មនុស្ស​ម្នា​នាំ​គ្នាសម្ងំ​នៅ​ផ្ទះ សត្វ​ព្រៃ​វាយលុក​ទីសាធារណៈ​ម្ដង

  • 2020-03-31 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លូវ​ថ្នល់​ស្ងប់ស្ងាត់ ទីផ្សារ​គ្មាន​មនុស្ស​ដើរ គឺ​ជា​ឱកាស​ដ៏​ល្អបំផុត​សម្រាប់​ចេញ​ដើរ​តាម​ចិត្ត ដែល​ពួក​សត្វ​ព្រៃ​បាន​រង់​ចាំ​ជា​យូរ​មក​ហើយ។

ខណៈ​ពិភពលោក​ កំពុង​ឈឺក្បាល​ វិល​មុខ​ដោយ​វីរុស Covid 19 នៅ​តែ​បន្ត​រាតត្បាត​មិន​ឈប់​ឈរ​នោះ រដ្ឋាភិបាល​ប្រទេស​មួយ​ចំនួន បាន​តម្រូវ​ឲ្យ​ពលរដ្ឋ​ខ្លួន​ ឲ្យ​នៅ​ក្នុង​ផ្ទះ ដែល​ធ្វើ​ឲ្យ​ផ្លូវ​ថ្នល់ ទីផ្សារ​នានា ប្រែ​ទៅ​ជា​ស្ងាត់​ជ្រងំ។

ទិដ្ឋភាព​បែប​នេះ បាន​ធ្វើ​ឲ្យ​កន្លែង​ជា​ច្រើន​ប្រែ​ទៅ​ជា​ស្ងប់ស្ងាត់​ខ្លាំង។ យ៉ាងណាមិញ សភាព​បែប​នេះ គឺ​ជា​ឱកាស​ដ៏​ល្អបំផុត​សម្រាប់​សត្វ​ព្រៃ​ទាំង​ឡាយ ដោយ​យ៉ាងតិច​បំផុត គេ​សង្កេត​ឃើញ​ថា មាន​៣​ប្រទេស​ហើយ ដែល​សត្វ​ចេញ​ដើរ​ពេញ​ផ្លូវ​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់។

ជាក់​ស្ដែង នៅ​ប្រទេសអ៊ីតាលី គេ​បាន​ប្រទះ​ឃើញ​ជ្រូក​ព្រៃ​ជា​ច្រើន​ក្បាល បាន​ចេញ​រក​ចំណី​នៅ​ផ្លូវ។ រីឯ​នៅ​ប្រទេស​ជប៉ុន​វិញ ហ្វូង​ក្ដាន់​មួយ​ហ្វូង​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ព្រៃ ចូល​ក្រុង ដើរ​ឆ្លង​ថ្នល់ពេញ​ស្រុក ដែល​ធ្វើ​ឲ្យ​ប្រជាជន ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

ចំណែក​នៅ​ប្រទេស​ថៃ​វិញ ដោយ​សារ​តែ​គ្មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​នោះ បាន​ធ្វើ​ឲ្យ​ហ្វូង​ស្វា​ដ៏​ធំ​គ្មាន​ចំណី ទើប​រត់​ចេញ​ពី​សួន ចូល​ក្រុង​ដើម្បី​រក​ចំណី ដែល​ធ្វើ​ឲ្យ​មនុស្ស​ភិតភ័យ​ជា​ខ្លាំង៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel