“នាឡិកា​ប្រឡាក់​ឈាម” ចំណាយ​ពេល​អាន​បន្តិច​ ​មុន​ជួប​រឿង​ស្ដាយ​ក្រោយ​បំផុត​ដូច​ក្នុង​រឿង​នេះ

  • 2017-12-07 08:08:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​រ៉ាវ​នេះ​កើត​ឡើង​នៅ​ក្នុង​ផ្ទះ​ខ្ទម​តូច​មួយ...

ផ្ទះ​តូច​នេះ​មាន​តែ​ក្មេង​ស្រី​តូច​ឈ្មោះ​និមល និង​ម្ដាយ​របស់​នាង​ប៉ុណ្ណោះ។ ឪពុក​របស់​នាង​បាន​ស្លាប់​យូរ​ហើយ ហើយ​ម្ដាយ​របស់​នាង​មាន​មុខ​របរ​ជា​អ្នក​លក់​បង្អែម​​​រក​មួយ​ថ្ងៃ​ហូប​បាន​មួយ​ថ្ងៃ។ តែ​ទោះ​យ៉ាង​ណា ដោយ​ទឹក​ចិត្ត​ស្រឡាញ់​កូន ម្ដាយ​របស់​​និមល​​ក៏​ព្យាយាម​បញ្ជូន​កូន​ឲ្យ​ទៅ​រៀន​នៅ​សាលា​រៀន​ដែល​មាន​គុណភាព។ ថ្ងៃ​មួយ និមល និយាយ​ជាមួយ​ម្ដាយ​ថា៖

“ម៉ែ កូន​ចង់​បាន​នាឡិកា”

“មល ផ្ទះ​យើង​អត់​សូវ​មាន​លុយ​ទេ​ណា​​កូន តែ​អត់​អី​ទេ នាឡិកា​ហ្នឹង​ថ្លៃ​ប៉ុន្មាន?”

“អត់​ថ្លៃ​ទេ​ម៉ែ ប្រហែល​ខ្ទង់ ១០ម៉ឺន”

“១០ម៉ឺន!!” អ្នក​ជា​ម្ដាយ​ឧទាន​ឡើង

“​មិន​មែន​តិច​លុយ​ទេ​ណា​កូន ម៉ែ​ថា​ចាំ​ថ្ងៃ​ក្រោយ​ចាំ​ទិញ​ល្អ​ជាង”

“ហើយ​ម៉ែ​ស្រឡាញ់​ខ្ញុំ​ឬ​អត់?”

“ស្រឡាញ់ ប៉ុន្តែ​ម៉ែ​អត់​មាន​លយ​ទេ​កូន មួយ​ថ្ងៃ​ៗ​រក​តែ​លុយ​ទិញ​ម្ហូប​ញ៉ាំ​មិន​បាន​ផង”

“តែ​ខ្ញុំ​ស្អប់​ម៉ែ” នាង​និយាយ​ ហើយ​ក៏​ដើរ​តាំង​ៗ​ចេញ​ពី​ផ្ទះ​ទៅ​សាលារៀន។

នៅ​ពេល​នោះ និមល បាន​ចូល​រៀន​ដល់​ថ្នាក់​ទី​៦ ហើយ​ដោយ​ខ្មាស​អៀន​ដែល​​មាន​ម្ដាយ​ជា​អ្នក​រែក​បង្អែម​លក់ នាង​ក៏​និយាយ​ប្រាប់​ម្ដាយ​ថា ​កុំ​ទៅ​លក់​នៅ​សាលា​នាង​រៀន។ អ្នក​ជា​ម្ដាយ​ក៏​យល់​ពី​អារម្មណ៍​អៀន​ខ្មាស​របស់​កូន ទើប​មិន​ដែល​ទៅ​លក់​នៅ​សាលា​រៀន​ឡើយ។   “និមល​ មក​នេះ​ឲ្យ​លឿន មក​ញ៉ាំ​របស់​ឆ្ងាញ់”

“អី​គេ​ទៅ?” និមល​ក៏​ដើរ​តាម​ក្រុម​មិត្តភ័ក្ដិ​ទាំង​ឆ្ងល់។

“បង្អែម​កូន​ត្រី​របស់​អ៊ំ​នេះ​ឆ្ងាញ់​ដល់​ហើយ អ៊ំ​គាត់​ពូកែ​ធ្វើ​ណាស់ៗ”

“ដូច​គ្មាន​អី​គួរ​ឲ្យ​ចង់​ញ៉ាំ​សោះ” និមល​ និយាយ ព្រោះ​នាង​តែង​ញ៉ាំ​បង្អែម​​ដែល​លក់​នៅ​សល់​នោះ​រាល់​ថ្ងៃ​ទៅ​ហើយ។

គ្រាន់​តែ​ឃើញ​កញ្ជើរ និង​ដង​រែក​របស់​អ្នក​លក់​ម្នាក់​នោះ និមល​ក៏​ស្លុត​ចិត្ត ព្រោះ​នាង​ចាំ​បាន​ថា​ ​អ្នក​លក់​នោះ​ជា​របស់​ម្ដាយ​នាង​គ្មាន​ខុស​ទេ គឺ​ម្ដាយ​របស់​នាង​កំពុង​លក់​បង្អែម​ឲ្យ​ក្មេង​ៗ​នៅ​ក្បែរ​របង​សាលា។

“ហើយ​អ៊ំ​​ឯង​មក​លក់​អី​នៅទី​ហ្នឹង?” និមល​ស្រែក

នៅ​ពេល​ឃើញ​ថា​ជា​កូន​ខ្លួន​ឯង​បែប​នេះ ម្ដាយ​និមល​ក៏​ប្រញាប់​ប្រញាល់​រៀប​ឥវ៉ាន់​ងើប​ចេញ ប៉ុន្តែ​ដោយ​សារ​ប្រញាប់​ប្រញាល់​ខ្លាំង​ពេក បង្អែម​​កូន​ត្រី​នៅ​សល់​ និង​លុយ​ដែល​លក់​បាន​ក៏​កំពប់ ធ្លាក់​រប៉ាត់រប៉ាយ​ពេញ​ដី។ នៅ​ពេល​រើស​លុយ​បាន​អស់​ហើយ គាត់​ក៏​ប្រញាប់​រែក​ឆ្នាំ​ង​បង្អែម​​ដើរ​ចេញ​យ៉ាង​លឿន។

រូបតំណាង

“ម៉ែ ខ្ញុំ​ប្រាប់​ម៉ែ​ប៉ុន្មាន​ដង​ហើយ​ថា​កុំ​ទៅ​លក់​នៅ​កន្លែង​ហ្នឹង ខ្ញុំ​ខ្មាស​គេ​ណា​ម៉ែ។​ បើ​មិត្តភ័ក្ដិ​ខ្ញុំ​ដឹង​​ថា​ម៉ែ​ជា​ម៉ែ​ខ្ញុំ ពួក​វា​បង្អាប់​ខ្ញុំ​ងាប់​ហើយ”។

“មល ម្ដុំ​ហ្នឹង​លក់​បង្អែម​អស់​ៗ​រាល់​ថ្ងៃ​ណា​កូន ក្រែង​កូន​ចង់​បាន​នាឡិកា​នោះ ឥលូវ​ម៉ែ​​លក់​​លុយ​បាន​ច្រើន​ហើយ កូន​​​ជិត​បាន​នាឡិកា​ដែល​កូន​ចង់​បាន​ហើយ"

“តែ​ម៉ែ​ធ្វើ​បែប​នេះ គឺ​ស្មើ​នឹង​ធ្វើ​ឲ្យ​កូន​ខ្មាស​គេ​ណា​ម៉ែ កូន​ស្អប់​ម៉ែ​បំផុត”

ព្រឹក​ស្អែក​ឡើង គ្រូ​របស់​និមល​ក៏​ដាក់​កិច្ចការ​ឲ្យ​កូន​សិស្ស​គ្រប់​គ្នា​សរសេរ​តែង​សេចក្ដី​ពី​ “ម្ដាយ​ខ្ញុំ” ហើយ​ត្រូវ​ប្រមូល​ឲ្យ​គ្រូ​វិញ​នៅ​អាទិត្យ​ក្រោយ និង​ឲ្យ​កូន​សិស្ស​គ្រប់​គ្នា​អញ្ជើញ​ម្ដាយ​មក​ចូល​រួម​បុណ្យ​ម្ដាយ​នៅ​សាលា​ផង។

និមល​ ក៏​មិន​ដឹង​ថា​ត្រូវ​សរសេរ​អ្វី…

និមល រក​នឹក​មិន​ឃើញ​ពី​ទង្វើ​ល្អ​ដែល​ម្ដាយ​​ធ្វើ​ឲ្យ​នាង​ឡើយ...

និមល មិន​ដែល​បាន​អ្វី​ដែល​ខ្លួន​ចង់​បាន​សោះ!!

ល្ងាច​ថ្ងៃ​នោះ ពេល​ត្រលប់​ទៅ​ផ្ទះ​វិញ និមល​ក៏​ចូល​ធ្វើ​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ និង​ញ៉ាំ​បង្អែម​កូន​ត្រី​ដែល​ម្ដាយ​នាង​លក់​សល់​ដូច​រាល់​ដង។ ញ៉ាំ​បណ្ដើរ នាង​រក​នឹក​បណ្ដើរ​ថា “ម៉ែ​យើង​មាន​ចំណុច​អី​ល្អ​ទៅ​ហ្ន៎ ស្រឡាញ់​យើង​ឬ​អត់ ក៏​ប្រហែល​ជា​អត់ យើង​ចង់​បាន​អី​ក៏​​មិន​ដែល​ឃើញ​បាន រឿង​នាឡិកា​នោះ​ប្រហែល​មិន​ពិត​ទេ ម៉ែ​ប្រហែល​​បោក​​​ឲ្យ​យើង​​រង់​ចាំ​ដូច​លើក​មុន​ៗ​អីចឹង”។ អង្គុយ​គិត​មួយ​យប់ និមល​​ក៏​មិន​ដឹង​ថា​ត្រូវ​សរសេរ​ពី​អ្វី។

ព្រឹក​ស្អែក​ឡើង​ម្ដាយ​ក៏​និយាយ​ប្រាប់​​កូន​ស្រី​ឲ្យ​ត្រលប់​មក​ផ្ទះ​លឿន​បន្តិច​នៅ​ថ្ងៃ​នេះ ហើយ​ក៏​ញញឹម​ដាក់​កូន។ ចំណែក​និមល​ក៏​រអ៊ូ​ពី​រឿង​នាឡិកា​ដែល​ខ្លួន​ចង់​បាន​ថា “ធ្វើ​យ៉ាង​ម៉េច​ក៏​ម៉ែ​មិន​ទិញ​ឲ្យ​ខ្ញុំ ម៉ែ​មិន​ស្រឡាញ់​ខ្ញុំ​ទេ ខ្ញុំ​មិន​ស្រឡាញ់​ម៉ែ​ ហើយ​ក៏​មិន​ធ្វើ​តាម​អ្វី​ដែល​ម៉ែ​ប្រាប់​ដែរ”។ ម្ដាយ​និមល​មិន​បាន​និយាយ​តប​អ្វី​ទេ គឺ​បាន​ត្រឹម​តែ​ញញឹម​ដាក់​កូន។

ព្រឹក​នោះ និមល ទៅ​​រៀន​តាម​ធម្មតា។​ គ្រូ​ក៏​សួរ​សិស្ស​ៗ​​ថា បាន​សរសេរ​តែង​សេចក្ដី​ដល់​ណា​​ខ្លះ​ហើយ។ និមល អង្គុយ​ស្ងៀម ព្រោះ​រក​នឹក​សរសេរ​អ្វី​មិន​បាន ហើយ​ក៏​មិន​ទទួល​អារម្មណ៍​ថា​ម្ដាយ​ស្រឡាញ់​ខ្លួន​។ ល្ងាច​ថ្ងៃ​នោះ…

“និមល តោះ​ទៅ​ផ្ទះ”

“អឺម តោះ”

និមល​ដើរ​ត្រលប់​ទៅ​ផ្ទះ​ជាមួយ​មិត្តភ័ក្ដិ និង​សម្លឹង​មើល​ទៅ​ហាង​លក់​នាឡិកា​ដែល​នៅ​​ម្ខាង​ទៀត​នៃ​ផ្លូវ។   “មល មើល​គេ​នាំ​គ្នា​រោម​មើល​អី​នោះ!”

“មាន​គេ​បុក​គ្នា​មែន? តែ​បុក​អី​បុក​ទៅ តោះ​ទៅ​ផ្ទះ”

“មល អ៊ំ​ម្នាក់​នោះ​ជា​អ្នក​លក់​បង្អែម​ដែល​យើង​ហៅ​ទិញ​​ថ្ងៃ​មុន​តើ​នៀក គាត់​​ត្រូវ​ឡាន​បុក!”

និមល​ក៏​នឹក​ឃើញ​ភ្លាម “ម៉ែ!!”

នាង​ប្រញាប់​​ទៅ​​មើល ឃើញ​កញ្ជើ ឆ្នាំង​បង្អែម​បែក​ខ្ចាត់​ខ្ចាយ និង​រាងកាយ​របស់​មនុស្ស​ស្រី​ដែល​ដេក​ដួល​ក្នុង​ថ្លុក​ឈាម​នៅ​ចំពោះ​មុខ... មនុស្ស​ស្រី​ម្នាក់​នោះ​គឺ​ម្ដាយ​របស់​នាង។

“ម៉ែ!!” និមល​ស្រែក​ និង​លើក​​ខ្លួន​ម្ដាយ​បី​ព្រម​ទាំង​ស្រែក​យំ​ស្ទើរ​ទន់​ខ្លួន រហូត​ម្ដាយ​នាង​ភ្ញាក់​ដឹង​ខ្លួន​តិច​ៗ។

“មល ម៉ែ​ស្រឡាញ់​កូន​ណា” ខណៈ​ពេល​នោះ​ម្ដាយ​របស់​នាង​ក៏​លើក​ដៃ​ស្ដាំ​ដែល​ក្ដាប់​ណែន​និង​លា​យឺត​ៗ។ ក្នុង​ដៃ​នោះ​គឺ​នាឡិកា​ដែល​ប្រឡាក់​សុទ្ធ​តែ​ឈាម។

“កូន​ក៏​ស្រឡាញ់​ម៉ែ​ដែរ”

ម្ដាយ​របស់​នាង​ញញឹម​រួច​ហើយ​ក៏​ដាច់​ខ្យល់​ស្លាប់​នៅ​ទី​បំផុត។

“ម៉ែ!!!” និមល​ស្រែក​ឡើង​ម្ដង​ទៀត

នាង​ខូច​ចិត្ត​ខ្លាំង ស្រែក​យំ​ ទឹក​ភ្នែក​ហូរ​ដូច​ភ្លៀង ខណៈ​ដៃ​ក្ដាប់​នាឡិកា​ដែល​ម្ដាយ​ទិញ​ឲ្យ​យ៉ាង​ណែន។

ពេល​នេះ​ទើប​ និមល បាន​​យល់​ពី​អារម្មណ៍​ស្រឡាញ់​របស់​ម្ដាយ​ចំពោះ​នាង

និមល​ បាន​​យល់​ពី​ទឹក​ចិត្ត​របស់​ម្ដាយ

និមល បាន​យល់​ពី​ទឹក​ចិត្ត​ស្រឡាញ់​ដ៏​បរិសុទ្ធ

បន្ទាប់​ពី​នោះ​នាង ក៏​ដើរ​ត្រលប់​ទៅ​ផ្ទះ​វិញ ដោយ​យំ​រហូត​។ ពេល​ទៅ​ដល់​ផ្ទះ នាង​សម្លឹង​មើល​ចាន​បាយ​ដែល​នាង​ទើប​ហូប​ជាមួយ​ម្ដាយ​កាល​ពី​ព្រឹក... កៅអី​ដែល​ម្ដាយ​របស់​នាង​ចូល​ចិត្ត​អង្គុយ... ក្រដាស​តែង​សេចក្ដី… ពេល​នេះ​នាង​ដឹង​ហើយ​ថា​ត្រូវ​សរសេរ​អ្វី​ក្នុង​ក្រដាស​មួយ​សន្លឹក​នោះ។

នាង​បាន​សរសេរ​តែងសេចក្ដី​ដ៏​វែង​បំផុត ដោយ​បាន​និយាយ​ពី​គ្រប់យ៉ាង​ដែល​ម្ដាយ​របស់​នាង​ធ្វើ​ដើម្បី​នាង​​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ​របស់​គាត់ គឺ​គាត់​នៅ​តែ​ធ្វើ​ដើម្បី​នាង ហើយ​ម្ដាយ​របស់​នាង​ទៅ​បាត់ ក៏​ដោយ​សារ​តែ​នាង។

​ថ្ងៃ​បុណ្យ​ម្ដាយ​បាន​មក​ដល់​ សិស្ស​ៗ​គ្រប់​គ្នា​ក៏​នាំ​ម្ដាយ​មក​អង្គុយ​នៅ​កន្លែង​ដែល​ត្រៀម​ទុក ប៉ុន្តែ​កន្លែង​ដែល​ត្រៀម​ទុក​សម្រាប់​ម្ដាយ​របស់ និមល គឺ​បាន​ត្រឹម​ទំនេរ​ចោល។

រូបតំណាង

អត្ថបទ​តែង​សេចក្ដី​របស់​នាង​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១ ដូច្នេះ​ហើយ​គ្រូ​ក៏​បាន​ឲ្យ​នាង​ឡើង​និយាយ​​អំពី​តែង​សេចក្ដី​មួយ​នេះ។ និមល បាន​ឡើង​លើ​វេទិកា និយាយ​រៀបរាប់​គ្រប់​រឿង គ្រប់​យ៉ាង ឲ្យ​គ្រប់​គ្នា​ស្ដាប់ ហើយ​ទាំង​សិស្ស​ៗ​ និង​អាណាព្យាបាល​​ក៏​រលីងរលោង​ទឹក​ភ្នែក​ទៅ​តាម​នាង។

​ខណៈ​ដែល​នាង​កំពុង​និយាយ​អំពី​តែង​សេចក្ដី​របស់​នាង ​ចោល​ភ្នែក​ក្រឡេក​មើល​ជុំវិញ​បន្ទប់​ប្រជុំ ក៏​ឃើញ​ថា​មាន​តែ​កន្លែង​របស់​នាង​ប៉ុណ្ណោះ​ដែល​ទំនេរ​ ដែល​កន្លែង​នោះ​គឺ​ជា​កន្លែង​ដែល​ម្ដាយ​នាង​គួរ​មក​អង្គុយ​ និង​អបអរសាទរ​ជាមួយ​នាង ប៉ុន្តែ​ថ្ងៃ​នេះ​នាង​លែង​មាន​ម្ដាយ​ទៀត​ហើយ

មាន​តែ​នាឡិកា​ដែល​នាង​កំពុង​ពាក់

ហើយ​នាង​​ក៏​សន្យា​នឹង​ខ្លួន​ឯង​ថា

នឹង​ថែ​រក្សា​នាឡិកា​មួយ​នេះ​ឲ្យ​ស្មើ​នឹង​ជីវិត ៕

ប្រភព៖ boonpub ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម