែង តារា​ម៉ូដែល​ស្រី​ម្នាក់​មក​ពី​កោះ​តៃវ៉ាន់​ ឈ្មោះ Rosa Yin ទើប​តែ​ត្រូវ​បាន​គេ​បក​អាក្រាត​ ការ​ដែល​នាង​ Edit រូប​របស់​ខ្លួន​ជ្រុល ស្ទើរ​តែ​ក្លាយ​ជា​មនុស្ស​មួយ​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ការ​រក​ស៊ី​អនឡាញ ដូច​ជា​លក់​ថ្នាំ​សម្រក​ទម្ងន់​ជា​ដើម។

ជាក់​ស្ដែង កាល​ពី​ថ្មី​ៗ​នេះ ស្រី​ស្អាត​ខាង​លើ ត្រូវ​បាន​ក្រុមហ៊ុន​រថយន្ត​មួយ​អញ្ជើញ​មក​ថត​ផ្សាព្វផ្សាយ​ស៊េរី​ឡាន​ថ្មី​របស់​ខ្លួន។ រូបភាព​ដែល​ស្រី​ស្អាត​នេះ​បង្ហោះ​នោះ អាច​និយាយ​បាន​ថា​ស្អាត​ឥត​ខ្ចោះ ជាមួយ​រូបរាង​ស្រឡូន គួរ​ឲ្យ​ស្ញប់ស្ញែង។ យ៉ាងណាក្ដី ក្រោយ​ពេល​នាង​បង្ហោះ​រូប​មិន​យូរ​ប៉ុន្មាន ក៏​មាន​អ្នក​ចេញ​មុខ​បង្ហោះ​រូប​ពិត​របស់​នាង​ដែល​មិន​ទាន់​ឆ្លងកាត់​ការ​កាត់​ត​ឲ្យ​មើល​ទៅ​ស្គម បង្ហាញ​ឲ្យ​ឃើញ​ថា តារា​ម៉ូដែល​នេះ មាន​រាង​ទ្រលុក​ទ្រលន់ ខុស​ឆ្ងាយ​ពី​រូប​ដែល​នាង​តែង​បង្ហោះ។

ក្រោយ​ពេល​ធ្លាយ​រូប​នេះ តារា​ស្រី​ខាង​លើ​បាន​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ដោយ​បាន​បិទ​គណនី​បណ្ដាញ​សង្គម​របស់​ខ្លួន ហើយ​គំរាម​ប្ដឹង​អ្នក​បង្ហោះ​រូប​នេះ​សង​ថ្លៃ​ជំងឺ​ចិត្ត។ លើស​ពី​នេះ​សន្យា​ថា​នឹង​ឲ្យអ្នក​ដែល​រក​ឃើញ​អ្នក​បង្ហោះ​រូប​នេះ ៦០០ដុល្លារ។ ទោះ​ជា​យ៉ាងណាក៏ដោយ ទស្សនិកជន​បាន​សម្ដែង​ការ​ហត់​នឿយ​ចំពោះ​នារី​ខាង​លើ ​ដ្បិត​នាង​វក់​នឹង​ការ​កាត់​ត​ដែល​ខុស​ពី​ការ​ពិត​ទាំង​ស្រុង៕

អានបន្ត៖ ​ បាន​ប្រុស​ស្អាត​ណាត់​ទៅ​ញ៉ាំអី នារី​ម្នាក់យំ​មិន​ចេញ​ទឹក​ភ្នែក ព្រោះ​លទ្ធផល​ហួស​ចិត្ត​ពេក

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម