មុខចេះតែកើតមុន ជ្រុះសក់ហើយស្បែកឡើងជាំដុំៗ តាមពិតអ្នកខ្វះវីតាមីនទាំងនេះ
- 2019-09-03 06:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខចេះតែកើតមុន ជ្រុះសក់ហើយស្បែកឡើងជាំដុំៗ តាមពិតអ្នកខ្វះវីតាមីនទាំងនេះ
ធ្លាប់ឆ្ងល់ទេ ប្រើផលិតផលសុទ្ធតែថ្លៃៗ តែមុខនៅតែកើតមុន ជ្រុះសក់រាល់ពេលសិត និងស្បែកឡើងជាំដុំៗ មិនបាត់។ នេះមកពីរាងកាយអ្នកខ្វះវីតាមីនដ៏ចាំបាច់សម្រាប់ទ្រទ្រង់។ ខាងក្រោមនេះ អាចបង្ហាញបានថា អ្នកកំពុងត្រូវការបន្ថែមនូវវីតាមីនទាំងនេះ ៖
វីតាមីន B
វីតាមីននេះជំនួយដល់សុខភាពស្បែក ពិសេសសម្រាប់ស្បែកស្ងួត ឬស្បែកមានស្នាមអុជខ្មៅជាដើម។ បន្ថែមវីតាមីន B គ្រប់គ្រាន់ដល់រាងកាយនឹងជួយឲ្យស្បែកប្រែជាទន់ រលោង និងបំបាត់មុនរួមទាំងផ្ចិតរន្ធរោមបានថែមទៀត។
បើសិនកង្វះវីតាមីននេះ រាងកាយអ្នកងាយប្រឈមនឹងអស់កម្លាំង ក្រចកផុយ សក់ផុយ និងបបូរមាត់ប្រែជាស្វិត។ ម្ល៉ោះហើយគួរទទួលទានអាហារដូចជា គ្រប់ធញ្ញជាតិអាល់ម៉ុន ទឹកដោះគោ ផ្លែវ៉ាល់ណាត់ ផ្លែប័រ ចេក គ្រាប់ស្វាយចន្ទី ទំពាំង ល្ពៅ សណ្ដែកដី សណ្ដែកខៀវជាដើម។
វីតាមីន C
វីតាមីនដែលសំខាន់សម្រាប់ស្បែករបស់អ្នកគឺ វីតាមីន C ដោយសារជួយព្យាបាលការរោល មិនឲ្យស្បែកឆាប់វិវត្តទៅរកភាពចាស់ជាដើម។ បើអ្នកខ្វះវីតាមីននេះ រាងកាយងាយប្រឈមការហើមអញ្ចាញធ្មេញ សក់ជ្រុះ និងលេចស្នាមជ្រួញជាដើម។ អាហារសម្បូរវីតាមីនដ៏ចាំបាច់នេះ មាននៅក្នុងផ្លែល្ហុង ម្ទេសហាវ៉ៃពណ៌លឿង ផ្លែក្រូច ផ្លែគីវី ស្វាយ ត្របែក ម្នាស់ ដើមនិងផ្កាខាត់ណា ។
វីតាមីន A
សញ្ញាបង្ហាញថាអ្នកខ្វះវីតាមីន A គឺ បបូរមាត់ស្ងួត ស្បែកឡើងស្រអាប់ ភ្នែកស្ងួតជាដើម។ បំបាត់បញ្ហាទាំងនេះ អ្នកអាចបរិភោគស៊ុត ប័រ ទឹកដោះគោ បូករួមទាំងបន្លែស្លឹកបៃតង ការ៉ុត ផ្លែឈើមានសាច់ក្រហម ស៊ុបមាន់ខ្មៅ ជាដើម។
វីតាមីន E
ជាទូទៅសម្រាប់មនុស្សវ័យជំទង់ ត្រូវការវីតាមីន E ប្រមាណ១៥ mg ក្នុងមួយថ្ងៃ និងសម្រាប់អ្នកមានវ័យលើសពី៣០ឆ្នាំទៅ ហើយមានជំងឺទឹកនោមផ្អែម លើសឈាម ថ្លើមខ្សោយ ជំងឺតម្រងនោម មហារីក អាឡែហ្សី រលាករ៉ាំរ៉ៃ និងជំងឺអូតូអ៊ុយមីន ត្រូវការវីតាមីន E ជាប្រចាំថ្ងៃ ដែលមិនលើសពី ៤០០ UI ( International Units)។
វីតាមីននេះមានប្រសិទ្ធភាពជួយស្បែកឲ្យទន់ដូចធម្មជាតិ មិនឲ្យសក់ស្ងួត ការពារស្បែកពីការដុតកម្លោចរបស់កាំរស្មីអ៊ុលត្រាវីយូឡេផងដែរ។
វីតាមីន K
ជួយបំបាត់ស្នាមជ្រួញ ដក់ក្រោមភ្នែក ស្នាមជាំ និងរង្វង់ភ្នែកខ្មៅផងដែរ។ សញ្ញាដែលបង្ហាញថាអ្នកកំពុងខ្វះវីតាមីន K គឺ ស្បែកជ្រួញ លេចស្នាមជាំលើរាងកាយ មានហូរឈាមតាមក្រពះពោះវៀន ឈាមច្រមុះ មករដូវតិច រួមទាំងបត់ជើងតូចមកមានឈាម។ អ្នកអាចបំបាត់បញ្ហាទាំងនេះដោយទទួលទានអាហារមានវីតាមីន K ឲ្យបានគ្រប់គ្រាន់ដូចជា បន្លែពណ៌បៃតង បន្លែមើមជាដើម។
ចុចអាន៖ ៤ របស់ប្រើប្រាស់ក្នុងផ្ទះបាយ បើសម្អាតមិនស្អាត នឹងនាំមេរោគដល់គ្រួសារទាំងមូល