ពេល​ខ្ញុំ​បែកបាក់ស្នេហា​ ខ្ញុំ​បាន​ជួប​រឿង​ទាំង​នេះ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​ដឹង

  • 2017-12-07 07:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​ដំបូង​​ ដែល​ខ្ញុំ​ឃើញ​គេ​ដើរ​ចេញ​ពី​ខ្ញុំ​ដោយ​គ្មាន​ងាយ​ក្រោយ​សូម្បី​បន្តិច ពេល​នោះ​ហើយ​បេះដូង​ខ្ញុំ​ខ្ទេច​ដូច​គេ​ចាក់​ទម្លុះ​គ្មាន​សល់​សាច់។ ទឹក​ភ្នែក​ខ្ញុំ​ស្រក់​បន្ត​គ្នា​សឹង​តែ​គ្មាន​ពេល​ឈប់ ភ្នែក​ខ្ញុំ​ចាប់​ផ្ដើម​ផ្សារ ដង្ហើម​ខ្ញុំ​ក៏​ដក​សឹង​មិន​ដល់​គ្នា។

ប៉ុន្មាន​ថ្ងៃ​ដំបូង​ ខ្ញុំ​ក្រាប​យំ​ក្នុង​បន្ទប់​ស្ទើរ​តែ ២៤ ម៉ោង​លើ​ ២៤ ម៉ោង​ ស្អី​ក៏​ខ្ញុំ​មិន​ធ្វើ សឹង​តែ​បាយ​ក៏​មិន​ញ៉ាំ ទឹក​មិន​ផឹក​ផង។ ខ្ញុំ​នឹក​គេ​ខ្លាំង​ណាស់ ហើយ​ពេល​ខ្លះ​ Call ទៅ​អង្វរ​គេ​ឲ្យ​ត្រឡប់​មក​វិញ​ក៏​មាន និយាយ​រួម​គឺ​សឹង​តែ​មិន​អាច​ទទួល​យក​បាន​ព្រោះ​ការ​ឈឺចាប់​នេះ​ខ្លាំង​ពេក។

១ អាទិត្យ​បន្ទាប់​ ខ្ញុំ​ឈរ​មុខ​កញ្ចក់​មើល​មុខ​ និង​រូប​រាង​ខ្លួន​ឯង​គឺ​ពិត​ជា​គួរ​ឲ្យ​ខ្លាច​ណាស់។ មុខ​ខ្ញុំ​ស្លក់ ស្ងួត ស្រអាប់​សឹង​តែ​មើល​មិន​យល់។ រូបរាង​ខ្ញុំ​ប្រែ​ដូច​មនុស្ស​ដែល​អត់​អាហារ​ញ៉ាំ ស្គម និង​សម្បុរ​ក៏​ស្រអាប់​ជាង​មុន។

ខ្ញុំ​ចាប់​ផ្ដើម​អាណិត​ខ្លួន​ឯង ថា​ហេតុអី​ខ្ញុំ​ធ្លាក់​ខ្លួន​ដល់​ថ្នាក់​នេះ? ខ្ញុំ​ចាប់​ផ្ដើម​ចេញ​ទៅ​ក្រៅ​ម្នាក់​ឯង​សារថ្មី តែ​អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ​នោះ គឺ​ឲ្យ​តែទៅ​ដល់​កន្លែង​ដែល​ខ្ញុំ​ និង​គេ​នៅ​ជាមួយ​គ្នា​ពី​មុន​ខ្ញុំ​យំ​គ្មាន​ចេះ​ខ្មាស​គេ។ ខ្ញុំ​​បានទិញ​អាហារ​ខ្លះ ទឹកដោះ​គោ និង​ផលិត​ផល​ថែរក្សា​មុខ​ខ្លះ​ដើម្បី​ទុក​​ញ៉ាំ និង​ប្រើ​ឡើង​វិញ។

១ ខែ​ក្រោយ​មក​ មុខ និង​រូបរាង​ខ្ញុំ​ល្អ​ដូច​មុន តែ​បេះដូង​ខ្ញុំ​មិន​ដូច​មុន​ទេ​វា​នៅ​តែ​ឈឺ ហើយ​ពេល​ខ្លះ​ខ្ញុំ​សឹង​គ្រប់​គ្រង​វា​មិន​បាន។ ខ្ញុំ​ចាប់​ផ្ដើម​ប្រមូល​របស់របរ​ដែល​ទាក់ទង​នឹង​រឿង​ពី​មុន​ទុក​កប់​ចោល​មិន​ឲ្យ​ឃើញ​ទៀត។ ខ្ញុំ​បាន​ចេញ​ទៅ​ក្រៅ​ជាមួយ​មិត្ត​ភក្តិ តែ​ឲ្យ​តែ​ពួក​គេ​ធ្លោយ​មាត់​និយាយ​ពី​ម្នាក់​នោះ ខ្ញុំ​ចាប់​ផ្ដើម​អួល​ដើម​ក រលីងរលោង​ទឹក​ភ្នែក​ហើយ។

ជាង​ ៣ខែ​ គ្រប់​គ្នា​ចាប់​ផ្ដើម​កប់​រឿង​ពី​មុន​បាត់​មិន​រំលឹក​ទៀត ហើយ​ខ្ញុំ​ក៏​ផ្ដាច់​រឿង​គ្រប់​យ៉ាង​ពី​គេ។ ខ្ញុំ​ចាប់​ផ្ដើម​គ្រាន់​បើ​ជាង​មុន​បន្តិច​ តែ​ពេល​ខ្លះ​ឲ្យ​តែ​ជំងឺ​នឹក​គេ​រើ​ឡើង​ខ្ញុំ​ឈឺចាប់​ដូច​មនុស្ស​ឆ្កួត​អីចឹង។

ជិត​ ១​ឆ្នាំ​ ដែល​ពួក​យើង​បែក​គ្នា តែ​គ្រប់​យ៉ាង​ខ្ញុំ​នៅ​តែ​ចង​ចាំ។ ខ្ញុំ​ចាប់​ផ្ដើម​គ្រប់គ្រង​លើ​ចិត្ត​ខ្លួន​ឯង​បាន​ទោះ​ពេល​ខ្លះ​នឹក​គេ​ក៏​ដោយ។ ការ​ឈឹចាប់​ខ្ញុំ​ក៏​រលាយ​បាត់​ម្ដង​បន្តិច​ៗ ហើយ​ស្នាម​ញញឹម​ខ្ញុំ​ក៏​មាន​ច្រើន​ឡើង​វិញ​ដែរ។

មក​ដល់​ពេល​នេះ​គេ និង​ខ្ញុំ​បែក​គ្នា ៣ ឆ្នាំ​ហើយ តែ​ខ្ញុំ​នៅ​តែ​នឹក​ឃើញ​គេ​ម្ដង​ម្កាល។ មក​ដល់​ពេល​នេះ​ទើប​ខ្ញុំ​យល់​ថា​ការពិត​ខ្ញុំ​អាច​ឆ្លង​កាត់​វា​បាន​ដោយ​ជោគជ័យ​ហើយ ទោះ​បី​ពេល​​នេះខ្ញុំ​ជួប​គេ​ក៏​ខ្ញុំ​មិន​ស្រក់ទឹកភ្នែក​ទៀត​ដែរ។ ខ្ញុំ​អាច​ញញឹម​ដាក់​គេ ហើយ​ក៏​អាច​សួរ​គេ​ថា «​សុខ​សប្បាយ​ទេ?» ។

បទពិសោធន៍​ខូច​ចិត្ត​ទាំង​នេះ គឺ​ខ្ញុំ​ក៏​ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ឆ្លង​វា​ផុត​បាន​ដូច​គ្នា។ មិន​យូរ​ទេ​អ្វីៗ​នឹង​ត្រឡប់​មក​ប្រសើរ​ឡើង​វិញ អ្វី​ដែល​សំខាន់​គឺ​យើង​អាច​ទ្រាំទ្រ និង​ស្រឡាញ់​ខ្លួន​ឯង​ប៉ុណ្ណា។ កុំ​​ព្យាយាម​ត្រឡប់​រក​គេ​វិញ​អី ព្រោះ​គេ​គ្រាន់​ទេ​ជា​អតីត​កាល​តែ​ប៉ុណ្ណោះ៕

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម