គន្លឹះ​ថែទាំ​ខ្លួន​នៅ​ផ្ទះ​ទាំង​ ៤ នេះ​ ធ្វើ​ឲ្យ​នារី​ពោរពេញ​ដោយ​ទំនុក​ចិត្ត និង​ ភាព​ជឿជាក់​​​

  • 2020-04-07 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ការ​ពិត​ ក្នុង​គ្រា​​កូវីដ១៩ កំពុង​វាយ​លុក​គ្រប់​ទិសទី​នេះ មនុស្ស​ភាគ​ច្រើន​ត្រូវ​បាន​សម្រាក​នៅ​ផ្ទះ​ ឬ​ ធ្វើ​ការ​ពី​ផ្ទះ​ ដើម្បី​ចូលរួម​ការ​ទប់​ស្កាត់​នូវ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ។ ដូច្នេះ​ហើយ​ ម្នាក់ៗ​ ច្បាស់​ជា​ប្រឈម​នូវ​ភាព​ស្មុគស្មាញ​ច្រើន​ពេល​មិន​សូវ​បាន​ទៅ​ក្រៅ ដើម្បី​រំសាយ​អារម្មណ៍។ រី​ឯ នារី​មួយ​ចំនួន​វិញ បាន​ឱកាស​នៅ​ផ្ទះ​ដើម្បី​ថែរក្សា​សម្រស់​ហើយ​ បែរ​ជា​មិន​សូវ​​អនុវត្ត​ទៅ​វិញ ព្រោះ​យល់​ថា​មិន​បាន​ទៅ​ក្រៅ ដូចេ្នះ​ហើយ​ក៏​ខ្ជិល។ យ៉ាងណាមិញ ស្រីៗ​គួរ​ប្រើប្រាស់​ឱកាស​នេះ​ឲ្យ​បាន​ល្អ​គឺ​ មិន​ត្រឹម​តែ​​ថែរក្សា​សុខភាព​តែ​មួយ​មុខ​ទេ​ តែ​ក៏​​ត្រូវ​រក្សា​ទំនុក​ចិត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​គន្លឹះ​​សាមញ្ញៗ​ទាំងនេះ​ផង​ដែរ៖ ​​​ ​

១ ថែរក្សា​ស្បែក​មុខ៖ ព្យយាម​បិទ​ម៉ាស​ធម្មជាតិ ឬ ម៉ាស​សន្លឹក​ឲ្យ​បាន​ញឹកញាប់ និង លាប​គ្រីម​ផ្ដល់​សំណើម និង ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ជា​ប្រចាំ​ដូច​សព្វ​រាល់​ដង

រូបតំណាង

២ ស្លៀកពាក់​ស្អាតៗ៖ ជាពិសេស​សម្រាប់​អ្នក​មាន​ការងារ​ត្រូវ​ធ្វើ​ពី​ផ្ទះ គួរ​ស្លៀក​ពាក់​ឲ្យ​បាន​ស្អាត​បាត​ ពោល​គឺ​ខោអាវ​ដែល​ស្រួល​ខ្លួន​តែ​ពាក់ តែ​សមរម្យ​អាច​ចេញ​ទៅ​ខាង​ក្រៅ​បាន

រូបតំណាង

៣ ផាត់​មុខ​ស្រាល​ៗ៖ នារីៗ​គួរ​ផាត់​មុខ​តិចតួច​ដើម្បី​ឲ្យ​មើល​ទៅ​ស្រស់​ថ្លា ហើយ ផ្លាស់​ប្ដូរ​​អារម្មណ៍​នៅ​ផ្ទះ​ខ្លះ ជាពិសេស​ងាយស្រួល​ក្នុង​ការ​ជជែក ឬ​ ប្រជុំ​ការងារ​អនឡាញ​ជាដើម

រូបតំណាង

៤ ចង ឬ​ ធ្វើ​សក់​ឲ្យ​ស្អាត​បាត៖ ចំណុច​នេះ​ក៏​សំខាន់​ដែរ ជាពិសេស​សម្រាប់​អ្នក​ដែល​ធ្វើ​ការ​ពី​ផ្ទះ ព្រោះ​សក់​បង្ហាញ​ពី​ភាព​ស្អាតបាត​ និង អារម្មណ៍​របស់​អ្នក​បាន ដូច្នេះ​ជៀសវាង​មើល​ទៅ​ខ្ជិល​ច្រអូស​ គួរ​ចង​សក់​ឲ្យ​បាន​ស្អាត​បាត​មុន​ពេល​ចូល​ប្រជុំ​អន​ឡាញ ឬ​ ជជែក​គ្នា​លេង​ជាមួយ​នរណា​ម្នាក់។

រូបតំណាង

គួរ​បញ្ជាក់​ថា ការ​អនុវត្ត​នូវ​គន្លឹះ​ទាំង​នេះ​អាច​ឲ្យ​ស្រ្តី​មាន​អារម្មណ៍​ស្រស់ស្រាយ មាន​ភាព​ជឿជាក់​ និង​​ ងាយ​ផ្ដោត​អារម្មណ៍​ធ្វើការ​ជាង​ការ​ដែល​យើង​មិន​បាន​តែង​ខ្លួន​ទាល់​តែ​សោះ៕

រូបតំណាង
រូបតំណាង

ចុចអានបន្ត៖ គួរដឹង! ភេសជ្ជៈ ៤ ប្រភេទ​ត្រូវត្រៀម សម្រាប់រៀបចំ​សែន​ទទួល​ទេវតា​​ឆ្នាំ​ថ្មី ២០២០

អត្ថបទ៖ Siyou Tang