អនុវត្តទម្លាប់រស់នៅប្រចាំថ្ងៃទាំង ៧ នេះនឹងជួយអ្នកកាន់តែក្មេងជាងវ័យ

  • 2019-09-17 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុភាពនារី​គ្រប់គ្នា តើ​នរណា​មិនចង់​មានមុខ​ក្មេង​ស្រស់​ស្អាត? ភាគច្រើន​អ្នកចង់​បាន​មុខក្មេងៗ ប៉ុន្តែ​មានដែល​បានយក​ចិត្តទុក​ដាក់លើ​ការថែរក្សា​សុខភាព សម្រស់ ពិសេស​វាទាក់ទង​ទៅនឹង​ទម្លាប់​រស់​នៅ​ប្រចាំថ្ងៃ​របស់គ្រប់​គ្នាផ្ទាល់​តែម្តង។ ដូច្នេះ​អ្នកគួរតែ​ដឹងពី​ទម្លាប់​ទាំង ៧ នេះអាច​ជួយ​អ្នក​រក្សាភាព​ក្មេង​ជាង​វ័យ​បាន៖

១​. ការថែរក្សា​រាង

អ្នកគ្រប់គ្នា​ប្រហែលជា​បានដឹង​មកហើយ​ថា ការធ្វើ​លំហាត់ប្រាណ​ពិតជាសំខាន់​ណាស់​សម្រាប់​រាង​កាយ។ យ៉ាងហោច​ណាស់​អ្នកគួរ​ពេល ៣០ នាទី​ក្នុងការ​ហាត់ប្រាណ ព្រោះវា​ធ្វើឲ្យសម្ពាធ​ឈាម​ដើរ​បាន​ស្រួល ជួយធ្វើ​ឲ្យខូឡាជេន​រឹងមាំ​នៅក្រោម​ស្បែក។ ហេតុដូចនេះ វាជា​កត្តា​ធ្វើឲ្យ​ស្បែកអ្នក​ភ្លឺ​និង​ក្មេង​ជាង​វ័យ។

២. ញុំា​បន្លែ​និង​ផ្លែឈើ

ផ្លែឈើ​និងបន្លែ​សុទ្ធតែជា​ប្រភេទ​អាហារសម្បូរ​ទៅដោយ​ជាតិសរសៃ មាន​កាឡូរី​ទាប តែ​ផ្ទុក​ទៅ​ដោយ​វីតាមីនចាំ​បាច់សម្រាប់​រាងកាយ​អ្នក។ ប្រសិនបើ​អ្នកចង់បាន​សុខភាព​ល្អគួរផ្លាស់​ប្តូរមកញុំា​បន្លែ​និងផ្លែ​ឈើឲ្យ​បានច្រើន​ដើម្បី​ឲ្យក្មេង​ជាងវ័យ​ព្រោះវា​សម្បូរទៅ​ដោយ​ជាតិ​សរសៃ។

៣. លាប​ឡេការពារ​កម្តៅថ្ងៃ

ពន្លឺ​ព្រះអាទិត្យ​មានឥទ្ធិពល​ខ្លាំង​ទៅលើ​ស្បែក​របស់អ្នក វា​មិន​ត្រឹមតែ​ធ្វើឲ្យ​ស្បែក​ខ្មៅ​ស្រអាប់​ប៉ុ​ណ្ណោះ​ទេ ថែមទាំង​ធ្វើ​ឲ្យមាន​ស្នាមជ្រីវជ្រួញ​ទៀតផង។ ដូច្នេះ​បើអ្នក​មិន​ចង់មើល​មកឆាប់​ចាស់​មុន​អាយុ​ទេ គួរតែ​ប្រើឡេ​ការពារ​កម្តៅថ្ងៃ​សម្រាប់​ការពារ​ស្បែក​របស់អ្នក​ពីកម្តៅ​ថ្ងៃ។

៤. គេង​​ឲ្យបាន​គ្រប់គ្រាន់

ការគេង​ជារឿងល្អ​សម្រាប់​អ្នក មិនថា​ការអស់​កម្លាំង​ដោយសារ​ការគិត​ឬ​ការប្រើ​កម្លាំងទេ ការគេង​នឹង​ជួយអ្នក​ឲ្យ​មានអារម្មណ៍​ស្រស់​ថ្លា​ល្អ។ អ្នកត្រូវដឹងថា​រាងកាយ​ក៏ត្រូវ​ការពេល​ដើម្បី​ជួសជុល​កោសិកា​ចាស់ៗ ដូច្នេះ​គួរតែ​ផ្តល់ពេល​ឲ្យរាង​កាយ​បាន​សម្រាក​ខ្លះ ទើប​ជាការ​ល្អ។

៥. បញ្ឈប់​ការគិត​រឿង​ពិបាកចិត្ត

ភាព​តាន​តឹង​ជាកត្តាប៉ះ​ពាល់ទៅ​ដល់​រាងកាយ​អ្នក​និង​ផ្លូវចិត្ត​អ្នកខ្លាំង។ នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស​ម្នាក់ៗ តែងមាន​ភាពតានតឹង​ដោយ​សារអ្នកតែង​ជួបបញ្ហា​ប្រឈមមុខ​រាល់ថ្ងៃ ដូច្នេះ​កុំសូវ​យកចិត្ត​ទុកដាក់​លើរឿង​តប់ប្រមល់​ច្រើន​ពេក។

៦. កាត់បន្ថយ​ការប្រើប្រាស់​ទូរស័ព្ទ​ដៃ

ការប្រើប្រាស់​ទូរស័ព្ទដៃ​អាចធ្វើឲ្យ​អ្នកចាស់​ដោយមិន​ដឹងខ្លួន ព្រោះ​ពន្លឺដែល​ចេញពី​អេក្រង់​ទូរស័ព្ទ​អាចបណ្តាល​ឲ្យស្បែក​អ្នកមិន​ល្អ។ សាកគិត​មើលទៅ ថាអ្នកតែង​ប្រើជារៀងរាល់​ពេល អញ្ចឹង​ផល​ប៉ះពាល់​ក៏មាន​ច្រើនដែរ។​ ផ្ទុយទៅវិញ គួរកាត់​បន្ថយការ​ប្រើប្រាស់​ទូរស័ព្ទដៃ​ដោយ​ចំណាយ​ពេល​ណា​ដែល​អ្នក​គិតថា​ចាំបាច់​ទើបជា​ការ​ប្រសើរ។

៧. រក្សា​គំនិត​បែប​វិជ្ជមាន

ការគិត​បែបវិជ្ជមាន​ពិតជាល្អ​សម្រាប់​ផ្លូវកាយ​និងផ្លូវចិត្ត​របស់អ្នក។ ប្រសិន​បើ​អ្នកមាន​គិតរឿង​ល្អៗ ភាព​តាន​តឹង​នៅ​ក្នុងរាងកាយ​របស់អ្នក​នឹង​ធ្លាក់ចុះ។ រីឯ​រាង​កាយ​វិញ នៅ​ពេល​មិន​មាន​ភាព​ស្មុគ​ស្មាញ អ្នកនឹង​មាន​ភាព​ស្រស់​ថ្លា រីករាយ​ទៅ​តាម​ហ្នឹង​ដែរ។

អ៊ីចឹងកុំភ្លេច​ផ្លាស់ប្តូរ​ទម្លាប់រស់នៅ​ប្រចាំថ្ងៃ​របស់អ្នក​ណា៎!​​

ចុចអានបន្ត៖

បើ​មាន​សញ្ញា​ទាំង​នេះ អ្នក​គឺ​ជា​មនុស្ស​ស្រី​រឹង​មាំ​ពិត​ប្រាកដ​មែន

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន