ថ្នាំវេទមន្តដែលអ្នកជ្រើសរើស អាចបញ្ជាក់ពីអ្វីដែលចិត្តរបស់អ្នកកំពុងតែចង់បានបំផុត

  • 2020-01-30 07:10:00
  • ចំនួនមតិ 78 | ចំនួនចែករំលែក 88

ខាង​ក្រោម​នេះ​គឺ​ជា​រូប​ភាព​ថ្នាំ​វេទមន្ត ៥ ប្រភេទ​​ដែល​មាន​មុខងារ​ផ្សេង​គ្នាៗ សម្រាប់​ឲ្យ​អ្នក​ជ្រើស​រើស​ ដើម្បី​ធ្វើ​ការ​ពិសោធ​ទៅ​លើ​អ្វី ដែល​ចិត្ត​របស់​អ្នក​កំពុង​តែ​ចង់​បាន​បំផុត​​។ ចូរ​សន្មត​ថា​ បន្ទាប់​ពី​​ផឹក​រួច វា​ពិត​ជា​ស័ក្ដិសិទ្ធិ អាច​ជួយ​សម្រេច​បំណង​ប្រាថ្នា​របស់​អ្នក ដូច្នេះ​ហើយ​តើ​អ្នក​​នឹង​​យក​​​​មួយ​ណា?

ដប​ទី​១៖ ថ្នាំ​វេទមន្ត​ពណ៌​បៃតង អាច​ជួយ​ឲ្យ​អ្នក​មាន​វ័យ​ក្មេង​​រៀង​រហូត

​​បើ​អ្នក​ជ្រើស​រើស​ដប​ទី​១​នេះ មាន​ន័យ​ថា អ្នក​កំពុង​តែ​ចង់​កែប្រែ​​​បញ្ហា​ទាំង​អស់​នា​ពេល​អតីតកាល ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។ ម្យ៉ាង​វិញ​ទៀត ការ​ចង់​ឲ្យ​ខ្លួន​​ឯង​នៅ​ក្មេង​រហូត ព្រោះ​អ្នក​មាន​បំណង​​ចង់​ស្វែង​​រក​ផ្លូវ​​​ ដើម្បី​​ត្រលប់​​ទៅ​​ប្រើ​ជីវិត​រស់​នៅ​ក្នុង​ពេល​អតីតកាល​ ឲ្យ​បាន​ត្រឹម​ត្រូវ​ប្រកប ​ដោយ​សុភមង្គល​​ ថែម​ទាំង​អាច​​សម្រេច​ចិត្ត​និង​ធ្វើការ​​ជ្រើសរើស​វិថី​​ជីវិត​មួយ​ផ្សេង​ទៀត ដែល​ផ្ទុយ​គ្នា​ពី​សព្វ​ថ្ងៃ​។

យ៉ាង​ណា​ក៏​ដោយ អ្វី​ៗ​នៅ​មិន​ទាន់​ហួស​ពេល​នៅ​ឡើយ​ទេ​ ប្រសិន​បើ​អ្នក​ចង់​ជ្រើស​រើស​ផ្លូវ​ផ្សេង​សម្រាប់​ជីវិត​ គួរ​ចាប់​ផ្តើម​ពី​ឥលូវ​នេះ​ត​ទៅ។ មាន​ឱកាស​ល្អ​ៗ​ជា​ច្រើន​កំពុង​តែ​រង់​ចាំ​អ្នក ព្យាយាម​ឲ្យ​ដល់​ទី​បំផុត អ្នក​ប្រាកដ​​ជា​អាច​ឈាន​ទៅ​ដល់​គោល​ដៅ​មិន​ខាន។

ឃ្លា​ដែល​គួរ​ចងចាំ​ទុក៖ "មេរៀន​ដែល​មិន​អាច​កាត់​ថ្លៃ​បាន គឺ​ការ​រៀន​សូត្រ​ស្វែង​យល់​​ពី​កំហុស​។ កំហុស​​អតីតកាល​ប្រៀប​បាន​ដូច​ជា​ពន្លឺ​ដើម្បី​ជួយ​ឲ្យ​អ្នក​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត​​​”។

ដប​ទី​២៖ ថ្នាំ​វេទមន្ត​ពណ៌​ខៀវ អាច​ធ្វើ​ឲ្យ​អ្នក​ដក​ដង្ហើម​ក្នុង​ទឹក​បាន

ជម្រើស​មួយ​នេះ ហាក់​បី​ដូច​ជា​អ្នក​កំពុង​ចង់​តែ​ចង់​ក្លាយ​ជា​មច្ឆា​​រស់​នៅ​ក្នុង​ទឹក​ ដើម្បី​គេចវេះ​ពី​មនុស្ស​លោក។ ទំនាក់​ទំនង​ក្លែង​ក្លាយ រួម​ទាំង​បញ្ហា​នានា ដែល​អ្នក​​ខំ​​លះបង់​តតាំង​ជាមួយ​​​ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ហត់​នឿយ​ធុញ​ទ្រាន់​ខ្លាំង​ណាស់​។ ហេតុ​នេះ​ហើយ​ទើប​បាន​ជា​អ្នក សុខចិត្ត​ជ្រើស​រើស​រស់​នៅ​ក្នុង​ទឹក​​ ដើម្បី​នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស និង​មិន​ចង់​ឲ្យ​មាន​ការ​រំខាន។

ឃ្លា​ដែល​គួរ​ចងចាំ​ទុក៖ "អ្វី​ៗ​នឹង​​ល្អ​ប្រសើរ​ឡើង​មិន​គួរ​ឲ្យ​ជឿ ប្រសិន​បើ​អ្នក​ព្យាយាម​​នៅ​ឲ្យ​ឆ្ងាយ​ពី​ប្រភេទ​មនុស្ស​ពិសពុល”។

ដប​ទី​៣៖ ថ្នាំ​វេទមន្ត​ពណ៌​ខ្មៅ អាច​ធ្វើ​ឲ្យ​បំបាំង​កាយ​​បាន

វា​ជា​ថ្នាំ​វេទមន្ត​ដែល​អាច​ជួយ​បំបាំង​កាយ​បាន​គ្រប់​ពេល​ដែល​អ្នក​ចង់​។ អ្នក​អាច​ដេក​ ដើរ និង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង ដោយ​គ្មាន​នរណា​មើល​ឃើញ។ នេះ​អាច​បណ្តាល​មក​ពី​អ្នក​ខ្វះ​ទំនុក​ចិត្ត មិន​ជឿជាក់​លើ​អ្វី​ដែល​ខ្លួន​បាន​ជ្រើសរើស ឬ​បាន​ទទួល​រង​​សម្ពាធ​ពី​របត់​សង្គម​ដែល​កំពុង​តែ​រស់នៅ​សព្វថ្ងៃ។ ទាំង​នេះ​ហើយ​ទើប​​បាន​ជា​អ្នក​រើស​យក​ថ្នាំ​វេទមន្ត​ពណ៌​ខ្មៅ ដែល​អាច​ផ្ដល់​ពេលវេលា​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ឲ្យ​សប្បាយ​រីករាយ​ដោយ​មិន​ខ្វល់​ពី​គំនិត​ឬ​ពាក្យ​រិះគន់​របស់​អ្នក​ដទៃ។

​​ឃ្លា​ដែល​គួរ​ចងចាំ​ទុក៖ "បង្កើន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង បន្ត​គំនិត​វិជ្ជមាន ទើប​គំនិត​អ្នក​ដទៃ​មិន​អាច​ជះ​ឥទ្ធិពល​មក​លើ​អ្នក​បាន”។

ដប​ទី​៤៖ ថ្នាំ​វេទមន្ត​ពណ៌​ក្រហម អាច​ធ្វើ​ឲ្យ​អ្នក​មាន​ថាមពល​ពន្លត់​ភ្លើង

បើ​ដប​ទី​៤ ជា​ជម្រើស​របស់​អ្នក​មាន​ន័យ​ថា អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​រឹង​មាំ​ខ្លាំង​ខ្លា​ប្រៀប​បាន​ដូច​ជា​ភ្លើង។ សមត្ថភាព​​អាច​ពន្លត់​ភ្លើង​​ដែល​អ្នក​​​ចង់​បាន ដោយ​សារ​តែ​អ្នក​ចង់​គ្រប់​គ្រង​អារម្មណ៍ ក្តីស្រលាញ់​​ ភាព​ឆេវឆាវ ដែល​​បាន​ឆាបឆួល​នៅ​ក្នុង​ខ្លួន​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​។ ពេល​ខ្លះ​ចង់​បញ្ឈប់​ចិត្ត​កុំ​ឲ្យ​នឹក​គិត​ដល់​មនុស្ស​ដែល​មិន​គួរ ក៏​មិន​អាច​ធ្វើ​បាន​ ទើប​បង្ក​ទៅ​ជា​ផល​លំបាក​សម្រាប់​អ្នក​។

ឃ្លា​ដែល​គួរ​ចងចាំ​ទុក៖ "កុំ​បណ្តោយ​ឲ្យ​អារម្មណ៍​មួយ​ឆាវ​មក​រារាំង​បង្អាក់​ផ្លូវ​របស់​អ្នក គួរ​យក​ការ​គិត​និង​ហេតុ​ផល​ជា​ធំ ទើប​អាច​ទៅ​ដល់​គោល​ដៅ​ពិត​ប្រាកដ”។

ដប​ទី​៥៖ ថ្នាំ​វេទមន្ត​ពណ៌​ស្វាយ អាច​ឲ្យ​អ្នក​ដើរ​លេង​គ្រប់​​ទិស​ទី

មិន​ថា​ទៅ​ដល់​ទី​ណា ទោះ​ជា​នៅ​ភព​ផ្សេង​ក៏​អ្នក​​អាច​ជប់​បាន​ទៅ​ដល់​ភ្លាម។ មូល​ហេតុ​ដែល​អ្នក​ជ្រើស​រើស​ដប​ចុង​ក្រោយ​នេះ គឺ​ដោយ​សារ​តែ​អ្នក​បាន​ដឹង​ពី​គោល​បំណង​​ពិត​ប្រាកដ​​ដែល​ខ្លួន​ចង់​បាន​នៅ​ក្នុង​ជីវិត។ អ្នក​មាន​ភាព​ច្បាស់​លាស់​នឹង​ជម្រើស​របស់​ខ្លួន​ គ្រាន់​តែ​ពេល​ខ្លះ​ហាក់​ដូច​ជា​ខ្វះ​ភាព​ជា​ដៃ​គូ ឬ​កម្លាំង​ថាមពល​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ចង់​ចំណាយ​ពេល​​បន្ថែម ធ្វើ​ដំណើរ​ទៅ​គ្រប់​ទី​កន្លែង​ ​​ដើម្បី​វាយ​តម្លៃ​​និង​ស្គាល់​ពី​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ច្បាស់​ជាង​មុន​។ ​​​​

ឃ្លា​ដែល​គួរ​ចងចាំ​ទុក៖ "ដំណើរ​ផ្សង​ព្រេង​ទាំង​អស់​ដែល​អ្នក​បាន​ឆ្លង​កាត់ ត្រូវ​រក្សា​ទុក​ជា​បទពិសោធ​ល្អ​ៗ​សម្រាប់​ខ្លួន​ឯង​និង​អ្នក​ដទៃ ហើយ​កុំ​ភ្លេច​​​​ស្វែង​រក​អ្វី​ដែល​ជា​​​ចំណង់​ចំណូល​ចិត្ត​ពិត​ប្រាកដ"។

ចុះ​​អ្នក​​វិញ ចង់​បាន​ដប​វេទមន្ត​មួយ​ណា​ជាង​គេ?

ចុចអានបន្ត៖ ល្បងប្រាជ្ញា៖ តើកាហ្វេនឹងចូលទៅពែងមួយណាមុនគេ?

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ ដេត ឈុនអ៉ី