ស្រលាញ់​មនុស្ស​អាយុ​ស្មើ​គ្នា ទាំង​ស្រីទាំង​ប្រុស សុទ្ធ​តែ​​អាច​មាន​វិបត្តិ​ដូច​គ្នា

  • 2017-12-05 03:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​មាន​លេស​របស់​គេ ហើយ​មនុស្ស​ស្រី​ក៏​មាន​ហេតុផល​សម្រាប់​ខ្លួន​ឯង​ផង​ដែរ នៅ​ពេល​ដែល​មនោសញ្ចេតនា​លែង​គង់វង្ស​ដូច​គ្រា​ដំបូង។

គេ​តែង​និយាយ​ថា ស្នេហា​មិន​ប្រកាន់​អាយុ វណ្ណៈ ភេទ​ឬ​អ្វី​ទាំង​អស់។ តែ​មិន​មែន​រឿង​នេះ​អាច​យក​មក​ប្រើ​បាន​តែ​ក្នុង​រឿង​ភាគ​ទេ​អី។ សម័យ​នេះ​ហើយ ប្រសិន​បើ​គិត​តែ​ពី​ស្រលាញ់​គ្នា ហើយ​មិន​គិត​អនាគត​យូរ​អង្វែង សួរ​ថា​មនោសញ្ចេតនា​មួយ​នឹង​ដើរ​បាន​ប៉ុណ្ណា?

រូបតំណាង

ខ្ញុំ​សូម​លើក​យក​រឿង​មិត្តភ័ក្ដិ​ខ្ញុំ​មក​និយាយ។ ពួក​គេ​ស្រលាញ់​គ្នា​តាំង​ពី​រៀន​ថ្នាក់​ទី​១១។ ខិត​ចូល​វ័យ​៣០​ឆ្នាំ ក្រោយ​ស្រលាញ់​អស់​៩​ឆ្នាំ ពួក​គេ​ចែក​ផ្លូវ​គ្នា ធ្វើ​ឲ្យ​មិត្តភ័ក្ដិ​ស្ទើរ​តែ​មិន​ជឿ។ បែក​គ្នា​ព្រោះ​ខាង​ប្រុស​មិន​ទាន់​មាន​ទំនុក​ចិត្ត​ពី​រឿង​ហិរញ្ញវត្ថុ​របស់​ខ្លួន ហើយ​មិន​ប្រាកដ​ថា​ខ្លួន​អាច​នាំ​មក​នូវ​សុភមង្គល​ឲ្យ​សង្សារ​ឬ​អត់។ បែក​គ្នា​ព្រោះ យុវភាព​របស់​ខាង​ស្រី​កំពុង​តែ​ខ្សត់ខ្សោយ​ទៅ​តាម​ពេល​វេលា ទើប​ខាង​ស្រី​សម្រេច​ចិត្ត​ដើរ​ចេញ។

ប្រហែល​ជា​មនុស្ស​មួយ​ចំនួន​ធំ​នឹង​នឹក​គិត​ស្ដាយ​ក្រោយ​ឲ្យ​រឿង​ស្នេហា​របស់​គេ តែ​ខ្ញុំ​បែរ​ជា​គិត​ថា​នេះ​គឺ​ផ្លូវ​ដើរ​ដ៏​ត្រឹម​ត្រូវ​ទៅ​វិញ ព្រោះ​ពួក​គេ​បាន​ដោះ​លែង​ឲ្យ​គ្នា​មុន​ពេល​អ្វី​ៗ​ត្រូវ​ហួស​ពេល។ ខាង​ស្រី​នៅ​មាន​ពេល​រក​ស្វាមី​ដ៏​ល្អ​មួយ​ឲ្យ​ខ្លួន​ឯង មុន​ពេល​សម្រស់​របស់​គាត់​ត្រូវ​ចាយ​តាម​ពេល​វេលា។ ខាង​ប្រុស​ក៏​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​រក​បាន​តួ​លេខ​ដែល​គាត់​តែង​ប៉ង​ប្រាថ្នា​ដូច​គ្នា។

មិន​ប្រាកដ​ថា​ជា​កំហុស​របស់​ខាង​ណា​ទាំង​អស់ តែ​គេ​ជឿជាក់​ថា​ចំណង​ស្នេហ៍​របស់​មនុស្ស​អាយុ​ស្មើ​គ្នា​គឺ​ស្ដួច​ស្ដើង​ខ្លាំង​ណាស់។ មនុស្ស​តែង​ស្រមៃ​ពី​អាជីព​ក្នុង​វ័យ​ចុង​ម្ភៃ​ប្លាយ ផ្ទុយ​មក​វិញ ក្នុង​អាយុ​នោះ​ដែរ មនុស្ស​ស្រី​បាន​គិត​ដល់​គ្រួសារ និង​កូន​ៗ​បាត់​ទៅ​ហើយ។ ពួក​គេ​អាច​រង់ចាំ​ឲ្យ​ដៃ​គូ​មាន​ការងារ​ដ៏​ល្អ​មួយ​បាន តែ​គេ​មិន​អាច​ចាំ​ការ​ពន្យារ​អាពាហ៍ពិពាហ៍​បាន​រហូត​នោះ​ឡើយ ព្រោះ​ពេលវេលា​មិន​បាន​ចាំ​នាង​ឡើយ។ ពេល​វេលា​ឃោរឃៅ​ខ្លាំង​ណាស់ គេ​នឹង​ទៅ​​បំផ្លាញ​សម្រស់​របស់​នាង យុវភាព​របស់​នាង ហើយ​បន្សល់​តែ​ស្ត្រី​ទ្រុឌទ្រោម​ម្នាក់​តែ​ប៉ុណ្ណោះ។ តែ​សម្រាប់​មនុស្ស​ប្រុស​វិញ ពេល​ហិរញ្ញវត្ថុ​រឹងមាំ​ហើយ មិន​បាច់​ទៅ​រក ក៏​គូ​ស្រករ​រត់​រក​ដែរ៕

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម